មេដឹកនាំ​ក្រុម​អង្គរក្ស​ផ្ទាល់​របស់ ប៊ី​ន ឡា​ដែន ក្លាយជា​មេបញ្ជាការ​កងទ័ព​រប​ស់ តា​លី​បង់

អូសាម៉ា ប៊ីន ឡាដែន (ស្ដាំ)

ហាក មូ​ចា​ហ៊ី​ដ (Haq Mujahid) មេបញ្ជាការ​របស់​ក្រុម «អង្គរក្ស​ឈុតខ្មៅ» របស់​មេ​ភេរ​វករ អូ​សា​ម៉ា ប៊ី​ន ឡា​ដែន (Osama bin Laden) ត្រូវបាន តា​លី​បង់ តែងតាំង​ជា​មេបញ្ជាការ​នៃ​ទាហាន​មួយក្រុម​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។

«អាន​វ៉ារ អ៊ុ​ល ហាក មូ​ចា​ហ៊ី​ដ (Anwar ul Haq Mujahid) បាន​ត្រលប់​មកវិញ ដោយមាន​ការ​អម​ការពារ​ពី​យានជំនិះ​រាប់រយ​គ្រឿង និង​មនុស្ស​រាប់ពាន់នាក់​ទទួល​ស្វាគមន៍​នៅ​តំបន់ ចា​ឡា​ឡា​បាដ (Jalalabad)» អតីតមន្ត្រី​ចារកម្ម​ជាន់ខ្ពស់​ម្នាក់រ​បស់​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន ចាស់ បានឱ្យដឹង​នៅ​សប្ដាហ៍​នេះ។

អតីតមន្ត្រី​ខាងលើ​បន្ថែមថា ហាក មូ​ចា​ហ៊ី​ដ ត្រលប់​មកវិញ​ជាមួយនឹង​ក្រុមមនុស្ស​ដែល​ធ្លាប់បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​អង្គការ​ភេរវកម្ម អាល់​កៃ​ដា កាលពី​ឆ្នាំ 2001។ ហាក មូ​ចា​ហ៊ី​ដ ត្រូវបាន​គេ​ជឿថា កំពុង​ដឹកនាំ​ទាហាន​មួយក្រុម​របស់ តា​លី​បង់ និង​ទាហាន​ស៊ី បរទេស​មួយក្រុម នៅ​ភាគ​ខាងកើត​នៃ​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន។ នេះ​បើ​តាម​សារ​ព័ត៌មាន​ Daily Mail។

ហ្វី​លី​ព​ប៉ូ រ៉ូ​ស្ស៊ី (Filippo Rossi) និង​មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​អង្គការសហប្រជាជាតិ ក៏បាន​បញ្ជាក់​អំពី​ព័ត៌មាន​ដែលថា ហាក មូ​ចា​ហ៊ី​ដ  ត្រូវបាន តា​លី​បង់ តែងតាំង​ជា​មេបញ្ជាការ​កងទ័ព។

អានវ៉ារ អ៊ុល ហាក មូចាហ៊ីដ (Anwar ul Haq Mujahid)

ហាក មូ​ចា​ហ៊ី​ដ គឺជា​មេដឹកនាំ​ក្រុម «អង្គរក្ស​ឈុតខ្មៅ» (Black Guards) របស់​មេ​ភេរ​វករ អូ​សា​ម៉ា ប៊ិន ឡា​ដែន។ ហាក មូ​ចា​ហ៊ី​ដ ធ្លាប់បាន​ជួយ​ឱ្យ ប៊ិន ឡា​ដែន គេច​ផុតពី​ការតាមប្រមាញ់​របស់​ក​ង​ទ័ព សហរដ្ឋ​អាម៉េរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ឆ្នាំ 2001។

តា​លី​បង់ មិនទាន់​ប្រតិកម្ម​អ្វី​ទៅនឹង​ព័ត៌មាន​ខាងលើ​នៅឡើយ។ កន្លងមក តា​លី​បង់ ធ្លាប់បាន​បដិសេធ​អំពី​ទំនាក់​ទំនងជា​សម្ព័ន្ធមិត្ត​ជាមួយនឹង​ក្រុម អាល់​កៃ​ដា បើទោះជា​អតីត​អគ្គរដ្ឋទូត​របស់ អាម៉េរិក ប្រចាំ អា​ហ្វ​ហ្គា​នី​ស្ថាន លោក រ៉ូ​ណា​លដ៍ នូ​ម៉ាន់ (Ronald Neumann) ប្រកាសថា អាល់​កៃ​ដា នៅតែមាន​វត្តមាន​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ តា​លី​បង់។

អ្នកនាំពាក្យ​របស់ តា​លី​បង់ លោក ហ្សា​ប៊ី​ល​ហ៊ុ​ល្លា មូ​ចា​ហ៊ី​ដ (Zabihullah Mujahid) កាលពី​ខែ​មុន​បានប្រកាស​ថា ពុំមាន​ភ័ស្ដុតាង​ណាមួយ​បញ្ជាក់ថា អូ​សា​ម៉ា ប៊ី​ន ឡា​ដែន គឺជា​មេខ្លោង​នៃ​អំពើ​ភេរវកម្ម​នៅ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 11 កញ្ញា​នោះឡើយ បើទោះជា ប៊ី​ន ឡា​ដែន ធ្លាប់បាន​ទទួលស្គាល់​នៅក្នុង​ខ្សែអាត់​សំឡេង៕

Advertisement