អាជ្ញាធរ​ថៃ ចាប់ខ្លួន​​មន្ត្រី​ប៉ូលិស​ថ្នាក់​វរសេនីយ៍ឯក​ម្នាក់ ដែលមាន​រថយន្ត​ទំនើប​ជាង 40 គ្រឿង

ក្រោយពី​បាន​ចាប់ខ្លួន​វរសេនីយ៍ឯក Thitisan Utthanaphon ដោយ​ជាប់​ទាក់ទិន​នឹង​ការធ្វើ​ទារុណកម្ម​លើ​ជនសង្ស័យ ក្រុមមន្ត្រី​ថៃ ក៏បាន​រកឃើញថា មន្ត្រីប៉ូលិស​រូបនេះ មាន​រថយន្ត​ទំនើប​រហូតដល់ 42 គ្រឿង។

Thitisan Utthanaphon អាយុ 41 ឆ្នាំ ជា​អតីត​ស្នងការ​ប៉ូលិស នៅ​ទីក្រុង Nakhon Sawan ដែល​ស្ថិតនៅ​ភាគ​កណ្ដាល​ប្រទេស​ថៃ កាលពី​ថ្ងៃទី 11 កញ្ញា ត្រូវបាន​ចោទប្រកាន់​ពីបទ​សម្លាប់​មនុស្ស រំលោភ​អំណាច រួម​នឹង​បទចោទប្រកាន់​ជាច្រើន​ផ្សេងទៀត។ Thitisan Utthanaphon ត្រូវបាន​គេ​ជឿថា បានធ្វើ​ទារុណកម្ម បណ្ដាលឱ្យ​ជនសង្ស័យ​ទាក់ទង​​នឹង​​គ្រឿង​ញៀន​​ម្នាក់​​ស្លាប់​​ដោយសារ​ថប់ដង្ហើម ព្រោះតែ​ត្រូវបាន​គេ​រុំ​ក្បាល​នឹង​ថង់​ប្លា​ស្ទិ​ក 6 ជាន់ កាលពី​ខែសីហា។ នេះ​បើតាម​សារព័ត៌មាន AFP។

ករណី​ស្លាប់​ខាងលើ​ត្រូវបាន​ការិយាល័យ​ស្នងការ​ប៉ូលិស​របស់ Thitisan Utthanaphon បិទបាំង និង​កត់ត្រា​ចូល​កំណត់​ហេតុថា ស្លាប់​ដោយសារ​ប្រតិកម្ម​ថ្នាំ។ ក៏ប៉ុន្តែ មេធាវី​ម្នាក់​បាន​បង្ហើប​ឱ្យដឹងពី​មូលហេតុ​នៃ​ការស្លាប់​របស់​ជនសង្ស័យ​នៅលើ​បណ្ដាញ​សង្គម។ បន្ទាប់មក Thitisan ក៏ត្រូវ​បាន​ផ្ទេរ​ទៅ​ខេត្ត​ក្បែរ​ខាង ដោយសារតែ​អន្តរាគមន៍​ពី​ឪពុក​មិត្តស្រី។

មេធាវី​មួយរូប​ទៀត​ក៏បាន​បន្ត​បញ្ចេញ​វីដេអូ​ដែល​ថ្នាក់ក្រោម​ម្នាក់​របស់ Thitisan ថត​បាន ដែល​បង្ហាញថា Thitisan ច្របាច់ក​ជនសង្ស័យ​ដែល​កំពុង​ជាប់​ខ្លោះ ខណៈ​អ្នកផ្សេង​ចាប់​ដៃជើង។ វីដេអូ​នេះ​ត្រូវបាន​គេ​ចែករំលែក​ពេញ​បណ្ដាញ​សង្គម ធ្វើឱ្យ​ប៉ូលិស​ត្រូវ​ចាប់ Thitisan រួម​នឹង​មន្ត្រី​មួយចំនួន។ Thitisan បាន​បដិសេធ​រាល់​ការចោទប្រកាន់។

មេធាវី Sittra Biabungkerd ដែលជា​អ្នក​បង្ហោះ​វីដេអូ​ខាងលើ បានឱ្យដឹងថា ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ទាប់​ស្កាត់​ប៉ូលិស «ជួយ​គ្នាឯង​ឱ្យ​រួច​ពី​ទោស​មនុស្សឃាត»។

«មនុស្ស​ជាច្រើន​អាច​យល់ឃើញថា ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ដើម្បី​សួរចម្លើយ​ជនសង្ស័យ លែងមានទៀតហើយ ព្រោះតែ​សម័យកាល​បាន​ប្ដូរផ្លាស់។ ប៉ុន្តែ តាមពិត វា​នៅតែ​កើតមានឡើង​ដោយ​សម្ងាត់» មេធាវី​ខាងលើ​បន្ថែម។

ក្រោយពី Thitisan ត្រូវបាន​ចាប់ខ្លួន សារព័ត៌មាន​នានា​នាំគ្នា​បើក​កកាយ​អំពី​ការរស់នៅ​ប្រកបដោយ​ភាព​ហ៊ឺហា និង​មាន​ទំនាក់​ទំនងជា​មួយក្រុម​មនុស្ស​ល្បីឈ្មោះ​របស់​ជង​នេះ។ ក្រុម​អ្នកស៊ើប​អង្កេត​ក៏បាន​រកឃើញថា Thitisan មាន​ភូមិគ្រឹះ​ប្រណិត​មួយ​នៅ បាងកក, រថយន្ត​ទំនើប 42 គ្រឿង ក្នុងនោះ​ក៏មាន Lamborghini Aventador 1 គ្រឿង តម្លៃ 1.5 លាន​ដុល្លារ និង​ទ្រព្យសម្បត្តិ​ប្រមាណ 18 លាន​ដុល្លារ បើ​ទោះ​ប្រាក់ខែ​របស់​ជននេះ​ត្រឹម​ប្រហែល 40,000 បាត/ខែ (ជិត 1,200 ដុល្លារ)។

Thitisan Utthanaphon ត្រូវបានគេជឿថា បានធ្វើទារុណកម្ម បណ្ដាលឱ្យជនសង្ស័យទាក់ទងនឹងគ្រឿងញៀនម្នាក់ស្លាប់

«មនុស្ស​ម្នាក់​ដែលមាន​ប្រាក់ខែ​កម្រិត​នេះ បែរជា​អាច​ទិញ​រថយន្ត​បាន​ជាង 40 គ្រឿង បូករួម​ទាំង​រថយន្ត​ធុន​ថ្លៃ» Srisuwan Janya ដែលជា​សកម្មជន​ប្រឆាំង​អំពើពុករលួយ បញ្ចេញមតិ​ដូច្នេះ និង​បានឱ្យដឹងថា អង្គភាព​ប្រឆាំង​អំពើ​លាងលុយកខ្វក់​ត្រូវបាន​ស្នើឱ្យ​ស្រាវជ្រាវ​លើ​ទ្រព្យសម្បត្តិ​របស់ Thitisan។

មួយផ្នែក​នៃ​ទ្រព្យ​របស់ Thitisan គឺ​បានមកពី​ការដេញថ្លៃ​រថយន្ត​ទំនើប​នាំចូល​រាប់រយ​គ្រឿង​ដែល​ត្រូវបាន​ស្ថាប័នគយ​របស់​ប្រទេស​ថៃ រឹបអូស។ ក្រុមមន្ត្រី​ស៊ើបអង្កេត​គ្រោង​នឹង​បញ្ជូន​សំណុំរឿង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថ្នាក់ជាតិ នៅ​ថ្ងៃទី 24 កញ្ញា មុនពេល​សម្រេច​ស្នើ​តុលាការ​កាត់ទោស៕

Advertisement