អង់គ្លេស ឱ្យ កូរ៉េខាងត្បូង ខ្ចី​វ៉ាក់សាំង COVID-19 មួយ​លាន​ដូ​ស

ប្រទេស​អង់គ្លេស បានសម្រេច​ចិត្ត​ឱ្យ កូរ៉េខាងត្បូង ខ្ចី​វ៉ាក់សាំង Pfizer ចំនួន 1 លាន​ដូ​ស ទៅតាម​កិច្ចព្រមព្រៀង​ដោះដូរ ហើយ ទីក្រុង​សេ​អ៊ូ​ល នឹង​សង​វិញ​នៅ​ចុងឆ្នាំ។

«ដោយ​វិធីសាស្ត្រ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​មិត្ត កូរ៉េខាងត្បូង ការសម្រេចចិត្ត​ដោះដូរ​វ៉ាក់សាំង​នឹង​គ្នា​នេះ នឹង​ជួយ​បង្កើនល្បឿន​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់ ប្រទេស​កូរ៉េខាងត្បូង ព្រមទាំង​មិន​ប៉ះពាល់​ដល់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់ អង់គ្លេស ផងដែរ» រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អង់គ្លេស Sajid Javid ប្រកាស​ដូច្នេះ​កាលពី​ថ្ងៃទី 22 កញ្ញា។

រដ្ឋាភិបាល​អង់គ្លេស បានឱ្យដឹងថា នេះ​គឺជា​វ៉ាក់សាំង Pfizer ចំនួន 1 លាន​ដូ​ស ដែល​ប្រទេស​នេះ​មិនទាន់​ត្រូវការ​ប្រើប្រាស់ភ្លាមៗ ហើយ​អាច​ត្រូវបាន​ប្រើប្រាស់​លឿន​ជាង​នៅ កូរ៉េខាងត្បូង។

នាយកដ្ឋាន​សុខាភិបាល​និង​ថែទាំ​សង្គម (DHSC) របស់ ប្រទេស​អង់គ្លេស បានឱ្យដឹងថា កូរ៉េខាងត្បូង នឹង​សង​មកវិញ​ទាំងអស់​នៅ​ចុងឆ្នាំ 2021។

DHSC បន្ថែមថា ការព្រមព្រៀង​នេះ​នឹង​ជួយ​ឱ្យ កូរ៉េខាងត្បូង សម្រេចបាន​គោលដៅ 70% នៃ​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​សរុប នៅ​ចុងខែ​តុលា។ ឈុត​វ៉ាក់សាំង​ដំបូង​នឹងត្រូវ​បាន អង់គ្លេស ដឹក​ទៅដល់ កូរ៉េខាងត្បូង នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។

នៅក្នុង​ខែ​នេះដែរ អង់គ្លេស និង​អូស្ត្រាលី ក៏បាន​ព្រមព្រៀង​ដោះដូរ​វ៉ាក់សាំង COVID-19 ដូចគ្នានេះដែរ។ អង់គ្លេស បាន​ដឹក​វ៉ាក់សាំង Pfizer ចំនួន 4 លាន​ដូ​ស ទៅឱ្យ អូស្ត្រាលី រួចហើយ។

កាលពី​ខែកក្កដា កូរ៉េខាងត្បូង ក៏​ទទួលបាន​វ៉ាក់សាំង Pfizer ចំនួន 700,000 ដូ​ស ជិត​ផុត​កាលកំណត់ ដែល អ៊ីស្រាអែល មិនទាន់​ត្រូវ​ការប្រើ។ អ៊ីស្រាអែល នឹង​ទទួលបាន​វ៉ាក់សាំង Pfizer ដែល កូរ៉េខាងត្បូង នឹង​សង​នៅ​ខែកញ្ញា និង​តុលា៕

Advertisement