(វីដេអូ)-បន្លំ​ខ្លួន​ជា​មេធាវី ​ចូល​ទៅ​​បាញ់​សម្លាប់​​មេ​បងធំ​ល្បីឈ្មោះ​ជាងគេ ដល់​ក្នុង​តុលាការ

(ឥណ្ឌា)- Jitendra Gogi មេ​បងធំ​ដ៏​ល្បីឈ្មោះ ត្រូវបាន​ខ្មាន់កាំភ្លើង​ពីរ​នាក់​បាញ់សម្លាប់​នៅក្នុង​បន្ទប់​កាត់ក្ដី​របស់​តុលាការ នា ទីក្រុង​ដែ​លី (Delhi)។

មេ​បងធំ​ខាងលើ​ដែល​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​តាម​ចាប់ខ្លួន​បំផុត​នៅ​ប្រទេស​ឥណ្ឌា កាលពី​ម្សិលមិញ​ត្រូវបញ្ជូន​ឡើង​តុលាការ​មួយ​នៅក្នុង​ខណ្ឌ Rohini ដែល​ស្ថិតក្នុង​រដ្ឋធានី​ញូវដែលី។ ប៉ុន្តែ នៅពេល​ចៅក្រម​កំពុង​កាត់ក្ដី ក៏​ស្រាប់​តែមាន​បុរស​ពីរ​នាក់​ដែល​បន្លំ​ខ្លួន​ជា​មេធាវី ដក​កាំភ្លើង​បាញ់ប្រហារ។

សាក្សី​បានឱ្យដឹងថា ស្នូរ​គ្រាប់កាំភ្លើង​ប្រហែល 10 គ្រាប់ បាន​ផ្ទុះឡើង​នៅក្នុង​បន្ទប់​កាត់ក្ដី។ ខ្មាន់កាំភ្លើង​ពីរ​នាក់ បាញ់ប្រហារ​ជាច្រើន​គ្រាប់​ទៅលើ Gogi មុនពេល​ត្រូវ​ប៉ូលិស​ការពារ​តុលាការ បាញ់សម្លាប់។

ប៉ូលិស​ឱ្យដឹងថា ខ្មាន់កាំភ្លើង​ដែល​បាន​បាញ់សម្លាប់ Gogi គឺជា​សមាជិក​របស់​ក្រុម​ដែលជា​គូប្រជែង។ វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​បង្ហាញថា ក្រុម​មេធាវី និង​សាក្សី រត់​យករួចខ្លួន​ចេញមក​ខាងក្រៅ​បន្ទប់​តុលាការ នៅពេល​ស្នូរ​គ្រាប់កាំភ្លើង​ផ្ទុះឡើង។

Gogi អាយុ​ប្រហែល 30 ឆ្នាំ ជាប់​ទាក់ទិន​នឹង​ករណី​ជម្លោះ​បងធំ បងតូច​ដ៏​សាហាវ រួម​នឹង​ករណី​សម្លាប់​មនុស្ស ប្លន់​ទ្រព្យសម្បត្តិ និង​ចាប់ជំរិត​នៅ ទីក្រុង​ដែ​លី និង​រដ្ឋ​ជាច្រើន​នៅ​ភាគ​ខាងជើង​នៃ ប្រទេស​ឥណ្ឌា។ Gogi ត្រូវបាន​ចាប់ខ្លួន​កាលពី​ឆ្នាំ 2016 ប៉ុន្តែ ក្រោយមក​ក៏បាន «ហែក​គុក» រត់​បាត់ស្រមោល។

ជននេះ​បាន​ក្លាយជា​គោលដៅ​នៃ​ការតាមប្រមាញ់​ពី​ក្រុម​ជា​គូសត្រូវ និង​ក្រុមប៉ូលិស។ សារព័ត៌មាន ឥណ្ឌា បានឱ្យដឹងថា ក្រុមបងធំផ្សេងៗ បាន​យក​ក្រុម​របស់ Gogi ជាស​ត្រូវ បន្ទាប់ពី​ត្រូវ​ដណ្ដើម​ទឹកដី។

ប៉ូលិស ឥណ្ឌា បាន​និយាយថា Gogi ត្រូវបាន​ចាប់ខ្លួន​ត្រលប់​មកវិញ​កាលពី​ខែមីនា ឆ្នាំ 2020 នៅពេល​ចូលរួម​ប្រយុទ្ធ​តតាំង​នឹង​ក្រុមបងធំ Tillu ដើម្បី​ដណ្ដើម​កាន់កាប់​ទឹកដី​នៅ​ភាគ​ខាងជើង​ប្រទេស។

ករណី​ខ្មាន់កាំភ្លើង​សម្លាប់ Gogi ធ្វើឱ្យ​មនុស្ស​មិនតិច​នោះទេ​ដែល​សង្ស័យ​ទៅលើ​ប្រព័ន្ធ​សន្តិសុខ​នៅ​តុលាការ​របស់ ឥណ្ឌា។ តុលាការ​ខណ្ឌ Rohini ជា​កន្លែង​ដែល​ទទួល​ពាក្យបណ្ដឹង​ច្រើន​ករណី​ដែល​ទាក់ទង​នឹង​បទល្មើសធំៗនៅ​ប្រទេស​នេះ៕

Advertisement