«រាជបុត្រី Wuawei» វិល​ចូល​ប្រទេស​ក្រោយ​ការដោះលែង! មនុស្ស 430 លាន​នាក់ ចូល​ទស្សនា​ការផ្សាយ​ផ្ទាល់

លោក​ស្រី Meng Wanzhou

ការផ្សាយ​ផ្ទាល់​អំពី​ព្រឹត្តិការណ៍ Meng Wanzhou ត្រលប់មក​ប្រទេស​វិញ របស់​ស្ថានីយទូរទស្សន៍​ចិន មាន​អ្នកទស្សនា​ជិត 430 លាន​នាក់ និង​ការ​ចុច​ចូលចិត្ត​ចំនួន 400 លាន​លើក។

ព័ត៌មាន​ខាងលើនេះ​ត្រូវបាន​ប្រធាន​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន CMG (China Media Group) លោក Shen Haixiong លើកឡើង​កាលពី​ថ្ងៃទី 26 កញ្ញា នៅ​ទីក្រុង​សៀង​ហៃ។

ទូរទស្សន៍​ចិន កាលពី​យប់​ថ្ងៃទី 25 កញ្ញា បាន​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍ Meng Wanzhou ដែល​ត្រូវគេ​ស្គាល់​ថា​ជា «រាជបុត្រី Huawei» ត្រលប់​មកដល់​ព្រលានយន្តហោះ Shenzhen Bao’an ក្រោយ​ត្រូវបាន​ឃាត់ខ្លួន​មិនឱ្យ​ចេញពី​ប្រទេស​កាណាដា អស់​រយៈពេល 3 ឆ្នាំ។ ព្រឹត្តិការណ៍​នេះ​ក៏ត្រូវ​បាន​ផ្សាយ​ផ្ទាល់​នៅលើ​បណ្ដាញ​សង្គម​នានា​ផងដែរ។

យោងតាម​លោក Shen Haixiong ពលរដ្ឋ​ប្រមាណ 400 លាន​នាក់ ដែល​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​នៅ​ប្រទេស​ចិន (ខ្ពស់ជាង​ចំនួន​ប្រជាជន​សរុប​របស់ សហរដ្ឋ​អាម៉េរិក និង កាណាដា) បាន​ចុច​ចូលចិត្ត (Like) លើ​ព័ត៌មាន​ផ្សាយ​ផ្ទាល់​នៅលើ​ថ្នាល​បច្ចេកវិទ្យា​របស់ CMG។ «នេះ​គឺជា​ការចង់បាន​របស់​គ្រប់គ្នា» ប្រធាន​ក្រុមហ៊ុន CMG ថ្លែង​ដូច្នេះ។ «ប្រទេសជាតិ​តែងតែ​ជាទី​ពឹង​ដ៏​រឹងមាំ​សម្រាប់​ប្រជាជន​ចិន»។

Michael Spavor (ស្ដាំ លើ),​ Michael Kovrig (ស្ដាំ) និង Meng Wanzhou (ឆ្វេង)

Meng Wanzhou ត្រូវបាន​ដោះលែង​បន្ទាប់ពី​មានការ​ព្រមព្រៀង​ជាមួយនឹង​តុលាការ​នៅ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 24 កញ្ញា។ ប៉ុន្មាន​ម៉ោង​ក្រោយមក ប្រទេស​ចិន ក៏បាន​ដោះលែង​ពលរដ្ឋ​កាណាដា 2 នាក់ គឺ Michael Kovrig និង Michael Spavor ក្រោយពី​បានអនុញ្ញាត​ឱ្យ​ពួកគេ​នៅក្រៅ​ឃុំ​ដោយ​មូលហេតុ​សុខភាព។ Michael Kovrig និង Michael Spavor ត្រូវបាន​ចាប់ខ្លួន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោកស្រី Wanzhou ត្រូវ​ភាគី​ប្រទេស​កាណាដា ឃុំខ្លួន​ទៅតាម​សំណើ​របស់ សហរដ្ឋ​អាម៉េរិក។

មុន​ការមកដល់​របស់​យន្ត​ហោះ​ដឹក​លោកស្រី Wanzhou គេ​ឃើញ​មាន​ជនជាតិ​ចិន រាប់រយ​នាក់ ប្រមូលផ្ដុំ​គ្នា​នៅ​ព្រលានយន្តហោះ Shenzhen Bao’an និង​បាន​នាំយក​បដា​សរសេរ​ពាក្យ​ស្លោក​ជាច្រើន​ដើម្បី​ទទួល​ស្វាគមន៍​នាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei រូបនេះ។ «ចុងក្រោយ ខ្ញុំ​ក៏បាន​ត្រលប់មក​ផ្ទះ» លោកស្រី Wanzhou និយាយ​ដូច្នេះ។

លោកស្រី Wanzhou បាន​អរគុណ​ដល់​គ្រប់គ្នា​ដែល​បាន​យកចិត្តទុកដាក់ និង​ជួយ​ដល់​លោកស្រី ពិសេស​គឺ​ប្រធានាធិបតី​ចិន លោក Xi Jinping។

ប្រទេស​ចិន បាន​ចោទប្រកាន់​ប្រទេស​កាណាដា ថា «ស្ដាប់បង្គាប់ អាម៉េរិក» នៅពេល​ចាប់ខ្លួន​លោកស្រី Wanzhou ដែលជា​មនុស្ស​ម្នាក់​ត្រូវគេ​ជឿថា នឹង​ក្លាយជា​មេដឹកនាំ​របស់ Huawei នាពេល​អនាគត ព្រមទាំង​បាន​ចោទ សហរដ្ឋ​អាម៉េរិក ថា វាយប្រហារ​ផ្នែក​នយោបាយ​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei។

ករណី​ចាប់ខ្លួន​លោកស្រី Wanzhou ត្រូវបាន​គេ​យល់ថា ស្ថិតក្នុង​យុទ្ធនាការ​ធំ​មួយ ដែល សហរដ្ឋ​អាម៉េរិក ធ្វើ​ឡើង​ សំដៅ​លើ​ Huawei ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​ត្រូវបាន​ទីក្រុង​វ៉ា​ស៊ី​ង​តោន សង្ស័យថា មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធជាមួយ​​នឹង​រដ្ឋាភិបាល ក៏ដូចជា​កងទ័ព​ចិន។

ក៏ប៉ុន្តែ ការចោទប្រកាន់​របស់ សហរដ្ឋ​អាម៉េរិក តែងតែ​ត្រូវបាន Huawei ច្រានចោល ដោយ​អះអាងថា សហរដ្ឋ​អាម៉េរិក មានបំណង​បង្ក​ឧបសគ្គ​ដល់​ការរីកចម្រើន​របស់​ក្រុមហ៊ុន​នេះ ព្រោះថា ពុំមាន​ក្រុមហ៊ុន​ណាមួយ​របស់ សហរដ្ឋ​អាម៉េរិក ផ្ដល់​សេវាកម្ម​តម្លៃ​ទាប​ដូច Huawei។ ចំណែក​រដ្ឋាភិបាល​ចិន វិញ ក៏បាន​ចោទថា ការវាយប្រហារ​សំដៅ Huawei ពី​សំណាក់ សហរដ្ឋ​អាម៉េរិក គឺជា​ហេតុផល​នយោបាយ ដើម្បី​ធ្វើឱ្យ​កម្លាំង​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ធ្លាក់ចុះ៕

Advertisement