អាម៉េរិក បង្កើត​ក្រុម​នាវា​ពិឃាដ ជំនាញ​ក្នុងការ​ប្រមាញ់​នាវាមុជទឹក​របស់ រុស្ស៊ី

កងទ័ពជើងទឹក​រប​ស់ សហរដ្ឋ​អាម៉េរិក បង្កើត​ក្រុម​ប្រយុទ្ធ​ថ្មី​មួយ ដែល​រួមមាន​ទាំង​ក្រុម​នាវា​ពិឃាត ជំនាញ​ខាង​តាម​ប្រមាញ់​នាវាមុជទឹក​របស់ ប្រទេស​រុស្ស៊ី ក្នុង​បំណង​ការពារ​ប្រទេសជាតិ​ឱ្យបាន​ល្អ​ជាង​មុន នៅ​ចំពោះមុខ​ការគំរាមកំហែង​នានា​ផ្នែក​សន្តិសុខ​លើ​ផ្ទៃសមុទ្រ។

ក្រុម​ទទួលខុសត្រូវ Greyhound នឹង​រួមមាន​ទាំង​នាវា​ពិឃាត​ដែលមាន​ជំនាញ​ខាង​ប្រមាញ់​នាវាមុជទឹក មកពី​កង​នាវា​អា​ត្ល​ង់​ទិ​ក ដែល​បោះទ័ព​នៅ​ឆ្នេរ​ខាងកើត​របស់ សហរដ្ឋ​អាម៉េរិក ដោយមាន​លទ្ធភាព​ទប់​ទល់នឹង​ការគំរាមកំហែង​ក្នុង​រយៈពេល​ខ្លី។ នេះ​បើតាម​ការ​ឱ្យដឹងពី ឧ​ត្ត​មនា​វី​ទោ Brendan McLane មេបញ្ជាការ​កងទ័ពជើងទឹក​ប្រចាំ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក។

នាវាពិឃាត​ USS Donald Cook

ឧ​ត្ត​មនា​វី​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​នាំឱ្យមាន​ការបង្កើត​ក្រុម​ថ្មី​នេះ ក៏​ដោយសារតែ «គូប្រជែង​សំខាន់​របស់​យើង បានដាក់​ពង្រាយ និង​បន្តធ្វើ​ទំនើបកម្ម​ប្រកបដោយ​ភាពបត់បែន និង​សក្ដានុពល នាំឱ្យ​ប្រទេសជាតិ​របស់​យើង ប្រឈម​នឹង​គ្រោះថ្នាក់»។ លោក​បន្តថា ក្រុម Greyhound នេះ នឹង​ពង្រីក​សមត្ថភាព​លេចធ្លោ​របស់​កងទ័ព ដោយ​ការ​អភិ​វ​ឌ្ឈ​ជំនាញ​ជា​យុទ្ធសាស្ត្រ​ក្នុងការ​ប្រមាញ់​នាវាមុជទឹក និង​ប្រើប្រាស់​ក្រុម​អ្នកជំនាញ​ដើម្បី​ដឹកនាំ​សង្គ្រាម​ប្រមាញ់​នាវាមុជទឹក។

លោក McLane ឱ្យដឹងថា បើសិនជា​នាវា​បរទេស​រុល​ចូលដល់​តំបន់​ធ្វើ​ដែល​ក្រុម Greyhound កំពុង​ធ្វើ​សកម្មភាព ភ្លាមនោះ​នាវា​ពិឃាដ 2 គ្រឿង​របស់​ក្រុម​នេះ​នឹង​ត្រៀម​ជាស្រេច​សម្រាប់​ទប់ទល់។ នាវា​ពិឃាដ USS Thomas Hudner និង USS Donald Cook ត្រូវបាន​ជ្រើសរើស​ឱ្យបំពេញ​ភារកិច្ច​នេះ ដោយសារ​មានបទពិសោធន៍​ច្រើន​ក្នុងការ​ប្រមាញ់​នាវាមុជទឹក។ នាវា​ពិឃាដ USS Cole និង USS Gravely តាម​ផែនការ ក៏​នឹងត្រូវ​ចូលរួម​ជាមួយ​ក្រុម Greyhound នេះដែរ។

នាវាមុជ​ទឹក​របស់​ រុស្ស៊ី Boreas តែ​ NATO ដាក់​ឈ្មោះ​ឱ្យ​ថា Borei

កងទ័ពជើងទឹក អាម៉េរិក បាន​ទទួលស្គាល់ថា នាវាមុជទឹក​របស់ រុស្ស៊ី ច្រើន​ឆ្នាំ​មកនេះ កាន់តែ​ធ្វើ​សកម្មភាព​នៅក្នុង​តំបន់​សមុទ្រ​ចន្លោះ ហ្គ្រី​ន​ឡែ​ន-អ៊ី​ស្លង់-អង់គ្លេស ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​មហាសមុទ្រ​អា​ត្ល​ន់​ទិ​ក៕

Advertisement