ស្ដេច​ប្រដាល់​របស់ ហ្វ៊ី​លី​ពី​ន ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ជា​ផ្លូវការ

កំពូល​អ្នក​ប្រដាល់​ដែល​ទើបតែ​ចូលនិវត្តន៍ លោក Manny Pacquiao បាន​ក្លាយជា​មនុស្ស​ដំបូង​គេ​ដែល​ដាក់ពាក្យ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​របស់ ប្រទេស​ហ្វ៊ី​លី​ពី​ន សម្រាប់​អាណត្តិ​ថ្មី។

«អាទិភាព​របស់ខ្ញុំ​គឺ ការដោះស្រាយ​បញ្ហា​វិបត្តិ COVID-19 ដើម្បី​អាច​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ» លោក Pacquiao ថ្លែង​នៅ​ចំពោះមុខ​ក្រុមអ្នកកាសែត​នា​ថ្ងៃនេះ នៅពេល​រួម​ដំណើរ​ជាមួយ​ភរិយា និង​សហការី Lito Atienza ទៅ​ដាក់ពាក្យ​ឈរឈ្មោះ​ជា​ផ្លូវការ​ដើម្បី​ក្លាយជា​បេក្ខភាព​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ហ្វ៊ី​លី​ពី​ន ដែល​នឹង​ត្រូវបាន​ធ្វើឡើង​នៅ​ខែឧសភា ឆ្នាំ 2022។

នៅតាម​បណ្ដោយ​ផ្លូវ​ឆ្ពោះទៅកាន់​ការិយាល័យ​ទទួល​ឯកសារ​ឈរឈ្មោះ​បោះឆ្នោត​នៅ រដ្ឋធានី​ម៉ា​និល លោក Pacquiao ទទួលបាន​ការគាំទ្រ ការស្រែក​ហ៊ោ​លើកទឹកចិត្ត​ពី​ហ្វូងមនុស្ស ក្នុងនោះ​មាន​អ្នកខ្លះ​លើក​បដា​ដែល​សរសេរថា «ឆ្ពោះទៅមុខ Pacman» ។ល។ Pacman គឺជា​សហ័ស​នាម​របស់​ស្ដេច​ប្រដាល់​រូបនេះ។

លោក Pacquiao មាន​អាយុ 42 ឆ្នាំ បានឱ្យដឹងថា លោក​មិន​យកចិត្តទុកដាក់​នឹង​លទ្ធផល​នៃ​ការស្ទង់មតិ​សាធារណជន ដែល​បាន​បង្ហាញថា លោក​ឈរ​លំដាប់​ទី​បួន​នោះទេ។ លោក​បន្ថែមថា៖ «សំឡេង​របស់​អ្នកក្រ មិនត្រូវ​បាន​គេ​ស្ដាប់»។

ស្ដេចប្រដាល់រូបនេះ ធ្លាប់ក្លាយជាជើងឯកផ្នែកប្រដាល់ពិភពលោករហូតដល់ 8 លើក ដោយឈ្នះ 56 ប្រកួត, ចាញ់ 3 ប្រកួត និងស្មើ 2 ប្រកួត

លទ្ធផល​នៃ​ការស្ទង់មតិ​ថ្មី ដែល​ត្រូវបាន​ធ្វើឡើង​ចំពោះ​ជនជាតិ​ហ្វ៊ី​លី​ពី​ន ចំនួន 2,400 នាក់ បង្ហាញថា អត្រា​នៃ​ការគាំទ្រ​ចំពោះ Pacquiao បាន​កើន​ពី 8% ឡើងដល់ 12% ប៉ុន្តែ នៅតែ​ឈរ​លំ​បាប់​ទី​បួន។ បុគ្គល​នាំមុខគេ​នៅក្នុង​លទ្ធផល​នៃ​ការស្ទង់មតិ​នេះ​គឺ Sara Duterte ដែលជា​អភិបាលក្រុង Davao និង​ជា​កូនស្រី​របស់​ប្រធានាធិបតី Rodrigo Duterte ដោយមាន​អត្រា​គាំទ្រ 20%។

ស្ដេច​ប្រដាល់​របស់ ហ្វ៊ី​លី​ពី​ន បាន​ចូលប្រលូក​ក្នុង​វិស័យ​នយោបាយ​ចាប់ពី​ឆ្នាំ 2010 ក្នុងនាម​ជា​តំណាងរាស្ត្រ មុនពេល​ត្រូវបាន​បោះឆ្នោត​ចូល​សភា​ជាន់ខ្ពស់។ លោក Pacquiao ទទួលបាន​ការស្រលាញ់​ចូលចិត្ត​ខ្លាំង​នៅ ហ្វ៊ី​លី​ពី​ន ដោយសារ​តែមាន​សន្ដាន​ចិត្តល្អ និង​ប្រឹងប្រែង​រលាស់​ខ្លួន​ចេញពី​ភាពក្រីក្រ និង​ក្លាយជា​អ្នក​ប្រដាល់​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​មួយរូប​នៅក្នុង​ពិភពលោក។ ស្ដេច​ប្រដាល់​រូបនេះ ធ្លាប់​ក្លាយជា​ជើងឯក​ផ្នែក​ប្រដាល់​ពិភពលោក​រហូតដល់ 8 លើក ដោយ​ឈ្នះ 56 ប្រកួត, ចាញ់ 3 ប្រកួត និង​ស្មើ 2 ប្រកួត។

ក្រោយពី​យល់ព្រម​តាម​សំណើ​ធ្វើជា​បេក្ខភាព​ប្រធានាធិបតី​របស់​ក្រុម​ដែល​លោក​ដឹកនាំ​នៅក្នុង​បក្ស​កាន់អំណាច PDP-Laban កាលពី​ថ្ងៃទី 19 កញ្ញា Pacquiao បាន​សន្យាថា ប្រឆាំងនឹង​អំពើពុករលួយ​នៅក្នុង​រដ្ឋាភិបាល។ ស្ដេច​ប្រដាល់​រូបនេះ កាលពី​ថ្ងៃទី 29 កញ្ញា បានប្រកាស​ចូលនិវត្តន៍ ដើម្បី​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត។

ក្រុមអ្នកវិភាគ​អះអាងថា ស្នាដៃ និង​ជោគជ័យ​នៅក្នុង​វិស័យ​ប្រដាល់ រួម​នឹង​គោលដៅ​ប្រឆាំង​ភាពក្រីក្រ និង​អំពើពុករលួយ អាចជា​ប្រធានបទ​ស្នូល​នៅក្នុង​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​នាពេលខាងមុខ របស់ Paquiao៕

Advertisement