«Putin ប្រើប្រាស់​សម្រស់​ស្រី​ស្អាត ដាក់​អន្ទាក់ស្នេហ៍​លើ Trump»! សៀវភៅ​របស់​អតីត​លេខា​នៅ​សេត​វិមាន សរសេរ​ដូច្នេះ

អតីត​ជំនួយការ​ផ្នែក​សារព័ត៌មាន​ប្រចាំ​សេត​វិមាន យល់ថា Putin មាន​ចេតនា​ជ្រើសរើស​នារី​បកប្រែ​ដ៏​ស្រស់ស្អាត​មួយរូប នៅពេល​ជួបពិភាក្សា​ជាមួយ​លោក Trump កាលពី​ឆ្នាំ 2019 ប៉ុន្តែ ភាគី រុស្ស៊ី បាន​បដិសេធ​ការចោទប្រកាន់​នេះ។

Daria Boyarskaya អាយុ 36 ឆ្នាំ ជា​ស្រី​ស្អាត​ដែលមាន​សក់​ពណ៌​ប្រផេះ និង​ដងខ្លួន​ដ៏​ទាក់ទាញ បង្ហាញ​វត្តមាន​នៅក្នុង​រូបថត​នៃ​ជំនួប​រវាង ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin និង​លោក Donald Trump ដែល​កាលណោះ​គឺជា ប្រធានាធិបតី​អាម៉េរិក នៅក្រៅ​ក្រប​ខ័​ណ្ណ​នៃ​កិច្ចប្រជុំ​កំពូល G20 នាទី​ក្រុង Osaka ប្រទេស​ជប៉ុន កាលពី​ឆ្នាំ 2019។

នៅក្នុង​អារម្ភកថា​នៃ​សៀវភៅ​ដែល​នឹង​ចេញលក់​នៅ​ថ្ងៃទី 05 តុលា និង​មាន​ចំណងជើង​ថា «ពេលនេះ​ខ្ញុំ​នឹង​ឆ្លើយ​នឹង​សំនួរ​របស់​អ្នក» អតីត​លេខា​ផ្នែក​សារព័ត៌​មាននៅ​សេត​វិមាន Stephanie Grisham បានឱ្យដឹងថា Fiona Hill ដែល​កាលណោះ​គឺជា​មន្ត្រី​ទទួលបន្ទុក​លើ​បញ្ហា​ស្ដីពី រុស្ស៊ី និង អឺរ៉ុប ប្រចាំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ សហរដ្ឋ​អាម៉េរិក បាន​សម្ដែង​ការ​មន្ទិល នៅពេល​ឃើញ Boyarskaya បង្ហាញខ្លួន​នៅក្នុង​ព្រឹត្តិការណ៍។

នាង​ Daria Boyarskaya បង្ហោះ​រូប​ថត​ដើម្បី​អបអរ​ឆ្នាំ​ថ្មី​ កាល​ពី​ថ្ងៃទី 31 ធ្នូ 2020

«នៅពេល​ជំនួប​បានចាប់ផ្ដើម Fliona Hill ផ្អៀងខ្លួន​ងាក​មក​សួរ​ខ្ញុំ​ថា មាន​ចាប់អារម្មណ៍​អ្នកបកប្រែ​របស់ Putin ឬទេ។ នាង​នោះ​មាន​សក់​ពណ៌​ប្រផេះ​ដ៏​ទាក់ទាញ រង្វង់​មុខស្រស់​សោភា​មាន​មន្ត​ស្នេហ៍ និង​ដងខ្លួន​ដ៏​អស្ចារ្យ» Grisham សរសេរ​ដូច្នេះ។ «លោកស្រី​បន្ត​និយាយ​ជាមួយ​ខ្ញុំ​ថា លោកស្រី​សង្ស័យថា Putin ជ្រើសរើស​អ្នកបកប្រែ​នេះ​ដើម្បី​ធ្វើឱ្យ ប្រធានាធិបតី​អាម៉េរិក ញាប់​ញ័រ»។

អធិប្បាយ​តប​នឹង​ព័ត៌មាន​ដែល​លើកឡើង​ដោយ Grisham លោក Dmitry Peskov អ្នកនាំពាក្យ​របស់​ប្រធានាធិបតី Putin បាន​ច្រានចោល​ការចោទប្រកាន់​ដែលថា នារី​បកប្រែ Boyarskaya គឺជា «អាវុធ​សម្រស់» ដែល​ប្រើប្រាស់​សំដៅលើ Trump។

Daria Boyarskaya (ទីពីរ រាប់​ពី​ឆ្វេង) នៅ​ក្នុង​ជំនួប​រវាង​ លោក​ Trump និង​លោក​ Putin នៅ​ ជប៉ុន កាល​ពី​ឆ្នាំ​ 2019

«អ្នកបកប្រែ ត្រូវបាន​ជ្រើសរើស​ដោយ​ក្រសួងការបរទេស ដោយយោង​ទៅតាម​ការស្នើ​របស់​វិមាន​ក្រឹម​ឡាំង។ លោក Putin មិនបាន​ចូលរួម​ក្នុងការ​ជ្រើសរើស​អ្នកបកប្រែ​នោះទេ» សារព័ត៌មាន East2West ដកស្រង់​សម្ដី​របស់ Peskov ចុះផ្សាយ​ដូច្នេះ។

ស្រី​ស្អាត Boyarskaya បានបញ្ចប់​ការសិក្សា​នៅ​សាលា​បណ្ដុះបណ្ដាល​អ្នកបកប្រែ St.Peterburg ហើយ​នាង​ក៏​ជា​អ្នករបាំ salsa និង bachata ផងដែរ។

ស្រីស្អាត Boyarskaya ក៏​ជាអ្នករបាំ salsa និង bachata ផងដែរ

លោក Trump កាលពី​ថ្ងៃទី 29 កញ្ញា បាន​រិះគន់​ដល់​ការបោះ​ពុ​ម្ភ​សៀវភៅ​របស់ Grisham ដោយបាន​និយាយថា អតីត​លេខា​សារព័ត៌មាន​នៃ​សេត​វិមាន​រូបនេះ បាន «ខឹង​ខ្លាំង» ក្រោយពី​បញ្ចប់​មុខនាទី​នៅក្នុង​រដ្ឋការ​របស់លោក។

«នាង​ជាប់​ទាក់ទិន​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន​ដែល​យើង​យល់ថា នាង​គួរតែ​ដោះស្រាយ​ដោយ​ខ្លួនឯង។ ពេលនេះ ដូច​ទៅនឹង​មនុស្ស​ដទៃ នាង​យកប្រាក់​ពី​ម្ចាស់​រោង​ពុ​ម្ភ​ឆ្វេងនិយម​ជ្រុល ដើម្បី​និយាយ​អំពី​រឿង​មិនល្អ និង​ប្រឌិត» លោក Trump អះអាង​ការពារ​ខ្លួន​ដូច្នេះ៕

Advertisement