យន្តហោះ​យោធា​ចិន រាប់សិប​គ្រឿង ទៅ​បំភ័យ កោះ​តៃវ៉ាន់ ក្នុង​ថ្ងៃ​តែមួយ

F-16 របស់​ តៃវ៉ាន់ តាម​ដាន​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​របស់​ ចិនដីគោក​ កាល​ពី​ឆ្នាំ​ 2020

ប្រទេស​ចិន បាន​បញ្ជូន​យន្តហោះ​ចម្បាំង យន្តហោះ​ទម្លាក់​គ្រាប់បែក និង​យន្តហោះ​ឈ្លបយកការណ៍​សរុប​ចំនួន 38 គ្រឿង ទៅ​ក្បែរ​ដែន​កោះ​តៃវ៉ាន់ នៅក្នុង​មួយថ្ងៃ ដែល​នេះ​គឺជា​តួលេខ​ច្រើន​បំផុត​មិន​ធ្លាប់មាន​ពីមុនមក។

ស្ថាប័ន​ការពារ​កោះ​តៃវ៉ាន់ កាលពី​ជិត​ពាក់​កណ្ដាលយប់​នៃ​ថ្ងៃទី 1 តុលា បានប្រកាស​នៅលើ​ទំព័រ Twitter ថា ក្រុម​យន្តហោះ​យោធា​ចិន រួមមាន យន្តហោះ​ចម្បាំង J-16 ចំនួន 10 គ្រឿង, យន្តហោះ​ទម្លាក់​គ្រាប់បែក H-6 ចំនួន 2 គ្រឿង និង​​យន្ត​ហោះ​​ព្រមាន​រហ័ស Kj-500 ចំនួន 1 គ្រឿង ហោះចូល​ក្បែរ កោះ​តៃវ៉ាន់ នៅក្នុង​ពេលយប់។

បណ្ដា​យន្តហោះ​ចម្បាំង J-16 អមដំណើរ​ហោះហើរ​រប​ស់​យន្តហោះ​ទម្លាក់​គ្រាប់បែក H-6 បាន​ហោះ​ទៅដល់​តំបន់​ភាគ​អាគ្នេយ៍​នៃ កោះ​តៃវ៉ាន់ ខណៈដែល​យន្តហោះ​ព្រមាន​រហ័ស KJ-500 ធ្វើ​សកម្មភាព​ក្បែរ​ប្រជុំ​កោះ Pratas ដែល​គ្រប់គ្រង​ដោយ តៃវ៉ាន់។

នេះ​គឺជា​លើក​ទី​ពីរ​ហើយ ដែល ប្រទេស​ចិន បញ្ជូន​ក្រុម​យន្តហោះ​យោធា ចូលទៅ​ក្បែរ កោះ​តៃវ៉ាន់ នៅក្នុង​អំឡុងពេល​តែមួយ​ថ្ងៃ។ មុននេះ យន្តហោះ​យោធា​របស់ ចិន មួយក្រុម បាន​ចូលទៅ​កាន់​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស (ADIZ) របស់ កោះ​តៃវ៉ាន់ នៅ​ល្ងាច​ថ្ងៃទី 1 តុលា ផងដែរ។ យន្តហោះ​ទាំងនេះ រួមមាន យន្តហោះ​ចម្បាំង J-16 ចំនួន 18 គ្រឿង, Su-30 ចំនួន 4 គ្រឿង, យន្តហោះ​ទម្លាក់​គ្រាប់បែក H-6 ចំនួន 2 គ្រឿង និង​យន្តហោះ​ប្រមាញ់​នាវាមុជទឹក Y-8 ចំនួន 1 គ្រឿង។

ប្រជុំ​កោះ​ Pratas ឬ ហៅ​ថា កោះ​ Dongsha (ក្នុង​រង្វង់​មូល)

យន្តហោះ​ខាងលើ ហោះ​ជុំវិញ​តំបន់​ចន្លោះ កោះ​តៃវ៉ាន់ និង​ប្រជុំ​កោះ Pratas ហើយ​ក្រោយមក​ក៏​ត្រលប់​ទៅកាន់ ចិនដីគោក។ នេះ​បើតាម​ស្ថាប័ន​ការពារជាតិ​របស់ កោះ​តៃវ៉ាន់។

តៃវ៉ាន់ បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ទៅ​បណ្ដេញ​យន្តហោះ​យោធា​របស់ ចិន ទន្ទឹមនឹងនេះ​ក៏បាន​ដំណើរការ​ប្រព័ន្ធ​មី​ស៊ិ​ល​ការពារ​ដែនអាកាស ដើម្បី​ត្រៀម​បាញ់​ទម្លាក់​យន្តហោះ ចិនដីគោក ទាំងនោះ​ផងដែរ។

ការដែល ប្រទេស​ចិន បញ្ជូន​យន្តហោះ​យោធា​របស់ខ្លួន​ចំនួន 38 គ្រឿង ទៅ​បំភ័យ តៃវ៉ាន់ នៅក្នុង​ថ្ងៃ​តែមួយ​នេះ គឺជា​ប្រការ​ដែល​មិន​ធ្លាប់មាន​ពីមុនមក។ សកម្មភាព​នេះ​ក៏​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ថ្ងៃ​ដែល ប្រទេស​ចិន ប្រារព្ធ​ពិធី​គម្រប់​ខួប 72 ឆ្នាំ នៃ​ទិវា​ឯករាជ្យ​ជាតិ។

ក្រសួងការពារជាតិរ​បស់ ប្រទេស​ចិន មិនទាន់​បញ្ចេញមតិ​អ្វី​ជុំវិញ​ការបញ្ជូន​យន្តហោះ​យោធា​ដ៏​ច្រើន​ទៅ​ក្បែរ តៃវ៉ាន់ ​នៅ​ឡើយ។ ប៉ុន្តែ កន្លងមក ក្រសួង​នេះ​ធ្លាប់បាន​អះអាងថា ការហោះហើរ​ទៅ​ក្បែរ កោះ​តៃវ៉ាន់ គឺ​ដើម្បី​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី ទន្ទឹមនឹងនេះ​មានបំណង​សំដៅលើ​សកម្មភាព «សមគំនិត​គ្នា» របស់​ក្រុមមន្ត្រី​នៃ កោះ​តៃវ៉ាន់ ជាមួយនឹង សហរដ្ឋ​អាម៉េរិក ផងដែរ ដែលជា​អ្នក​នៅ​ពីក្រោយ កោះ​តៃវ៉ាន់៕

Advertisement