អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ហ្សកហ្ស៊ី ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន

លោក Saakashvili អតីត​ប្រធានាធិបតី​នៃ ប្រទេសហ្សកហ្ស៊ី ត្រូវបាន​ក្រុមប៉ូលិស ចាប់ខ្លួនភ្លាមៗ បន្ទាប់ពី​លោក​ត្រលប់មក​ប្រទេស​កំណើត​វិញ ដោយសារ​លោក​ធ្លាប់​ត្រូវបាន​កាត់ទោស​កំបាំងមុខ​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល 6 ឆ្នាំ ទាក់ទិន​នឹង​ទោស​រំលោភ​អំណាច។

«ប្រធានាធិបតី​ទី​បី​របស់ ប្រទេសហ្សកហ្ស៊ី លោក Mikheil Saakashvili ថ្ងៃនេះ ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូន​ទៅកាន់​ពន្ធនាគារ» នាយករដ្ឋមន្ត្រី Irakli Garibashvili បាន​ប្រាប់​អ្នកយកព័ត៌មាន​នា រដ្ឋធានី ប៊ីលីស៊ី (Tbilisi) កាលពី​ថ្ងៃទី 1 តុលា។ ក្នុង​វីដេអូ​មួយ ដែល​ត្រូវបាន​បញ្ចេញ​ដោយ​ក្រសួងមហាផ្ទៃ ហ្សកហ្ស៊ី បង្ហាញថា លោក Saakashvili ញញឹម ខណៈដែល​ដៃ​ជាប់​ខ្នោះ ហើយ​ត្រូវ​ប៉ូលិស​បញ្ជូន​ចូលទៅ​ខាងក្នុង​ពន្ធនាគារ។

លោក Saakashvili កំពុងស្ថិត​ក្នុង​ពន្ធនាគារ​ក្នុង​ទីរួមស្រុក Rustavi ដែលមាន​ចម្ងាយ 30 គីឡូម៉ែត្រ ពី រដ្ឋធានី Tbilisi។ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​របស់ ហ្សកហ្ស៊ី លោក Nino Lomjaria បាន​ទៅសួរសុខទុក្ខ​លោក Saakashvili នៅក្នុង​ពន្ធនាគារ ហើយ​បានឱ្យដឹងថា អតីត​ប្រធានាធិបតី​រូបនេះ កំពុង​ធ្វើ​កូដកម្ម​អត់​អាហារ។

មុននេះ គូប្រជែង​នានា​របស់លោក Saakashvili នៅក្នុង​បក្ស​សុបិនហ្សកហ្ស៊ី (Georgian Dream) បាន​ព្រមាន​ថា អតីត​ប្រធានាធិបតី​នឹង​ត្រូវបាន​ចាប់ខ្លួន និង​ជាប់ពន្ធនាគារ 6 ឆ្នាំ បើសិនជា​ត្រលប់មក​ប្រទេស ក្រោយពី​ត្រូវបាន​កាត់ទោស​កំបាំងមុខ​កាលពី​ឆ្នាំ 2018។ ប្រធានាធិបតី ហ្សកហ្ស៊ី លោក Salome Zurabishvili ដែលជា​គូប្រជែង​របស់ Saakashvili បានឱ្យដឹងថា ខ្លួន​នឹងមិន​លើកលែងទោស​ឱ្យ​អតីត​ប្រធានាធិបតី​រូបនេះ​ជាដាច់ខាត។

លោក Saakashvili ដែលជា​ប្រធានាធិបតី​នៃ​ប្រទេស ហ្សកហ្ស៊ី ចាប់ពី​ឆ្នាំ 2004-2007 និង 2008-2013 នៅតែ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​ប្រជាជន។ លោក បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ ឱ្យចេញ​ធ្វើបាតុកម្ម​នៅ រដ្ឋធានីប៊ីលីស៊ី ក្នុង​ថ្ងៃទី 3 តុលា។

អតីត​ប្រធានាធិបតី​រូបនេះ ត្រូវបាន​កាត់ទោស​កំបាំង​មុខ ពីបទ​រំលោភ​តួនាទី​កាលពី​ឆ្នាំ 2018 និង​ជាប់ពន្ធនាគារ 6 ឆ្នាំ។ ប៉ុន្តែ Saakashivili បាន​បដិសេធ ដោយ​ចោទថា ជា​រឿង​នយោបាយ។ ការចាប់ខ្លួន​លោក Saakashivili ត្រូវបាន​ក្រុមអ្នកវិភាគ​ព្យាករ​ថា នឹង​បង្កឱ្យមាន​ភាពវឹកវរ នៅក្នុង​ប្រទេស​ដែល​ធ្លាប់​ស្ថិតក្រោម សហភាពសូវៀត មួយ​នេះ៕

Advertisement