មនុស្ស​បី​ជំនាន់ បាន​កែប្រែ​សមុទ្រ​ខ្សាច់ ទៅជា «សួត​បៃតង​ស្រស់» សម្រាប់​ការពារ រដ្ឋធានី​ប៉េកាំង (វីដេអូ)

(ប្រទេស​ចិន)-មនុស្ស​បី​ជំនាន់​ដែល​បាននាំគ្នា​ដាំ​ដើមឈើ និង​កែប្រែ​សមុទ្រ​ខ្សាច់ Saihanba ទៅជា​ព្រៃឈើ​ដែលមាន​ទំហំ 700 គីឡូម៉ែត្រ​ក្រឡា និង​ស្រូបយក​ឧស្ម័ន CO2 ប្រហែល 860,000 តោន ជា​រៀងរាល់ឆ្នាំ។

តំបន់​ព្រៃ​ពណ៌​បៃតង​ស្រស់​នៅ ប្រទេស​ចិន នេះ ធ្លាប់ជា​សមុទ្រ​ខ្សាច់​ដ៏​សែន​សោះកក្រោះ។ ប៉ុន្តែ បច្ចុប្បន្ន វា​គឺជា​ព្រៃ​បង្កើតឡើង​ដោយ​ស្នាដៃ​មនុស្ស ធំជាងគេ​ក្នុង​ពិភពលោក។ កសិដ្ឋាន​ដាំ​ព្រៃឈើ Saihanba គ្របដណ្ដប់​ផ្ទៃដី​ជាង 700 គីឡូម៉ែត្រ​ក្រឡា។ ព្រៃ​នេះ​ធំ​ជាង​ផ្ទៃដី​សរុប​របស់ ប្រទេស​សិង្ហ​បុរី។ មាន​ចម្ងាយ 450 គីឡូម៉ែត្រ​ពី​រដ្ឋធានី ព្រៃ Saihanba ត្រូវបាន​គេ​ហៅថា «សួត​បៃតង​របស់ ទីក្រុង​ប៉េកាំង» នៃ ប្រទេស​ចិន។

ទិដ្ឋភាព​ដើម​ឈើ​មួយ​ដើម​ កំពុង​ស្ថិត​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់​តែ​ឯង​ ដែល​ថត​បាន​ ក្នុង​គ្រា​ក្រុម​អ្នកជំនាញ​​កសិកម្ម​កំពុង​ស្រាវ​ជ្រាវ​ភូមិ​សាស្ត្រ​​ កាល​ពី​ឆ្នាំ​ 1961 (Xinhua)

Fu Lihua អ្នកស្រាវជ្រាវ​នៃ​កសិដ្ឋាន​ដាំ​ព្រៃ Saihaba និយាយថា៖ «យើង​ត្រូវ​ដោះស្រាយ​បញ្ហាលំបាក​ជាច្រើន រួមទាំង​ព្យុះ​ខ្សាច់ធំៗ កម្ពស់ និង​សីតុណ្ហភាព​ទាប​ខ្លាំង។ វិធីសាស្ត្រ​បង្កើត​ពណ៌​បៃតង​ដែល​យើង​បាន​សិក្សា ត្រូវការ​សម្រួល​ទៅតាម​បរិស្ថាន​ដោយឡែក​នេះ»។

យុទ្ធនា​ការដាំ​ដើមឈើ​នៅទីនេះ បានចាប់ផ្ដើម​តាំងពី​ឆ្នាំ 1962 ដើម្បី​បង្កើតជា​ខែល​ការពារ​បែប​បរិស្ថានវិទ្យា​សម្រាប់ រដ្ឋធានី​ប៉េកាំង និង​តំបន់​ជុំវិញ។ មនុស្ស​បី​ជំនាន់ បាន​កសាង​តំបន់​ព្រៃ​នេះ​ពី​បាត​ដៃទទេ។

Chen Yanxian ដែលជា​មន្ត្រី​ការពារ​ព្រៃឈើ​នៃ​កសិដ្ឋាន Saihanba និយាយថា៖ «នៅពេល​បានឃើញ​ដើមឈើ​លូតលាស់ យើង​មាន​អារម្មណ៍​ថា បញ្ហាលំបាក​ទាំងឡាយ​នៅ​ជុំវិញ លែង​មានន័យ​ទៀតហើយ។ យើង​អរគុណ​ដល់​ស្រទាប់​មនុស្ស​ជំនាន់​ដំបូង​ដែល​សម្រេចបាន​ភារកិច្ច។ យើង​បង្កើតបាន​ព្រៃឈើ​នេះ​ដោយ​ញើស ឈាម និង​ទឹកភ្នែក រួម​នឹង​ការប្រឹងប្រែង​មិន​ឈប់ឈរ។ យើង​ចាត់ទុក​ឈើ​មួយ​ដើម​ជា​កូនចៅ​បង្កើត​មួយ​នាក់​របស់​យើង។ ពួកវា​លូតលាស់​ពី​គ្រាប់ពូជ​ទៅជា​ដើមឈើ​ខ្ពស់»។

ព្រៃ​បៃតង Saihanba នេះ ស្រូបយក​ឧស្ម័ន កាបូន​ឌី​អ៊ុក​ស៊ីត បាន​ប្រមាណ 860,000 តោន ជា​រៀងរាល់ឆ្នាំ៕

Advertisement