អ្នកកាសែត​ពីររូប ទទួលបាន​ពានរង្វាន់ Nobel សន្តិភាព ឆ្នាំ 2021

អ្នកស្រី Maria Ressa (ឆ្វេង) និងលោក​ Dmitry Muratov

ពានរង្វាន់ Nobel សន្តិភាព​ឆ្នាំនេះ បាន​ទៅលើ Maria Ressa និង Dmitry Muratov ដែលជា​អ្នកកាសែត​ជនជាតិ ហ្វ៊ី​លី​ពី​ន និង រុស្ស៊ី ព្រោះតែ​បាន «ប្រឹងប្រែង​ការពារ​សេរីភាព​ក្នុងការ​បញ្ចេញមតិ»។

សេរីភាព​នៃ​ការបញ្ចេញមតិ «គឺជា​លក្ខខណ្ឌ​ចម្បង​បង្អស់​សម្រាប់​ប្រជាធិបតេយ្យ និង​សន្តិភាព​យូរអង្វែង» គណៈកម្មការ Nobel របស់ ន័​រ​វែ​ស បានប្រកាស​នា​ថ្ងៃនេះ នៅពេល​សម្រេច​ប្រគល់​ពានរង្វាន់ Nobel សន្តិភាព​ជូន​ដល់​អ្នកកាសែត ហ្វ៊ី​លី​ពី​ន Maria Ressa និង​អ្នកកាសែត រុស្ស៊ី Dmitry Muratov។

Maria Ressa និង Dmitry Muratov ទទួលបាន​ពានរង្វាន់​នេះ​ក៏​ដោយសារតែ «ភាព​អង់អាច​ក្នុង​ការតស៊ូ​ដើម្បី​សេរីភាព​បញ្ចេញមតិ​នៅ ប្រទេស​ហ្វ៊ី​លី​ពី​ន និង រុស្ស៊ី។ ទន្ទឹមនឹងនេះ ពួកគេ​ក៏​ជា​តំណាង​របស់​អ្នកសារព័ត៌មាន​គ្រប់រូប​ដែល​ក្រោកឈរឡើង​ដើម្បី​ឧ​ត្ត​ម​គតិ​នេះ នៅក្នុង​ពិភពលោក​ដែល​ប្រជាធិបតេយ្យ និង​សេរីភាព​សារព័ត៌មាន​ត្រូវ​ប្រឈម​នឹង​លក្ខខណ្ឌ​មិន​អំណោយផល​កាន់តែច្រើន» ប្រធាន​គណៈកម្មការ Nobel ន័​រ​វែ​ស លោកស្រី Berit Reiss-Andersen ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ Oslo ដូច្នេះ។

អ្នកស្រី Maria Ressa គឺជា​សហ​ស្ថាបនិក​នៃ​ទីភ្នាក់ងារសារព័ត៌មាន Rappler ដែលមាន​ជំនាញ​ខាង​ស៊ើបអង្កេត។ អ្នកស្រី​ទទួលបាន​ការលើកសរសើ​រថា ជា​មនុស្ស​ដែល​ធ្វើការ​មិនចេះ​ហត់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ និង​អំពើ​រំលោភ​អំណាច​នៅ ហ្វ៊ី​លី​ពី​ន។ ចំណែក​លោក Dmitry Muratov វិញ គឺជា​សហ​ស្ថាបនិក​នៃ​សារព័ត៌មាន Novaya Gazeta នៅ រុស្ស៊ី។ លោក​មាន​ឈ្មោះថា​ជា​អ្នកតស៊ូ​ដើម្បី​សេរីភាព​បញ្ចេញមតិ និង​ការពារ​អ្នកកាសែត។

ពានរង្វាន់ Nobel សន្តិភាព​នេះ​នឹង​ប្រគល់ជូន​អ្នកឈ្នះ​នៅ​ថ្ងៃទី 10 ធ្នូ ដែលជា​ថ្ងៃ​ខួប​មរណភាព​របស់ Alfred Nobel។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល​អ្នកកាសែត​ទទួលបាន​ពានរង្វាន់​ថ្លៃថ្លា​បែបនេះ រាប់​ចាប់ពី​ឆ្នាំ 1935 ដែល​កាលណោះ​បាន​ទៅលើ​អ្នកកាសែត អាល្លឺម៉ង់ Carl von Ossietzky ដោយបាន​បង្ហើប​ឱ្យដឹង​អំពី​កម្មវិធី​បង្កើត​កង​ប្រដាប់អាវុធ​សម្ងាត់​របស់​ប្រទេស​នេះ ក្រោយ​សង្គ្រាមលោក៕

Advertisement