Moderna ប្រកាស​ផ្គត់ផ្គង់​វ៉ាក់សាំង COVID-19 ចំនួន 1 ពាន់​លាន​ដូ​ស ដល់​បណ្ដា​ប្រទេស​ក្រីក្រ

កាលពី​ថ្ងៃទី 8 តុលា ក្រុមហ៊ុន​ផលិត​ឱសថ Moderna របស់ សហរដ្ឋ​អាម៉េរិក បានប្រកាសថា នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ COVID-19 ចំនួន 1 ពាន់​លាន​ដូ​ស​បន្ថែមទៀត ដល់​បណ្ដា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​នៅ​ឆ្នាំ 2022 ទន្ទឹមនឹង​វ៉ាក់សាំង​រាប់រយ​លាន​ដូ​ស ដែល​ក្រុមហ៊ុន​នេះ​បាន​សន្យា​ជាមួយ​កម្មវិធី COVAX។

ក្នុង​សេចក្ដីប្រកាស​មួយ Moderna បានឱ្យដឹងថា វ៉ាក់សាំង​ដែល​ក្រុមហ៊ុន​នេះ​គ្រោង​នឹង​ផ្គត់ផ្គង់​ដល់​បណ្ដា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​គឺជា​ផ្នែក​មួយ​ក្នុងចំណោម​វ៉ាក់សាំង​ពី 2-3 ពាន់​លាន​ដូ​ស​ដែល​គ្រោង​នឹងត្រូវ​បាន​ផលិត​នៅ​ឆ្នាំ 2022។

គិត​មកដល់​បច្ចុប្បន្ន មនុស្ស​ជាង 250 លាន​នាក់​នៅលើ​ពិភពលោក បានទទួល​ការចាក់​វ៉ាក់សាំង​របស់ Moderna។ ប៉ុន្តែ ការទទួលបាន​វ៉ាក់សាំង​ប្រឆាំង COVID-19 មកដល់ពេលនេះ នៅតែមាន​ឧបសគ្គ​ធំ​សម្រាប់​ប្រទេស​ជាច្រើន ពិសេស​គឺ​បណ្ដា​ប្រទេស​ក្រីក្រ។

កាលពី​ខែឧសភា Moderna បាន​សន្យាថា នឹង​ផ្ដល់​វ៉ាក់សាំង COVID-19 ចំនួន 500 លាន​ដូ​ស ដល់​កម្មវិធី COVAX សម្រាប់​ដំណាក់​កាលពី​ត្រីមាស​ទី​បួន ឆ្នាំ 2021 ដល់​ឆ្នាំ 2022។ COVAX (COVID-19 Vaccines Global Access) គឺជា​គំនិត​ផ្ដួចផ្ដើម​សកល ក្នុង​បំណង​ជួយ​ឱ្យ​បណ្ដា​ប្រទេស​អាច​ទទួលបាន​វ៉ាក់សាំង​បង្ការ COVID-19 ប្រកបដោយ​សមធម៌ ដែល​ដឹកនាំ​ដោយ សម្ព័ន្ធ​វ៉ាក់សាំង Gavi, សម្ព័ន្ធភាព​ដើម្បី​ភាព​ច្នៃប្រឌិត​ត្រៀម​បង្ការ​រោគរាតត្បាត (CEPI) និង​អង្គការ​សុខភាព​ពិភពលោក (WHO)៕

Advertisement