តា​លី​បង់ ការពារ​គំនរ​បាក់បែក​នៃ​​ព្រះ​ពុទ្ធ​ប្បដិមា​អាយុកាល​ជាង 1,500 ឆ្នាំ ដែល​ពួកគេ​បាន​កម្ទេចចោល​កាលពី​ម្ភៃ​ឆ្នាំមុន

(អា​ហ្វ​ហ្គា​នី​ស្ថាន)-សមាជិក​នៃ​ក្រុម តា​លី​បង់ ត្រូវបាន​បញ្ជា​ឱ្យ​ឈរ​យាមល្បាត​ក្រោម​សំណល់​នៃ​គំនរ​បាក់បែក​ដ៏​ធំ​ចំនួន​ពីរ ជា​កន្លែង​ដែល​រូបសំណាក​ព្រះពុទ្ធ​ត្រូវបាន​ក្រុម​នេះ​កម្ទេចចោល​កាលពី​ម្ភៃ​ឆ្នាំមុន។

Saifurrahman Mohammadi ជា​សមាជិក​វ័យក្មេង​មួយរូប​របស់ តា​លី​បង់ កាន់​កាំភ្លើង AK ដើរ​ចុះឡើង នៅក្រោម​ជញ្ជាំង​ថ្ម​ដែល​ធ្លាប់​ជាទី​គង់នៅ​របស់​រូប​សំណាក​ព្រះពុទ្ធ​ដ៏​ធំ​ចំនួន​ពីរ​អង្គ នៅក្នុង​ខេត្ត Bamiyan នៃ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ ព្រះពុទ្ធ​ប្បដិមា​ទាំងពីរ​អង្គ​នេះ ធ្លាប់​ស្ថិតនៅ​យ៉ាងរឹងមាំ​អស់​រយៈពេល 1,500 ឆ្នាំ ប៉ុន្តែ ចុងក្រោយ​ត្រូវបាន​ក្រុម តា​លី​បង់ ដាក់​គ្រាប់​ផ្ទុះ​កម្ទេចចោល​កាលពី​ឆ្នាំ 2001 ដោយ​លើក​មូល​ហេតុថា រូបសំណាក​ទាំងនេះ «ផ្ទុយ​ពី​ទ្រឹស្ដី​របស់​អ៊ីស្លាម​សាសនា»។

កាលណោះ សមាជិក​របស់​ក្រុម តា​លី​បង់ រាប់រយ​នាក់ មកពី​គ្រប់ទិសទី​ក្នុង ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ចំណាយពេល 3 សប្ដាហ៍​ដើម្បី​បំផ្លាញ​រូបសំណាក​ព្រះពុទ្ធ​ដែលមាន​កម្ពស់​រាប់សិប​ម៉ែត្រ និង​ធ្លា​ក់ជាប់​នឹង​ជញ្ជាំង​ថ្ម ធ្វើឱ្យមាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​នៅ​ពាសពេញ​ពិភពលោក។

នៅពេល​ត្រូវបាន​សួរថា តើ​គួរ​បំផ្លាញ​រូបសំណាក​ព្រះពុទ្ធ​ទាំងនេះ​ឬទេ Mohammadi ដែល​ទើបត្រូវ​បានតែងតាំង​ជា​មន្ត្រី​មួយរូប​នៅក្នុង​ការិយាល័យ​ទទួលបន្ទុក​បញ្ហា​វប្បធម៌​របស់​ខេត្ត Bamiyan ក៏បាន​បង្ហាញ​ភាពស្ទាក់ស្ទើរ។ «ខ្ញុំ​ពិតជា​មិនអាច​អធិប្បាយ​បាន។ ពេលនោះ​ខ្ញុំ​នៅ​តូច​ណាស់»។

«បើសិនជា​ពួកគេ (តា​លី​បង់) ធ្វើ​ដូច្នេះ ប្រាកដ​ណាស់​ថា អេ​មី​រ៉ា​ត​អ៊ីស្លាម​នៃ​អា​ហ្វ​ហ្កា​នី​ស្ថាន (Islamic Emirate of Afghanistan) មាន​មូលហេតុ​ដោយឡែក» Mohammadi និយាយ​ដូច្នេះ និង​បន្ថែមថា៖ «ពេលនេះ ប្រការ​ដែល​ប្រាកដ នោះ​គឺ យើង​សន្យាថា ការពារ​ទីតាំង​ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ។ នេះ​គឺជា​ការទទួលខុសត្រូវ​របស់​យើង»។

បដា​ស្ពាន់​មួយ​ផ្ទាំង​ដែលមាន​សរសេរថា «រូបសំណាក​ព្រះពុទ្ធ​ដែល​ត្រូវ​អាជ្ញាធរ​តា​លី​បង់ កម្ទេច​កាលពី​ឆ្នាំ 2021» ត្រូវបាន​ដាក់តាំង​នៅត្រង់​គំនរ​បាក់បែក។ ទង់​ពណ៌​សរ​បស់ តា​លី​បង់ ក៏ត្រូវ​បាន​ដោត​នៅឯ​ខ្លោងទ្វារ​ក្បែរ​នោះ។

Mohammadi ឱ្យដឹងថា ថ្មីៗនេះ តា​លី​បង់ បាន​ជជែក​ជាមួយ​ក្រុមមន្ត្រី​របស់ UNESCO ដោយ​ស្នើឱ្យ​ពួកគេ​ត្រលប់​មកវិញ និង​បាន​សន្យាថា ការពារ​សុវត្ថិភាព។

អាជ្ញាធរ និង​ក្រុមមន្ត្រី​របស់ UNESCO ក្នុង​តំបន់ ឱ្យដឹងថា វត្ថុ​បុរាណ​ប្រហែល 1,000 ដុំ ដែល​ត្រូវបាន​រក្សាទុក​ក្នុង​ឃ្លាំង​ក្បែរ​គំនរ​បាក់បែក ត្រូវបាន​គេ​លួច ឬ​កម្ទេចចោល បន្ទាប់ពី តា​លី​បង់ ចូលមក​កាន់អំណាច។

«ខ្ញុំ​ទទួលស្គាល់ថា មាន​អំពើ​លួច​ប្លន់ ប៉ុន្តែ គ្រប់យ៉ាង​បានកើត​ឡើង​មុនពេល​យើង​មកដល់» Mohammadi បកស្រាយ​អំពី​ករណី​លួច​វត្ថុ​បុរាណ​នៅ​ទីតាំង​ប្រវត្តិសាស្ត្រ។ «យើង​កំពុង​ស្រាវជ្រាវ និង​ប្រមូល​ត្រលប់​មកវិញ»។

ជ្រលង​ភ្នំ Bamiya ស្ថិតនៅក្នុង​តំបន់​កណ្ដាល​នៃ​ជួរ​ភ្នំ Hindu Kush ជា​ចំណុច​ខាងលិច​បង្អស់​នៃ​ឥទ្ធិពល​របស់​ពុទ្ធសាសនា។ តំបន់​នេះ​ទទួលរង​ឥទ្ធិពល​វប្បធម៌​ពី អាណាចក្រ​ពើ​ស៊ី (Persia (អ៊ីរ៉ង់ បច្ចុប្បន្ន)), តួ​ក​គី, ចិន និង ក្រិ​ក ដោយមាន​បន្សល់​សំណង់​ប្រវត្តិសាស្ត្រ​ជាច្រើន​ដែល​មិនទាន់​ត្រូវបាន​ស្រាវជ្រាវ។

រូបសំណាក​ព្រះពុទ្ធ​ចំនួន​ពីរ​អង្គ​នៅទីនេះ ធ្លាប់​គង់នៅ​យ៉ាងរឹងមាំ ក្រោយពី​ការវាយប្រហារ​របស់​ស្ដេច Mughal Aurangzeb កាលពី​សតវត្សរ៍​ទី 17 និង​ការបាញ់​កម្ទេច​ដោយ​កាំភ្លើង​ធំ​របស់​ស្ដេច Nader Shah នៃ​អាណាចក្រ​ពើ​ស៊ី។

ក៏ប៉ុន្តែ ដោយ​ការប្រើប្រាស់​គ្រាប់រំសេវ តា​លី​បង់ បានធ្វើឱ្យ​ព្រះពុទ្ធ​ប្បដិមា​ទាំងពីរ​អង្គ​នេះ ក្លាយជា​គំនរ​បាក់បែក ស្ថិតនៅ​រាយប៉ាយ​ក្រោម​ជញ្ជាំង​ភ្នំ។ ប៉ុន្តែ ថ្មីៗនេះ តា​លី​បង់ អះអាងថា ចង់​ការពារ​បេតិកភណ្ឌ​បុរាណវិទ្យា បើ​ទោះ​ពួកគេ​ធ្លាប់បាន​បំផ្លាញ​កាលពីមុន។ Philippe Marquis ប្រធាន​ប្រតិភូ​បុរាណវិទ្យា​របស់ បារាំង ប្រចាំ អា​ហ្វ​ហ្គា​នី​ស្ថាន ឱ្យដឹងថា តា​លី​បង់ ដឹង​ច្បាស់​ថា ការការពារ​បេតិកភណ្ឌ នឹង​នាំមក​នូវ​ប្រាក់ចំណូល​ជាប្រចាំ​ដល់​ពួកគេ ក្នុង​គ្រា​សេដ្ឋកិច្ច​របស់​ប្រទេស​អាស៊ី​កណ្ដាល​មួយ​នេះ ជួប​វិបត្តិ៕

Advertisement