ជប៉ុន និង​ឧបទ្វីប​កូរ៉េ «តឹងសរសៃក​ដាក់គ្នា» ដោយសារ​ម្ហូប​មួយ​ចាន​ដែលមាន​ប្រភពពី​ឧបទ្វីប​ឥណ្ឌា

ភោជនីយដ្ឋាន​មួយ​នៅ ប្រទេស​ជប៉ុន ច​ម្អិ​ត​អាហារ​ការី​គ្រឿង​សមុទ្រ​ដែលមាន​ដោត​ទង់ជាតិ ជប៉ុន នៅលើ «ប្រជុំ​កោះ Takeshima» ធ្វើឱ្យ​សហគមន៍​អ្នកសារព័ត៌មាន​របស់​ឧបទ្វីប​កូរ៉េ ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា​ទៅនឹង​មុខម្ហូប​បែប​ឧបទ្វីប​ឥណ្ឌា​មួយ​នេះ។

«មុខម្ហូប​ការី​សាមញ្ញ​មួយ​ចាន បានក្លាយ​ជា​មេ​នាំ​ភ្លើង ធ្វើឱ្យមាន​ការឈ្លោះប្រកែក​គ្នា​ថ្មី​បំផុត ទាក់ទិន​នឹង​ជម្លោះ​ដណ្ដើម​ទឹកដី​ដ៏​យូរអង្វែង រវាង ប្រទេស​ជប៉ុន និង​ឧបទ្វីប​កូរ៉េ នេះ​បើតាម​សារព័ត៌មាន The Guardian ចុះផ្សាយ​កាលពី​ថ្ងៃទី 12 តុលា។

ជាក់ស្ដែង សារព័ត៌មាន​របស់ កូរ៉េខាងត្បូង និង កូរ៉េខាងជើង បាន​ខឹង​យ៉ាងខ្លាំង បន្ទាប់ពី​មាន​រូបថត​ស្ដីពី​ម្ហូប​ការី​គ្រឿង​សមុទ្រ​មួយ​មុខ ត្រូវបាន​ដាក់លក់​នៅ ប្រទេស​ជប៉ុន។

ក្នុង​រូបថត​ស្ដីពី​ម្ហូប​ការី​មួយ​ចាន​ដែល​ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន​នានា​ចុះផ្សាយ គេ​ឃើញ​បា​យស​ត្រូវបាន​តម្រៀប​ជា​រូបរាង​ប្រជុំ​កោះ Liancourt Rocks (ជប៉ុន​ហៅ​ថា Takeshima ចំណែក​ កូរ៉េ​ ហៅថា Dokdo)។ នៅលើ​បា​យស​នេះ មាន​ដោត​ទង់ជាតិ​របស់ ជប៉ុន និង​ព័ទ្ធជុំវិញ​ដោយ «សមុទ្រ» ទឹក​ការី។

ការីគ្រឿង​សមុទ្រ​ មាន​រូប​រាង​ដូច​ប្រជុំ​កោះ​ Liancourt Rocks (Takeshima/Dokdo) ដោត​ទង់​ជាតិ​ ជប៉ុន

អាហារ​មួយ​មុខ​នេះ មាននៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅលើ​កោះ Okinoshima ក្នុង​ខេត្ត Shimane នៃ ប្រទេស​ជប៉ុន ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ប្រជុំ​កោះ Takeshima/Dokdo។ អាហារ​នេះ ហូប​ជាមួយ​ស៊ុប និង​ជ្រក់​ជូរ។

Takeshima/Dokdo គឺជា​ប្រជុំ​កោះ​ដែល​ស្ថិតនៅ​រយៈ​ចម្ងាយ​ស្មើគ្នា រវាង ប្រទេស​កូរ៉េខាងត្បូង និង ប្រទេស​ជប៉ុន។ បច្ចុប្បន្ន កូរ៉េខាងត្បូង គឺជា​ប្រទេស​ដែល​កំពុង​កាន់កាប់​ជាក់ស្ដែង​ចំពោះ​ប្រជុំ​កោះ​នេះ។ ប៉ុន្តែ ភាគី​ខាង ជប៉ុន អះអាងថា Takeshima/Dokdo គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន។

កន្លងមក ទំនាក់ទំនង​រវាង ជប៉ុន និង កូរ៉េខាងត្បូង បាន​ប្រែជា​តានតឹង ដោយសារ​បញ្ហា​ប្រវត្តិសាស្ត្រ។ ការដណ្ដើម​ទឹកដី ក៏បាន និង​កំពុង​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ «ល្អក់កករ» ផងដែរ។

សារព័ត៌មាន Uriminzokkiri របស់ កូរ៉េខាងជើង បាន​បញ្ចេញមតិ​ថា ម្ហូប​ការី​មួយ​ចាន បានបង្ហាញ​អំពី​មហិច្ឆតា​របស់ ជប៉ុន ដែល​ចង់ «លេប» ប្រជុំ​កោះ Takeshima/Dokdo។

ប្រជុំកោះ Liancourt Rocks (Takeshima/Dokdo)

សារព័ត៌មាន​របស់ កូរ៉េខាងត្បូង វិញ ក៏បាន​ចេញផ្សាយ​អត្ថបទ​ស្ដីពី​អាហារ​ការី​ខាងលើ។ សាស្ត្រាចារ្យ​ម្នាក់ នៃ​សាកលវិទ្យាល័យ​មួយ បាន​និយាយប្រាប់​សារព័ត៌មាន Dong-A-Ilbo ថា ជប៉ុន បាន​ប្រើប្រាស់ «កលល្បិច​ធូរ​ថ្លៃ​ដែល​លេចធ្លោ» ដើម្បី​ជំរុញ​ការទាមទារ​របស់​ពួកគេ ចំពោះ​ប្រជុំ​កោះ​នេះ។

នេះ​គឺជា​លើកដំបូង​បង្អស់ ដែល​អាហារ​បាន​បង្កឱ្យមាន​ជម្លោះ​តឹងសរសៃក ទាក់ទិន​នឹង​ប្រជុំ​កោះ Takeshima/Dokdo។ កាលពី​ឆ្នាំ 2017 ក្រុមមន្ត្រី​របស់ ជប៉ុន បាន​សម្ដែង​ការប្រឆាំង បន្ទាប់ពី​បង្កង​ដែល​ត្រូវបាន​នេសាទ​នៅ​តំបន់​សមុទ្រ​ក្បែរ​ប្រជុំ​កោះ Dokdo បង្ហាញខ្លួន​ក្នុង​បញ្ជី​មុខម្ហូប នៅឯ​ពិធីជប់លៀង​មួយ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​មកកាន់ កូរ៉េខាងត្បូង របស់ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក ដែល​កាលណោះ​គឺ​លោក Donald Trump៕

Advertisement