វិស្វករ​របស់ អាម៉េរិក ញាត់​ «ឯកសារ​​មហាសម្ងាត់​​នៃ​នាវាមុជទឹក​នុយ​ក្លេ​អែរ» ក្នុង​នំ ដើម្បី​លក់​ឱ្យ​បរទេស

(សហរដ្ឋ​អាម៉េរិក)-ក្ដាប់បាន​អាថ៌កំបាំង​នៃ​បច្ចេកវិទ្យា​ម៉ាស៊ីន​នាវាមុជទឹក​នុយ​ក្លេ​អែរ របស់ សហរដ្ឋ​អាម៉េរិក Jonathan Toebbe ចម្លង​ដាក់​ក្នុង​អង្គ​ចងចាំ ហើយ​ញាត់​វា​ចូលក្នុង​នំ​ពុ​ម្ភ ដើម្បី​លក់​ឱ្យ «កម្លាំង​ពិសេស​របស់​បរទេស»។

ថ្ងៃមួយ​នៃ​ខែសីហា ឆ្នាំ 2020 Jonathan Toebbe ដែលជា​វិស្វករ​ម្នាក់ ធ្លាប់បាន​បម្រើការ​នៅក្នុង​ជួរ​កងទ័ពជើងទឹក សហរដ្ឋ​អាម៉េរិក បានធ្វើ​ដំណើរ​ទៅដល់​ទីតាំង​ណាត់ជួប នៅក្នុង​ស្រុក Jefferson នៃ​រដ្ឋ Virginia ហើយ​នៅក្បែរនោះ​គឺជា​ប្រពន្ធ​របស់គាត់ ឈ្មោះ Diana កំពុង​ចាំមើល​ផ្លូវ​ដោយ​ប្រុងប្រយ័ត្ន។ Jonathan បាន​ទុក​នំ​ពុ​ម្ភ​មួយ​កំណត់​ត្រង់​កន្លែង​ណាត់ជួប រួច​ក៏​ចាក​ចេញទៅ​យ៉ាង​លឿន។

រាល់​សកម្មភាព​របស់​ប្ដី-ប្រពន្ធ Toebbe សុទ្ធតែ​ស្ថិតក្នុង​ការគ្រប់គ្រងរ​បស់​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) របស់ សហរដ្ឋ​អា​ម៉េ​រក។ នៅ​ខាងក្នុង​នំ​ពុ​ម្ភ​នេះ​គឺជា​អង្គ​ចងចាំ​ទំហំ 16 GB ដែល​ត្រូវបាន​រុំ​ក្នុង​ថង់​ប្លា​ស្ទិ​ក និង​ផ្ទុក​ឯកសារ​រាប់ពាន់​សន្លឹក ទាក់ទង​នឹង​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​ដ៏​មហា​អាថ៌កំបាំង នៅក្នុង​នាវាមុជទឹក អាម៉េរិក។

នេះ​គឺជា​ការជួញដូរ​ដំបូង​ក្នុងចំណោម​ការជជែក​គ្នា​ចំនួន 3 លើក ដែលនាំឱ្យ​មាន​ករណី​ចាប់ខ្លួន​ប្ដី-ប្រពន្ធ Toebbe កាលពី​ចុង​សប្ដាហ៍​មុន។ ប្រកាស​របស់ FBI ស្ដីពី​ករណីនេះ ធ្វើឱ្យ​អ្នក​ក្បែរ​ខាង និង​មិត្ត​រួមការ​ងារ​របស់ Toebbe មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ដោយសារតែ Toebbe ដែល​រស់នៅ​ជាយក្រុង Annapolis ក្នុង​រដ្ឋ Maryland ខុស​ឆ្ងាយ​ពី​រូបភាព​នៃ «ចារ​ជន​គ្មាន​ជំនាញ» ដែល FBI បាន​បរិយាយ។ FBI ចោទ​ប្ដី-ប្រពន្ធ​នេះ​ថា បាន​ស្វែងរក​វិធី​លក់​ព័ត៌មាន​សម្ងាត់​ស្ដីពី​បច្ចេកវិទ្យា​ម៉ាស៊ីន​នៃ​នាវាមុជទឹក​នុយ​ក្លេ​អែរ របស់ សហរដ្ឋ​អាម៉េរិក ឱ្យ​បរទេស។

Jonathan Toebbe ត្រូវបាន​អ្នក​ស្គាល់​អះអាងថា​ជាម​នុស្ស​ឧស្សាហ៍​ព្យាយាម និង​ធ្វើការ​ដោយមាន​របៀប។ លោក Jonathan Toebbe បញ្ចប់​ការសិក្សា​ផ្នែក​រូបវិទ្យា​នុយ​ក្លេ​អែរ ធ្វើ​ការឱ្យ​រដ្ឋាភិបាល​អាម៉េរិក តាំងពី​ឆ្នាំ 2012 ដោយ​បម្រើការ​ជា​មន្ត្រី​យោធា និង​អ្នកជំនាញ​ខាង​ម៉ាស៊ីន​រុញច្រាន​សម្រាប់​នាវាមុជទឹក។ ការងារ​នេះ​ជួយ​ឱ្យ Jonathan Toebbe មានឱកាស​មើល​ឯកសារ​សម្ងាត់​ជាន់ខ្ពស់​ទាក់ទង​នឹង​បច្ចេកវិទ្យា​នាវាមុជទឹក​របស់ សហរដ្ឋ​អាម៉េរិក។

Jonathan និង​ Diana

ក្រោយ​ការចាកចេញ​ពី​ជួរ​កងទ័ពជើងទឹក​ក្នុង​ឆ្នាំ 2017 លោក Jonathan បន្ត​សហការ​ជាមួយ​កងកម្លាំង​នេះ​ក្នុងនាម​ជា​វិស្វករ​ស៊ីវិល។

ភរិយា​របស់ Jonathan អ្នកស្រី Diana គឺជា​គ្រូបង្រៀន​នៃ​សាលា Key នៅ​ទីក្រុង Annapolis។ «អ្នកនឹង​បានឃើញ​យ៉ាង​ឆាប់​ថា អ្នកគ្រូ Diana គឺជា​មនុស្ស​ឆ្លាត​វៃ​ខ្លាំង» Craig Martien អាយុ 20 ជា​អតីត​សិស្សសាលា Key ដែល​បានបញ្ចប់​ការសិក្សា​នៅ​ឆ្នាំ 2019 បាន​រៀបរាប់​អំពី​អ្នកគ្រូ Diana ដ៏​គួរឱ្យ​ចង់​រាប់អាន។

អ្នកស្រី Diana ធ្លាប់បាន​ប្រាប់​សិស្ស​របស់គាត់​ថា មានបំណង​ទៅ​រស់នៅក្នុង ប្រទេស​អូស្ត្រាលី។ «គាត់​ធ្លាប់​និយាយថា មិនអាច​ទ្រាំ​បាន​នឹង​ស្ថានការណ៍​នយោបាយ​នៅ សហរដ្ឋ​អាម៉េរិក ហើយ​ថា បាន​រកឃើញ​ឱកាស​ការងារ​មួយចំនួន​នៅ​ប្រទេស​ផ្សេង» Martien បន្ថែម​ដូច្នេះ។ Luke Koerschner អតីត​សិស្ស​ម្នាក់ទៀត​នៅ​សាលា Key ក៏បាន​និយាយ​ស្រដៀង​គ្នា​នេះដែរ អំពី​អ្នកស្រី Diana Toebbe។

ចំណែកឯ​ការចោទប្រកាន់​របស់ FBI បង្ហាញថា ប្ដី-ប្រពន្ធ Toebbe មាន​លក្ខណៈ​ផ្ទុយ​ពីនេះ។ FBI ឱ្យដឹងថា ប្ដី-ប្រពន្ធ Toebbe បានប្រគល់​ឯកសារ​សម្ងាត់​របស់​ក​ង​ទ័ពជើងទឹក អាម៉េរិក ឱ្យ​បរទេស និង​ស្នើ​បង្កើត​ទំនាក់ទំនង​សម្ងាត់។ ពួកគេ​ព្យាយាម​លក់​ព័ត៌មាន​សម្ងាត់​អំពី​បច្ចេកវិទ្យា​នាវាមុជទឹក​នុយ​ក្លេ​អែរ ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​កន្លង និង​រកបាន​ប្រាក់​រាប់សែន​ដុល្លារ​អាម៉េរិក ក្រោម​ទម្រង់​ជា​ប្រាក់​ឌីជីថល​ដែលមាន​ឈ្មោះថា Monero។

ទាំង Jonathan ទាំង Diana ពុំមាន​ឧបាយកល​ដើម្បី​បាន​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះទេ ព្រោះថា ពួកគេ​មិន​ជួប​ការលំបាក​ណាមួយ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​ក្នុង​រយៈពេល​កន្លង នេះ​បើតាម​ទិន្នន័យ​សាធារណៈ។ ប៉ុន្តែ ការស្រាវជ្រាវ​របស់ FBI បង្ហាញថា Jonathan តែង​និយាយថា ត្រូវការ​ជំនួយ។

ផ្ទះរបស់​ Jonathan និង Diana

«ថ្ងៃ​ណាមួយ នៅពេល​បញ្ចប់​កិច្ចការ ប្រហែលជា​យើង​នឹង​មានឱកាស​ជួបគ្នា​នៅក្នុង​ហាង​កាហ្វេ ផឹកស្រា​មួយ​ដប និង​រំលឹក​អំពី​រឿងរ៉ាវ​ដែល​បាន​ឆ្លងកាត់។ ទោះជា​យើង​បាន​ជួបគ្នា ឬ​អត់ ខ្ញុំ​ក៏​នៅតែ​ចងចាំ​អំពី​ភាពក្លាហាន​របស់​អ្នក​ក្នុង​ការបម្រើ​ជាតិ និង​ប្ដេជ្ញា​ជួយ​ដល់​ខ្ញុំ» Jonathan សរសេរ​នៅក្នុង​សារ​អ៊ី​មេ​ល​មួយ​ដែល​បាន​បំប្លែង​ជា​កូដ ផ្ញើ​ទៅកាន់​ដៃគូ​ដែល​ទិញ​ព័ត៌មាន​សម្ងាត់ ប៉ុន្តែ Jonathan មិនដឹងថា​នេះ​គឺជា​ភ្នាក់ងារ FBI បន្លំ​ខ្លួន​សោះឡើយ។

យោងតាម​ឯកសារ FBI ដែល​បាន​បញ្ជូន​ទៅកាន់​តុលាការ បើទោះជា​បាន​ទាក់ទង​ទៅកាន់​ប្រទេស​ទី​បី ដើម្បី​ជជែក​អំពី​ការលក់​ព័ត៌មាន​សម្ងាត់​ស្ដីពី​នាវាមុជទឹក​នុយ​ក្លេ​អែរ របស់ អាម៉េរិក ប៉ុន្តែ ប្ដី-ប្រពន្ធ Toebbe នៅតែ​មិន​ចង់​ជួប​មុខ​ភ្នាក់ងារ​សម្ងាត់​បរទេស​ដោយផ្ទាល់។ ពួកគេ​ដំបូង​ឡើយ ធ្វើ​សកម្មភាព​យ៉ាង​ប្រុងប្រយ័ត្ន ដោយបាន​បដិសេធ​ការស្នើ​ជួប​មុខ​ផ្ទាល់ ឬ​ប្រគល់​ឯកសារ​ផ្ទាល់ដៃ​នៅ​ទីតាំង​ណាត់ជួប​ដែល​ជ្រើសរើស​ដោយ​ភាគី​អ្នកទិញ។

ដោយ​ប្រើប្រាស់​ឈ្មោះ​ក្លែងក្លាយ Alice ប្ដី-ប្រពន្ធ Toebbe បញ្ជាក់ថា ការជួប​មុខ​នៅ​ទីតាំង​ប្រគល់​ទំនិញ​ដែល​កំណត់ដោយ​អ្នកទិញ​គឺ​ពិត​ជាមាន​ហានិភ័យ ហើយ​ពួកគេ​ចង់ឱ្យ​ភាគី​អ្នកទិញ​បង្ហាញ​អំពី​សុ​ឆន្ទៈ។ ពួកគេ​ទទួលស្គាល់ថា ខ្លួន​មិនមាន​លទ្ធភាព​ដឹងថា មាន​មនុស្ស​តាមដាន​ដែរ ឬ​អត់ ព្រោះ​ប្ដី-ប្រពន្ធ​នេះ​មិនមែនជា​ចារ​ជន​ជំនាញ និង​មិនមាន​ក្រុម​ជំនួយ។

«ខ្ញុំ​សុំទោស​ចំពោះ​ការ​ចចេស និង​ការសង្ស័យ​របស់ខ្ញុំ ប៉ុន្តែ មិនអាច​ទទួលយក​ការដែល​អ្នក​ជ្រើសរើស​ទីតាំង​ប្រគល់​ទំនិញ។ ខ្ញុំ​ត្រូវ​ពិចារណា​ពី​លទ្ធភាព​ដែលថា ខ្ញុំ​កំពុង​ទាក់ទង​នឹង​ភាគី​សត្រូវ ដែល​ប្រហែលជា​បាន​លួច​មើល​សារ​ដំបូង​ពី​ខ្ញុំ ហើយ​កំពុង​ស្រាវជ្រាវ​វែក​រកមុខ​ខ្ញុំ» Toebbe សរសេរ​នៅក្នុង​ការទាក់ទង​មួយ​ជាមួយនឹង​ភ្នាក់ងារ FBI ដែល​បន្លំ​ខ្លួន​ជា​អ្នកទិញ។

ប្ដី-ប្រពន្ធ Toebbe ក្រោយមក ថែមទាំង​ស្នើឱ្យ​ប្រទេស​ដែល​ចង់​ទិញ​ព័ត៌មាន​សម្ងាត់​នេះ បញ្ចេញ «សញ្ញា​ធានា» មួយ ពី​ស្ថានទូត​ប្រចាំ​ទីក្រុង​វ៉ា​ស៊ី​ង​តោន នៅក្នុង​ទិវា​ចងចាំ Memorial Day នៅ​ចុងខែ​ឧសភា ឆ្នាំ 2020។

នាវាមុជទឹក​នុយក្លេអែរ​ របស់​ សហរដ្ឋ​អាម៉េរិក

ក្រោយមក ប្ដី-ប្រពន្ធ Toebbe ក៏​ទទួលបាន «សញ្ញា​ធានា» នេះ ហើយ​យល់ព្រម​ប្រគល់​ទំនិញ​នៅ​ទីតាំង​ដែល​ភាគី​អ្នកទិញ​បានជ្រើសរើស។ បច្ចុប្បន្ន មិនទាន់​ដឹងថា សញ្ញា​ធានា​នេះ​គឺជា​អ្វី ហើយ​ត្រូវបាន​ផ្សាយ​ចេញពី​ស្ថានទូត​ណាមួយ​នៅ វ៉ា​ស៊ី​ង​តោន នៅឡើយ។

យោងតាម Michael Atkinson អតីត​អគ្គស្នងការដ្ឋាន​សហគម​ន៍​ចារកម្ម (Inspector General of the Intelligence Community ) របស់ អាម៉េរិក កម្រ​មាន​ប្រទេស​ណា​អនុញ្ញាតឱ្យ FBI ប្រើប្រាស់​ស្ថានទូត ឬ​ទីតាំង​ការទូត​របស់​ពួកគេ ដើម្បី​ធ្វើជា​ទីតាំង​ផ្ញើ «សញ្ញា​ធានា» ចំពោះ​ប្ដី-ប្រពន្ធ Toebbe។ ប្រការនេះ​បង្ហាញថា ប្រទេស​ទី​បី​ដែល​ត្រូវបាន​ប្ដី-ប្រពន្ធ​នេះ​ទាក់ទង​លក់​ឯកសារ​សម្ងាត់ បាន​ចេញមក​សហការ​ជាមួយ អាម៉េរិក តាំងតែ​ពីដំបូង។

សារព័ត៌មាន​របស់ អាម៉េរិក អះអាងថា ប្រទេស​ដែល​ត្រូវបាន Toebbe ទាក់ទង​លក់​ព័ត៌មាន​សម្ងាត់ អាចជា​ដៃគូ​សហការ ឬ​សម្ព័ន្ធមិត្ត​របស់ សហរដ្ឋ​អា​ម៉េ​រក។ ព័ត៌មាន​ដែល FBI បាន​បញ្ជូនទៅ​តុលាការ​បង្ហាញថា ភាគី​អ្នកទិញ​បាន​សហការ​ជាមួយ​សមត្ថកិច្ច​នៃ សហរដ្ឋ​អាម៉េរិក ក្នុង​ការរៀបចំ​អន្ទាក់​ដើម្បី​ចាប់ខ្លួន​ប្ដី-ប្រពន្ធ​នេះ។ អ្នកជំនាញ​មួយចំនួន​អះអាងថា បារាំង អាចជា​ប្រទេស​ដែល​ជាប់ទាក់ទង​នឹង​ការស៊ើបអង្កេត ប៉ុន្តែ ទីក្រុង​ប៉ារីស បាន​បដិសេធ។

ប្ដី​ប្រពន្ធ Toebbe កាលពី​ថ្ងៃទី 12 តុលា បានបង្ហាញ​ខ្លួន​នៅ​តុលាការ​ក្នុង​តំបន់ Martinsburg នៃ​រដ្ឋ Virginia ខាងលិច។ ពួកគេ​ប្រឈម​នឹង​ទោស​លក់​ឯកសារ​សម្ងាត់​ឱ្យ​បរទេស ហើយ​អាច​ត្រូវ​ជាប់ពន្ធនាគារ​អស់​មួយជីវិត៕

Advertisement