យន្តហោះ​ចម្បាំង​របស់ អ៊ីស្រាអែល បន្ត​បាញ់​កម្ទេច​មូលដ្ឋាន​នានា​របស់ អ៊ីរ៉ង់ នៅ ស៊ី​រី

កងទ័ព​របស់ អ៊ីស្រាអែល បាន​បាញ់ប្រហារ​តាម​អាកាស លើ​ទីតាំង​ជាច្រើន​នៅក្នុង​ទីក្រុង ប៉ាលម៉ៃរ៉ា (Palmyra) បណ្ដាលឱ្យ​ទាហាន​របស់ រដ្ឋាភិបាល​ស៊ី​រី ម្នាក់ បាន​ស្លាប់ និង​ទាហាន​ស្និទ្ធ​នឹង អ៊ីរ៉ង់ 3 នាក់ បាត់បង់​ជីវិត។

សារព័ត៌មាន​រដ្ឋ ស៊ី​រី SANA បាន​រាយការណ៍​ថា ករណី​វាយប្រហារ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​យប់មិញ នៅពេល អ៊ីស្រាអែល បាញ់​រ៉ុក្កែត ច្រើន​គ្រាប់​សំដៅលើ​ប៉ម​ទំនាក់ទំនង​មួយ និង​គោលដៅ​ជាច្រើន​នៅ​ជុំវិញ​នោះ នាទី​ក្រុង ប៉ាលម៉ៃរ៉ា ស្ថិតក្នុង​ភាគ​កណ្ដាល​នៃ ប្រទេស​ស៊ី​រី។ «ទាហាន​ម្នា​ក់បាន​ស្លាប់ និង 3 នាក់​រងរបួស» SANA ដកស្រង់​ប្រភពព័ត៌មាន​ពី​កងទ័ព ឱ្យដឹង​ដូច្នេះ។

អង្គការសិទ្ធិមនុស្ស​ស៊ី​រី (SOHR) ដែលមាន​មូលដ្ឋាន​នៅ ប្រទេស​អង់គ្លេស បានឱ្យដឹងថា ទាហាន​រដ្ឋាភិបាល​ម្នាក់ និង​ខ្មាន់កាំភ្លើង 3 នាក់ បាន​ស្លាប់ ខណៈ​មនុស្ស 7 នាក់​ផ្សេងទៀត​រងរបួស នៅក្នុង​ការវាយប្រហារ​ពី​យន្តហោះ​ចម្បាំង​របស់កង​ទ័ព អ៊ីស្រាអែល។ SOHR បន្ថែមថា គោលដៅ​របស់ អ៊ីស្រាអែល គឺ​ទីតាំង​របស់​កងជីវពល​ស្និទ្ធ​នឹង អ៊ីរ៉ង់ ដែល​ស្ថិត​នៅក្បែរ​មូលដ្ឋានទ័ព​អាកាស T4 ជាទី​ដែល​ធ្លាប់បាន​រង​ការវាយប្រហារ​ពី​រ៉ុក្កែត​របស់ អ៊ីស្រាអែល កាលពីដើម​សប្ដាហ៍​នេះ។

ទាក់ទង​នឹង​ព័ត៌មាន​ស្ដីពី​ករណី​វាយប្រហារ​ថ្មី​នេះ កងទ័ព​អ៊ីស្រាអែល មិនទាន់បាន​អធិប្បាយ​អ្វី​នៅឡើយ។

អ៊ីស្រាអែល វាយប្រហារ​តាមផ្លូវ​អាកាស​សំដៅ​ទីតាំង​ជាច្រើន​នៅក្នុង​ទឹកដី​របស់​ ស៊ី​រី ក្នុងនោះ​ក៏មាន​ទាំង​រដ្ឋធានី ដាម៉ាស (Damascus) ផងដែរ។ គោលដៅ​នៃ​ការវាយប្រហារ​របស់ អ៊ីស្រាអែល ភាគច្រើន​គឺជា​កងកម្លាំង​ដែល​ស្និទ្ធ​នឹង រដ្ឋាភិបាល​អ៊ីរ៉ង់ និង​ក្រុម ហេស្បូឡា (Hezbollah) របស់ ប្រទេស​លី​បង់ ប៉ុន្តែ ពេលខ្លះ អ៊ីស្រាអែល ក៏បាន​វាយប្រហារ​លើ កងទ័ព​ស៊ី​រី ផងដែរ។

កងជីវពល ហេស្បូឡា និង​ទីប្រឹក្សា​នានា​នៃ កងទ័ព​ប​ដិ​វដ្ដន៍​អ៊ីស្លាម​អ៊ីរ៉ង់ គឺជា​សម្ព័ន្ធមិត្ត​សំខាន់​របស់ កងទ័ព​រដ្ឋាភិបាល​ស៊ី​រី នៅក្នុង​សង្គ្រាម​ប្រឆាំងនឹង ក្រុម​ឧទ្ទាម​អ៊ីស្លាម។ ប៉ុន្តែ អ៊ីស្រាអែល បាន​ចោទ ហេស្បូឡា ថា កំពុង​ប្រើប្រាស់​មូលដ្ឋាន​នៅ ស៊ី​រី ដើម្បី​ធ្វើជា​ឈ្នាន់​សម្រាប់​ការវាយប្រហារ​លើ​តំបន់​ខ្ពង់រាប ហ្គោឡាន (Golan) ដែល​គ្រប់គ្រង​ដោយ​ រដ្ឋធានី ហ៊្សេរុយសាឡិម (ហ៊្សេរុយសាឡិមជារដ្ឋធានី​ដែល​អន្តរជាតិទទួល​ស្គាល់​ ខណៈ​ អ៊ីស្រាអែល​ ហៅ​ទីក្រុង​ តេល​អាវីវ/Tel Aviv ថា​ជា​ រដ្ឋធានី​របស់​ខ្លួន​)។

អ៊ីស្រាអែល កម្រ​នឹង​ទទួលស្គាល់​ការវាយប្រហារ​តាមផ្លូវ​អាកាស​លើទឹក​ដី ស៊ី​រី។ កងទ័ព​ប្រទេស​នេះ ធ្លាប់បាន​ឱ្យដឹងថា បាន​វាយប្រហារ​តាម​អាកាស តម្រង់​គោលដៅ​ប្រហែល 50 នៅ ស៊ី​រី ក្នុង​ឆ្នាំ 2020 ប៉ុន្តែ មិនបាន​បង្ហើប​ឱ្យដឹង​អំពី​សេចក្ដីលម្អិត​នោះទេ៕

Advertisement