តារា​វ័យ 90 ឆ្នាំ នៃ​ខ្សែភាពយន្តអវកាស Star Trek ពេល​នេះ​បាន​ហោះ​ទៅកាន់​ទី​អវកាសពិតៗ

William Shatner តារាសម្ដែងក្នុងខ្សែភាពយន្តវិទ្យាសាស្ត្ររឿង Star Trek

(សហរដ្ឋ​អាម៉េរិក)-William Shatner ដែលជា​តារា​សម្ដែង​មួយរូប​នៅក្នុង​ខ្សែភាពយន្ត​វិទ្យាសាស្ត្រ​រឿង Star Trek បាន​ក្លាយជា​មនុស្ស​ដែលមាន​វ័យ​ចំណាស់​ជាងគេ ហោះ​ទៅកាន់​ទី​អវកាស នៅក្នុង​ដំណើរ​ហោះហើរ​នៃ​យាន​របស់​មហាសេដ្ឋី Jeff Bezos។

«ពិតជា​មិនគួរ​ឱ្យ​ជឿ» Shatner អ្នក​សម្ដែង​វ័យ 90 ឆ្នាំ ជនជាតិ​កាណាដា និយាយ​ដោយ​រំភើប​រហូតដល់​ស្រក់​ទឹកភ្នែក បន្ទាប់ពី​បានបញ្ចប់​ការហោះហើរ​ឡើងទៅ​កាន់​ជាយ​អវកាស​ក្នុង​រយៈពេល 11 នាទី និង​ត្រលប់​មកកាន់​ផែនដី កាលពី​យប់​ថ្ងៃទី 13 តុលា។

រ៉ុក្កែត New Shepard របស់​ក្រុមហ៊ុន​អាកាសចរណ៍​អវកាស Blue Origin របស់​មហាសេដ្ឋី Jeff Bezos បាន​ហោះ​ឡើង​នៅវេលា​ម៉ោង 9៖49 នាទី (ម៉ោង 21៖49 នាទី នៅ ភ្នំពេញ)។ នាយិកា​ក្រុមហ៊ុន Blue Origin លោកស្រី Audrey Power, សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Planet Labs លោក Chris Boshuizen និង សហ​ស្ថាបនិក​ក្រុមហ៊ុន Medidata Solutions លោក Glen de Vries ក៏មាន​វត្តមាន​នៅក្នុង​បន្ទប់​អ្នកដំណើរ​របស់​យានអវកាស New Shepard ផងដែរ។

មហាសេដ្ឋី Jeff Bozos បានមក​ទទួល​ស្វាគមន៍​សមាជិក​ក្រុម​ហោះហើរ​ដែល​បាន​ត្រលប់មក​ផែនដី​វិញ អម​ជាមួយនឹង​ស្នូរ​ទះដៃ និង​ស្រា​សាំ​ប៉ា​ញ។

ក្រុម​អ្នក​ហោះហើរ បាន​ចំណាយពេល​ច្រើន​នាទី​ក្នុងស្ថានភាព​គ្មាន​ទម្ងន់ ពេល​យានអវកាស​បាន​ហោះ​ឡើងដល់​កម្ពស់ 106 គីឡូម៉ែត្រ ខ្ពស់ជាង 6 គីឡូម៉ែត្រ ធៀប​នឹង Karman ដែលជា​ព្រំដែន​អវកាស​មួយ​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់។

មិន​ខុសពី​អ្នក​អវកាស​ប្រហែល 600 នាក់​ដែល​ធ្លាប់បាន​ហោះ​ឡើងដល់​លើ​មេឃ លោក Shatner ក៏មាន​ការភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​ស្ថិតក្នុង​ស្ថានភាព​គ្មាន​ទម្ងន់ និង​បាន​គយគន់​សម្រស់​ដ៏​ស្រស់ស្អាត​របស់​ពិភព​ផែនដី ពីលើ​មេឃ។

«អ្វីដែល​អ្នក​បាន​ផ្ដល់ឱ្យ​ខ្ញុំ នោះ​គឺ​ការទទួល​បទពិសោធន៍​ដ៏​អស្ចារ្យ​បំផុត​ដែល​ខ្ញុំ​នឹកស្មាន​មិន​ដល់។ ខ្ញុំ​ពិតជា​រំភើប​ចំពោះ​អ្វីដែល​បានកើត​ឡើង» Shatner និយាយ​ជាមួយ Jeff Bezos។

កាលពី​ខែកក្កដា Blue Origin បាន​បង្កើត​ជើងហោះហើរ​ដឹក​អ្នកដំណើរ​ដំបូង​របស់ខ្លួន ហោះ​ទៅកាន់​ទី​អវកាស។ ក្នុង​ជើងហោះហើរ​នោះ​មាន​វត្តមាន​របស់លោក Jeff Bezos, ប្អូនប្រុស​របស់លោក Jeff Bezos គឺ​លោក Mark Bezos, អ្នកបើកបរ Wally Funk និង Oliver Daemen រួម​នឹង​អតិថិជន​វ័យ 18 ឆ្នាំ​ម្នាក់ ដែល​មិន​បញ្ចេញ​ឈ្មោះ មកពី ប្រទេស​ហូ​ឡង់។

លោក William Shatner មានឈ្មោះ​ល្បី នៅក្នុង​តួអង្គ​ប្រធាន​ក្រុម​នាវិក Kirk របស់​យានអវកាស USS Enterprise ក្នុង​ខ្សែភាពយន្ត​វិទ្យាសាស្ត្រ Star Trek។ ដំណើរ​ហោះហើរ​ឆ្លងកាត់​កាឡាក់ស៊ី របស់​យាន USS Enterprise បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី ពលរដ្ឋ​អាម៉េរិក ចំពោះ​វិស័យ​អវកាស នៅពេល​ប្រទេស​នេះ​ចាប់ផ្ដើម​បន្ត​កម្មវិធី​អវកាស​ខ្លួន៕

Advertisement