បាតុកម្ម​ផ្ទុះ​ឡើង​ ក្រោយ​ពី​បទបញ្ជា​ប្រើប្រាស់​ប័ណ្ណបៃតង​វ៉ាក់សាំង​ប្រឆាំង​ COVID-19 ចាប់​ផ្ដើម​មាន​សុពលភាព

(អ៊ីតាលី)-បាតុកម្ម​ជាច្រើន​បាន​ផ្ទុះឡើង​នៅ​ពាសពេញ​ទឹកដី អ៊ីតាលី នៅពេល​វិធានការ​ទប់ស្កាត់ COVID-19 ប្រកបដោយ​ភាព​តឹងរ៉ឹង​បំផុត​នៅ អឺរ៉ុប ចាប់ផ្ដើម​មាន​សុពលភាព ដោយសារ​វា​តម្រូវឱ្យ​បុគ្គលិក​ទាំងអស់ តាំងពី​ចៅក្រម រហូតដល់​កូនឈ្នួល ត្រូវ​បង្ហាញ​ប័ណ្ណ​បៃតង ទើប​អាចធ្វើ​ការ​បាន។

កាលពី​ថ្ងៃទី 15 តុលា ក្រុមប៉ូលិស អ៊ីតាលី ត្រូវបាន​ដាក់ពង្រាយ សាលារៀន​មួយចំនួន​ត្រូវ​បិទទ្វារ​បន្ទាន់ ខណៈដែល​ស្ថានទូត​នានា​ព្រមាន​ថា បាតុកម្ម​ប្រឆាំង​ប័ណ្ណ​បៃតង (ប័ណ្ណ​បញ្ជាក់​អំពី​ការចាក់​វាក់​សាំង ឬ​មាន​អង់​ទី​ក័​រ​ប្រឆាំង COVID-19) អាច​ក្លាយជា​អំពើហិង្សា។

ប៉ុន្តែ នៅ​ដំណាច់​ថ្ងៃ​ដដែល បាតុកម្ម​ភាគច្រើន​ត្រូវបាន​ធ្វើឡើង​ដោយ​សន្តិវិធី។ ទីតាំង​បាតុកម្ម​ខ្លះ ក្រុមបាតុករ​បាន​សម្ដែង​សញ្ញា​សន្តិភាព​ដោយ​ការជូន​ផ្កា​ដល់​កងកម្លាំង​ប៉ូលិស។

«យើង​មក​ទីនេះ​មិនមែន​ដើម្បី​បង្ក​អំពើហិង្សា ឬ​បញ្ហា​ស្រដៀង​នេះ យើង​មក​ទីនេះ​ក៏​ព្រោះតែ​ពួកគេ​ដកហូត​សិទ្ធិ​របស់​យើង។ យើង​មិនអាច​ទៅធ្វើ​ការ​បាន​ទៀត» បាតុករ​ម្នាក់​ឈ្មោះ Elena Campisi ត្អូញត្អែរ​ប្រាប់​អ្នកយកព័ត៌មាន។

«ប័ណ្ណ​បៃតង» (Green Pass) គឺជា​ភ័ស្ដុតាង​ដែល​ទទួលស្គាល់ថា ម្ចាស់​វា​បាន​ចាក់​វ៉ាក់សាំង លទ្ធផល​តេស្ត​អវិជ្ជមានថ្មីៗ ឬ​បានជា​សះស្បើយ​ពី​ជំងឺ COVID-19 ក្នុង​រង្វង់ 6 ខែ។

អ៊ីតាលី តម្រូវឱ្យ​ពលរដ្ឋ​គ្រប់រូប បង្ហាញ​ប័ណ្ណ​បៃតង មុនពេល​ចូលទៅក្នុង​អគារ រួមទាំង​ភោជនីយដ្ឋាន, សារមន្ទីរ, សាល​មហោស្រព, រថភ្លើង។ល។ ប៉ុន្តែ ការតម្រូវ​ឱ្យ​បង្ហាញ​ប័ណ្ណ​បៃតង​ទើប​អាច​ចូលធ្វើការ​បាន​នាពេលថ្មីៗនេះ បាន​នាំឱ្យ​មានមតិ​ប្រឆាំង​យ៉ាងខ្លាំង​ក្លា​នៅ​ប្រទេស​នេះ។

បាតុករ​ម្នាក់​ឈ្មោះ Loris Mazzarato ប្រកាសថា៖ «ថ្ងៃនេះ​ពួកគេ​កំពុង​ជាន់ឈ្លី​រដ្ឋធម្មនុញ្ញ​រប​ស់​យើង។ ខ្ញុំ​និយាយថា ទេ ចំពោះ​ការរើសអើង​នេះ»។

Loris Mazzarato ស្ថិតក្នុង​ចំណោម​បាតុករ​រាប់រយ​នាក់​នៅ Trieste ជាទី​ដែល​ការតវ៉ា​របស់​ពលករ​កំពង់ផែ កំពុង​ជះឥទ្ធិពល​របស់​សកម្ម​ភាព​ពាណិជ្ជកម្ម។

បទបញ្ជា​ថ្មី​របស់ អ៊ីតាលី នេះ ត្រូវបាន​គេ​យល់ថា ជាការ​ដាក់​សម្ពាធ​ទៅលើ​ពលករ និង​អ្នកប្រើប្រាស់​ពលករ។ ម៉ាស៊ីន​ស្កេ​ន​កូដ QR លើ Green Pass ត្រូវបាន​អាជ្ញាធរ​ដំឡើង​នៅក្នុង​បណ្ដា​ទីតាំង​ធ្វើការធំៗ មានដូចជា ការិយាល័យ​នាយករដ្ឋមន្ត្រី Mario Draghi ឬ​ការិយាល័យ​កណ្ដាល​របស់​ក្រុមហ៊ុន​ផ្លូវដែក​រដ្ឋ Trenitalia ។ល។

ចំណែក​នៅ​ទីកន្លែង​ធ្វើការ​ដែលមាន​ទំហំ​តូច ចាប់ពី​ភោជនីយដ្ឋាន ដល់​ក្លឹប​កីឡា​វាយ​កូន​បាល់ (tennis) អ្នកប្រើប្រាស់​កម្លាំង​ពលកម្ម​ត្រូវតែ​ទាញយក​កម្មវិធី​មួយ​ដែល​អាច​ស្កេ​ន​កូដ QR។ បើទោះជា​មិនដឹង​ច្បាស់​ថា អ៊ីតាលី នឹង​អនុវត្ត​បទបញ្ជា​នេះ​តឹងរ៉ឹង​កម្រិតណា ប៉ុន្តែ​ការព្រួយបារម្ភ​អំពី​ការដែល​ត្រូវ​ត្រួតពិនិត្យ​នៅនឹងកន្លែង បានធ្វើឱ្យ​ក្រុមហ៊ុន​នានា​ត្រូវ​បង្ខំចិត្ត​គោរព​តាម។

ការពិន័យ​ជា​ប្រាក់​ចំពោះ​អ្នកប្រើប្រាស់​កម្លាំង​ពលកម្ម​ដែល​មិនបាន​ពិនិត្យ​ប័ណ្ណ​បៃតង​របស់​បុគ្គលិក​គឺ​ចាប់ពី 400 ដល់ 1,000 អឺរ៉ូ។ បុគ្គលិក​ម្នាក់​ដែល​មិនបាន​បង្ហាញ​ប័ណ្ណ​បៃតង​នៅ​កន្លែងធ្វើការ ត្រូវបាន​ចាត់ទុកថា​អវត្តមាន​ដោយ​មិនមាន​មូលហេតុ​សម​ហេតុផល ហើយ​បើសិន​បង្ហាញខ្លួន​ដោយ​មិនមាន​ប័ណ្ណ​បៃតង​ស្របច្បាប់ ពួកគេ​អាច​ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចាប់ពី 600 ដល់ 1,500 អឺរ៉ូ។

ចំណាត់ការ​ខាងលើនេះ​គឺ​ក្នុង​បំណង​ជំរុញ​កំណើន​នៃ​ការចាក់​វ៉ាក់សាំង​នៅ ប្រទេស​អ៊ីតាលី ដែល​បច្ចុប្បន្ន​បាន​កើន​ដល់​ជាង 81% ធៀប​នឹង​ចំនួន​ប្រជាជន​ដែលមាន​វ័យ​ចាប់ពី 12 ឆ្នាំ។ ក៏ប៉ុន្តែ សម្រាប់​អ្នក​ដែល​មិនអាច ឬ​មិន​ចង់​ចាក់​វ៉ាក់សាំង បទបញ្ជា​ខាងលើ តម្រូវឱ្យ​ពួកគេ​ធ្វើតេស្ត 48 ម៉ោង/ម្ដង ដើម្បី​អាច​ចូលធ្វើការ​បាន។ ចំណែក​អ្នក​ដែល​ត្រូវបាន​បញ្ជាក់ថា មិនអាច​ចាក់​វ៉ាក់សាំង​បាន ទទួលបាន​ការលើកលែង​ពីបទ​បញ្ជា​នេះ៕

Advertisement