ករណី​ចាក់​សម្លាប់​តំណាងរាស្ត្រ​ម្នាក់​នៅ ប្រទេស​អង់គ្លេស សមត្ថកិច្ច​ថា​ជា​អំពើ​ភេរវកម្ម

ជនសង្ស័យ អាយុ 25 ឆ្នាំ ជា​ពលរដ្ឋ​អង់គ្លេស ដើមកំណើត​សូ​ម៉ាលី បាន​សម្រុក​យ៉ាង​លឿន​ចូលក្នុង​វិហារ​ដែល​តំណាងរាស្ត្រ David Amess កំពុង​ជួប​ជាមួយ​ម្ចាស់ឆ្នោត ហើយ​ដក​កាំបិត ចាក់​ប្រហារ បណ្ដាលឱ្យ​តំណាងរាស្ត្រ​រូបនេះ​ដួល​ទៅលើ​ដី។

នៅឯ​វិហារ Belfairs នា​ទីរួមស្រុក Leigh-on-Sea ក្នុង​តំបន់ Essex ក្រុម​ម្ចាស់ឆ្នោត​ដែល​កំពុង​សប្បាយរីករាយ បាន​ប្រែ​ទៅជា​តក់ស្លុត នៅពេល​បានឃើញ​ហេតុការណ៍​នេះ។ ពួកគេ​បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស​នៅវេលា​ម៉ោង 12 និង 05 នាទី។ តំណាងរាស្ត្រ David Amess  ត្រូវបាន​គេ​បញ្ជាក់ថា បាន​ស្លាប់​នៅវេលា​ម៉ោង 15 នៃ​ថ្ងៃទី 15 តុលា។

ប៉ូលិស Essex បាន​ចាប់ខ្លួន​ជនដៃដល់​នៅ​កន្លែងកើតហេតុ និង​ដកហូត​អាវុធ​ដែល​ជននេះ​បាន​ប្រើប្រាស់។ ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ថា​ជា​ពលរដ្ឋ​អង់គ្លេស ដើមកំណើត​សូ​ម៉ាលី។ សមត្ថកិច្ច​បាន​ហៅ​ករណីនេះ​ថា​ជា​អំពើ​ភេរវកម្ម​ដែលមាន​អង្គការ​ចាត់តាំង ទាក់ទិន​នឹង​លទ្ធិ​អ៊ីស្លាម​ជ្រុលនិយម។

តំណាង​រាស្ត្រ​របស់​ អង់គ្លេស លោក​ David Amess

តំណាងរាស្ត្រ David Amess ជា​អ្នក​ដែលមាន​គំនិត​ប្រឆាំងនឹង​អាពាហ៍ពិពាហ៍​រវាង​មនុស្ស​ភេទ​ដូចគ្នា និង​ការ​រំលូតកូន ត្រូវបាន​គេ​មើលឃើញថា មាន​ទឹកមុខ​សប្បាយរីករាយ​ និង​សើច​​ក្អាក​ក្អាយ​ជាមួយនឹង​មនុស្ស​នៅ​ជុំវិញ​ប្រហែល 15 នាទី មុនពេល​ត្រូវគេ​ចាក់​ប្រហារ។

តំណាងរាស្ត្រ Amess អាយុ 69 ឆ្នាំ បាន​ក្លាយជា​សមាជិកសភា​ជាតិ តំណាងឱ្យ​ទីក្រុង Basildon កាលពី​ឆ្នាំ 1983។ ចាប់ពី​ឆ្នាំ 1997 លោក​គឺជា​តំណាងរាស្ត្រ​នៃ​មណ្ឌលបោះឆ្នោត Southend West របស់​តំបន់ Essex។

កាលពីដើម​ឆ្នាំនេះ លោក Amess ធ្លាប់បាន​ថ្លែង​រិះគន់​ដល់​អំពើ​ប្រឆាំង​សង្គម និង​ករណី​ល្មើសច្បាប់​ដែលមាន​ការប្រើប្រាស់​កាំបិត៕

Advertisement