បាតុកម្ម​ដ៏​ធំ ប្រឆាំងនឹង ក្រុម​ហ្វា​ស៊ី​ស​និយម នៅ ប្រទេស​អ៊ីតាលី

កាលពី​ថ្ងៃទី 16 តុលា មនុស្ស​រាប់សែន​នាក់​បាននាំគ្នា​ចេញ​ដើរ​តាម​ដងផ្លូវ​ក្នុង ទីក្រុង​រ៉ូម របស់ ប្រទេស​អ៊ីតាលី ដើម្បី​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំងនឹង ហ្វា​ស៊ី​ស​និយម និង​ប្រមូល​ផ្ដុំគ្នា​នៅក្រោម​ផ្ទាំង​បដា «លែងមាន​លទ្ធិ​ហ្វា​ស៊ី​ស៖ គាំទ្រ​ការងារ ការចូលរួម និង​ប្រជាធិបតេយ្យ»។

ការទាមទារ​ចម្បង​របស់​ក្រុមបាតុករ​គឺ ការរំសាយ​ជាបន្ទាន់​នូវ​បក្ខពួក និង​អង្គការ​ចាត់តាំង​ដែល​ជាប់​ទាក់ទិន​នឹង​លទ្ធិ​ហ្វា​ស៊ី​ស បើទោះជា​ផ្ទាល់ ឬ​ប្រយោល​ក៏ដោយ។

ប្រភពព័ត៌មាន​ពី ទីក្រុង​រ៉ូម បានឱ្យដឹងថា លោក Mauricio Ladini លេខា​របស់ សហព័ន្ធ​សហជីព​ទូទៅ​អ៊ីតាលី (CGIL) បាន​សង្កត់ធ្ងន់ថា៖ «យើង​កំពុងនិយាយ​អំពី​ចលនា​មួយ​ដែល​មិន​ត្រឹមតែ​មិនមាន​និន្នាការ​រក​បក្ស​ណាមួយ​នោះទេ តែ​ក៏​ការពារ​ផលប្រយោជន៍​របស់​ប្រជាជន​ទាំងអស់​នៅ អ៊ីតាលី»។

លោក Luigi Di Maio រដ្ឋមន្ត្រីការបរទេសអ៊ីតាលី (កណ្ដាល), លោក Enrico Letta ប្រធានបក្សប្រជាធិបតេយ្យ (ឆ្វេង) និង​លោក Giuseppe Conte អតីតនាយករដ្ឋមន្ត្រី និងជាមេដឹកនាំចលនាផ្កាយប្រាំ (M5S)

ដោយសារតែ​មានការ​ការពា​រ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង ដូច្នេះ​ពុំមាន​បញ្ហា​ហិង្សា​ណាមួយ​កើតឡើង​នៅក្នុង​បាតុកម្ម​នេះ។ យោងតាម​ក្រុម​អ្នករៀបចំ បាតុកម្ម​នេះ​មាន​មនុស្ស​ចូលរួម​រហូតដល់ 200,000 នាក់ បន្ទាប់ពី​ការអំពាវនាវ​របស់​ស​ហ​ជីពធំៗចំនួន 3 នៅ ប្រទេស​អ៊ីតាលី រួមមាន សហព័ន្ធ​សហជីព​ទូទៅ​អ៊ីតាលី (CGIL), សហជីព​កម្មករ​អ៊ីតាលី (CISL) និង សម្ព័ន្ធ​ពលកម្ម​អ៊ីតាលី (UIL)។

ដោយឡែក ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា បាតុកម្ម​នេះ​មាន​មនុស្ស​ចូលរួម​ជិត 50,000 នាក់ ក្នុងនោះ​ក៏មាន​លោក Luigi Di Maio រដ្ឋមន្ត្រីការបរទេស​អ៊ីតាលី, លោក Enrico Letta ប្រធាន​បក្ស​ប្រជាធិបតេយ្យ, លោក Giuseppe Conte អតីត​នាយករដ្ឋមន្ត្រី និង​ជា​មេដឹកនាំ​ចលនា​ផ្កាយ​ប្រាំ (M5S) ផងដែរ៕

Advertisement