«ឪពុកម្ដាយ​នឹងត្រូវ​ទទួលពិន័យ បើ​សិន​​កូន​របស់​ពួកគេ​ប្រព្រឹត្ត​កំហុសឆ្គង»! សភា​ចិន នឹងធ្វើ​ការអនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ថ្មី​នេះ

សភា​នៃ​ប្រទេស​ចិន នឹងធ្វើ​ការពិនិត្យ អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​មួយ​ដែល​ចែងថា បើសិនជា​ក្មេង​ម្នាក់​បង្កហេតុ​ធ្ងន់ធ្ងរ ឬ​ប្រព្រឹត្ត​បទល្មើស នោះ​អាណាព្យាបាល​របស់​ពួកគេ​នឹងត្រូវ​ទទួលពិន័យ។

សារព័ត៌មាន Reuters បាន​រាយការណ៍​ថា នៅក្នុង​សេចក្ដីព្រាងច្បាប់​របស់ ប្រទេស​ចិន ស្ដីពី​ការជំរុញ​ការអប់រំ​គ្រួសារ​នេះ អាណាព្យាបាល​ដែល​នឹង​ត្រូវបាន​ស្ដីបន្ទោស ក៏​នឹង​ត្រូវឱ្យ​អនុវត្ត​កម្មវិធី​ណែនាំ អប់រំ​នៅក្នុង​ផ្ទះ បើសិន​រដ្ឋអាជ្ញា​រកឃើញ​ថា ក្មេង​ដែល​ស្ថិតក្រោម​អាណាព្យាបាល​របស់​ពួកគេ បាន​ប្រព្រឹត្ត​អំពី​ខុសឆ្គង ឬ​ល្មើសច្បាប់។

លោក Zang Tiewei អ្នកនាំពាក្យ​របស់​គណៈ​កម្ម​ការទទួល​បន្ទុក​លើ​បញ្ហាបង្កើត​ច្បាប់​របស់​សភា បាន​បកស្រាយ​ថា៖ «មាន​កត្តា​ជាច្រើន​បណ្ដាលឱ្យ​ក្មេង​ជំទង់​មាន​ឥរិយាបថ​ខុសឆ្គង ក្នុងនោះ កង្វះ​ការអប់រំ​នៅក្នុង​គ្រួសារ ឬ​ការអប់រំ​មិន​សមស្រប​គឺជា​មូលហេតុ​ចម្បង»។

សេចក្ដីព្រាងច្បាប់​នេះ​ក៏​អំពាវនាវ​ដល់​ស្រទាប់​ឪពុកម្ដាយ និង​អាណាព្យាបាល រៀបចំ​ពេលវេលា​ដើម្បីឱ្យកូនៗរបស់​ពួកគេ​បាន​សម្រាក សប្បាយរីករាយ និង​ហាត់ប្រាណ​ផងដែរ។ គណៈកម្មការ​ខាងលើ​នឹង​ពិនិត្យ​លើ​បញ្ហា​នេះ​នៅក្នុង​កិច្ចប្រជុំ​នា​សប្ដាហ៍​នេះ។

ក្នុង​ឆ្នាំ 2021 រដ្ឋាភិបាល​ប្រទេស​ចិន បាន​ដាក់ចេញ​វិធានការ​តឹងរ៉ឹង​ជាច្រើន​ទាក់ទិន​នឹង​ក្មេង​ជំទង់ និង​យុវវ័យ តាំងពី​ការកំណត់​ពេលវេលា​នៃ​ការលេង​ហ្គេម​អន​ឡាញ ការហាម​បង្រៀន​ក្រៅ​ម៉ោង​រដ្ឋ រហូតដល់​ការ​រឹតបន្តឹង​លើ​និន្នាការ​គាំទ្រ​តារា​សំណព្វ (idol) របស់​យុវវ័យ​ផងដែរ៕

Advertisement