តៃវ៉ាន់ ជឿជាក់ថា សហរដ្ឋ​អាម៉េរិក នឹង​ជួយ​ការពារ​កោះ​នេះ

លោកស្រី Tsai Ing-wen

មេដឹកនាំ កោះ​តៃវ៉ាន់ លោកស្រី Tsai Ing-wen មានជំនឿថា សហរដ្ឋ​អាម៉េរិក នឹង​ការពារ​កោះ​នេះ បើសិនជា​មានការ​វាយប្រហា​រ​ពី ចិនដីគោក នៅពេលដែល​ភាព​តានតឹង​កំពុង​កើនឡើង​ខ្លាំង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។

«ខ្ញុំ​មាន​ជំនឿ​ង​ថា កងកម្លាំង​របស់ សហរដ្ឋ​អាម៉េរិក នឹង​ជួយ​ការពារ តៃវ៉ាន់ នៅ​ចំពោះមុខ ប្រទេស​ចិន បើសិនជា​ចាំបាច់» នេះ​បើតាម​សម្ដី​របស់ លោកស្រី Tsai Ing-wen នៅក្នុង​កិច្ច​សម្ភាស​ជាមួយ CNN កាលពី​ថ្ងៃទី 27 តុលា។ ក្នុង​កិច្ច​សម្ភាស​នេះ លោកស្រី​ក៏បាន​ទទួលស្គាល់​ជា​លើកដំបូង​ថា កងទ័ព​របស់ សហរដ្ឋ​អាម៉េរិក កំពុង​បណ្ដុះបណ្ដាល​ដល់​កងកម្លាំង​របស់ កោះ​តៃវ៉ាន់ បន្ទាប់ពី​មន្ត្រី​ម្នាក់​របស់​មន្ទីរ​បញ្ច​កោណ បាន​បង្ហើប​ឱ្យដឹង​ព័ត៌មាន​នេះ​កាលពីដើម​ខែតុលា។

លោកស្រី Tsai Ing-wen ថ្លែងថា «យើង​សហការ​យ៉ាង​ទូលំទូលាយ​ជាមួយ សហរដ្ឋ​អាម៉េរិក ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ខ្លួន» រួមមាន​ទាំង​ការដែល សហរដ្ឋ​អាម៉េរិក កំពុង​បណ្ដុះបណ្ដាល​មន្ត្រី​យោធា​របស់ តៃវ៉ាន់ ផងដែរ។

ប៉ុន្តែ មេដឹកនាំ​របស់ តៃវ៉ាន់ រូបនេះ ក៏បាន​សង្កត់ធ្ងន់ថា លោកស្រី​សង្ឃឹមថា ចិនដីគោក និង កោះ​តៃវ៉ាន់ អាច «រួមរស់​ជាមួយគ្នា​នៅក្នុង​សន្តិភាព» និង​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង ដើម្បី «កាត់បន្ថយ​ការយល់ច្រលំ» ដោះស្រាយ​បញ្ហា​ខ្វែងគំនិត​គ្នា​នៅក្នុង​ប្រព័ន្ធ​នយោបាយ។

ការអធិប្បាយ​របស់លោក​ស្រី Tsai Ing-wen ត្រូវបាន​លើកឡើង​នៅពេល​ប្រធានាធិបតី​អាម៉េរិក លោក Joe Biden រិះគន់​ចំពោះ ប្រទេស​ចិន ទាក់ទិន​នឹង​សកម្មភាព​យោធា​នៅក្បែរ កោះ​តៃវ៉ាន់ ក្នុងពេល​លោក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ីអាគ្នេយ៍ ដែលមាន​វត្តមាន​រប​ស់​នាយករដ្ឋមន្ត្រី​ចិន លោក Li Keqiang ផងដែរ។

សហរដ្ឋ​អាម៉េរិក និង ចិនដីគោក កំពុង «ឈ្លោះប្រកែក​គ្នា» ទាក់ទង​នឹង​ការ​ដែលថា គួរ​អនុញ្ញាតឱ្យ តៃវ៉ាន់ ចូល​ជា​សមាជិក​នៃ​អង្គការ​នានា​របស់ អង្គការសហប្រជាជាតិ ឬ​អត់។ អាម៉េរិក យល់ថា តៃវ៉ាន់ គួរតែ​បាន​ចូលរួម ដោយសារ «តម្លៃ​ជាក់ស្ដែង» ខណៈដែល ចិនដីគោក ប្រកាសថា កោះ​តៃវ៉ាន់ មិនមាន​សិទ្ធិ​ចូលរួម​ក្នុង​អង្គការ​អន្តរជាតិ​ណាមួយ​នោះទេ៕

Advertisement