(វីដេអូ)-អ្នក​វិទ្យា​សាស្ត្រ​ រកឃើញ​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ មាន​សម្បក​ស្រួយ​ដូច​សម្បក​ស៊ុត

ការ​គណនា​តាម​ប្រព័ន្ធ​កុំព្យូទ័រ (Computer simulation) បាន​បង្ហាញថា បណ្ដា​ភព​ដែល​នៅ​ក្មេង ហើយ​ផ្ទៃ​ខាងលើ​មាន​សីតុណ្ហភាព​ខ្ពស់​គឺ មានប​ណ្ឌ​ល​ថ្ម (សម្បក​ខាងក្រៅ) យ៉ាង​ស្ដើង និង​ស្រួយ មិនអាច​ទ្រទ្រង់​ជីវិត។

បណ្ដា​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ពិត​ជាមាន​ភាពខុសប្លែក​ខ្លាំងណាស់ ក្នុងនោះ មាន​មួយចំនួន​ក្ដៅ​ខ្លាំង និង​ហួតហែង ខណៈ​មួយចំនួនទៀត​មាន​ភ្លៀង​ត្បូង​ពេជ្រ​ពិតប្រាកដ។

ដោយ​ការ​គណនា​នៅលើ​ប្រព័ន្ធ​កុំព្យូទ័រ ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ ការ៉ូ​លី​ណា​ខាងជើង (North Carolina) និង​សាកលវិទ្យាល័យ​វ៉ា​ស៊ី​ង​តោន បានឱ្យដឹងថា ពួកគេ​បាន​រកឃើញ​ប្រភេទ​នៃ​ភព​ថ្មី​មួយ​ដែលមាន​ផ្ទៃ​ខាងលើ​ស្រួយ​ដូច​សម្បក​ស៊ុត។

យោងតាម​ការស្រាវជ្រាវ​ខាងលើ ប្រភេទ​ភព​នេះ​មាន​មណ្ឌលថ្ម (Lithosphere) យ៉ាង​ស្ដើង និង​ស្រួយ។ សណ្ដាន​ដី​របស់​ពួកវា​ក៏​រាបស្មើ​ដូច​ទៅនឹង​តំបន់​វាលរាប​នៅលើ​ភព​សុក្រ។

ដូច្នេះ​តើក​ត្តា​អ្វីខ្លះ​ដែល​បាន​បង្កើត​ពិភព​មួយ​ដែលមាន​ផ្ទៃ​ដូច​សម្បក​ស៊ុត?

ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយថា សីតុណ្ហភាព​នៅលើ​ផ្ទៃ​ភព និង​អាយុកាល​របស់​ភព​គឺជា​កត្តា​ចម្បង​ដែល​នាំឱ្យមាន «ភព​សម្បក​ស៊ុត»។

ភព​ដែល​ក្ដៅ​តែងតែមាន​សម្បក​ខាងក្រៅ​ស្រួយ ហើយ​បើ​វា​កាន់តែ​ក្មេង នោះ​មណ្ឌលថ្ម​នឹង​កាន់តែ​ស្ដើង។ ភព​ដែលមាន​លក្ខណៈ​ដូច​សម្បក​ស៊ុត អាច​មិនមាន​បាតុភូត ផ្លាក​តិច​តូ​និ​ច (plate tectonics) ដូច​នៅលើ​ផែនដី ព្រោះតែ​កម្រិត​នៃ​ភាព​ស្រួយ​របស់​វា​មិន​អនុញ្ញាតឱ្យ​មណ្ឌលថ្ម​ប្រែ​ទៅជា​កោង ហើយ​ជាងនេះទៀត វា​មាន​មណ្ឌលថ្ម​តែមួយ​ស្រទាប់​ប៉ុណ្ណោះ។ ពុំមាន ផ្លាក​ទិច​តូ​និ​ច គឺ​មានន័យថា ភព​នោះ​ពិបាក​ក្នុងការ​ទ្រទ្រង់​ជីវិត។

របកគំហើញ​នេះ​នឹង​ជួយ​ឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ កាត់បន្ថយ​ពេលវេលា​បាន​ច្រើន​នៅក្នុង​បេសកកម្ម​រុករក​ពិភពថ្មី​ក្នុង​អនាគត៕

Advertisement