ប្រធានាធិបតី​រុស្ស៊ី និយាយថា អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​របស់ សហរដ្ឋ​អាម៉េរិក ខ្លាំង​ជាង ចិន

លោក Putin យល់ថា សហរដ្ឋ​អាម៉េរិក កំពុង​ដើរ​មុន ចិន មួយ​ជំហាន ទាក់ទង​នឹង​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង បើ​ទោះ​ជា​​មិនបាន​ប្រកាស​ជា​សាធារណៈ​អំពី​បញ្ហា​នេះ។

«យើង​បាន​មើលឃើញ​ប្រតិកម្ម​របស់ អាម៉េរិក ចំពោះ​ការសាកល្បង​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​របស់ ចិន កាលពីពេលថ្មីៗនេះ» ប្រធានាធិបតី​រុស្ស៊ី លោក Putin ថ្លែង​ដូច្នេះ​នៅក្នុង​វេទិកា​វិនិយោគ VTB Capital ដែលមាន​ឈ្មោះថា «ប្រទេស​រុស្ស៊ី​ហៅ ឬ Russia Calling» កាលពី​ថ្ងៃទី ៣០ វិច្ឆិកា។ «ប៉ុន្តែ ខ្ញុំ​ដឹងថា អាម៉េរិក បាន​ដើរ​មុន​បន្តិច​ក្នុងការ​អភិវឌ្ឍ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង។ ពួកគេ​គ្រាន់តែ​មិន​និយាយ​អំពី​កិច្ចការ​នោះ និង​មិនមាន​អ្នកណា​បង្ក​ការភ្ញាក់ផ្អើល​អំពី​វា»។

ការ​ថ្លែង​របស់លោក Putin ត្រូវបាន​ធ្វើឡើង មួយខែ​ក្រោយពី ចិន ត្រូវបាន​គេ​សង្ស័យថា បាន​សាកល្បង​រ៉ុក្កែត​ល្បឿន​លឿន​ជាង​សំឡេង​ដែលមាន​សមត្ថភាព​ហោះហើរ​ជុំវិញ​ពិភពលោក។ សារព័ត៌មាន​របស់ អាម៉េរិក ដកស្រង់​សម្ដី​របស់​មន្ត្រី​មួយចំនួន ឱ្យដឹងថា ពួកគេ «ភ្ញាក់ផ្អើល» ចំពោះ​ការរីកចម្រើន​នេះ​របស់ ចិន។

មេបញ្ជាការរង​នៃ​កងទ័ព​អវកាស​អាម៉េរិក លោក David Thompson កាលពី​ថ្ងៃទី ២០ វិច្ឆិកា យល់ថា សមត្ថភាព​នៃ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​របស់ សហរដ្ឋ​អាម៉េរិក «មិនទាន់​សម័យ» ដូច​កម្មវិធី​ដែល​អភិវឌ្ឍ​ដោយ រុស្ស៊ី និង ចិន ព្រមទាំង​បាន​ព្រមាន​ថា ទីក្រុង​វ៉ា​ស៊ី​ង​តោន កំពុងតែ​អន់ថយ​ជាង​គូបដិបក្ខ​នានា​ក្នុងការ​រត់ប្រណាំង​អាវុធ​ទំនើប។

រ៉ុក្កែងល្បឿនលឿនជាងសំឡេងរបស់ អាម៉េរិក ដែលត្រូវបានបាញ់សាកល្បងនៅ Hawaii កាលពីខែមីនា ឆ្នាំ ២០២០

ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី ១៨ វិច្ឆិកា ក៏បាន​សាកល្បង​រ៉ុក្កែត​ល្បឿន​លឿន​ជាង​សំឡេង Zircon ដែល​បាញ់​ចេញពី​នាវា​អម​ការពារ Gorshkov ផងដែរ។ ចំណែក​ការសាកល្បង​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​របស់ សហរដ្ឋ​អាម៉េរិក ក្នុង​ខែតុលា សុទ្ធតែ​ត្រូវបាន​គេ​យល់ថា បាន​បរាជ័យ។

លោក Putin សង្កត់ធ្ងន់ថា រុស្ស៊ី ផ្ដល់​តម្លៃ​ខ្ពស់​ដល់​កិច្ចសន្ទនា​ជាមួយ អាម៉េរិក និង ចិន។ «យើង​គិតដល់​កិច្ចការ​ការពារ​សន្តិសុខ​ជាតិ និង​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​នានា​ទៅតាម​ទិសដៅ​សំខាន់​របស់​ប្រទេសជាតិ។ ឧទាហរណ៍​មួយ នោះ​គឺ ត្រូវការ​សន្ទនា​ស្ដីអំពី​ស្ថិរភាព​យុទ្ធសាស្ត្រ​ជាមួយ អាម៉េរិក និង ចិន» លោក Putin ថ្លែង​ដូច្នេះ។

ទាក់ទង​នឹង​ការ​ថ្លែង​របស់​ប្រធានាធិបតី​រុស្ស៊ី ភាគី​ប្រ​ទស​ចិន និង សហរដ្ឋ​អាម៉េរិក មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ៕

Advertisement