ទិដ្ឋភាព​ដ៏​គួរឱ្យ​ភ័យខ្លាច​ដែល​បង្កឡើង​ដោយ​ខ្យល់កំបុតត្បូង នៅ​សហរដ្ឋ​អាម៉េរិក

កងកម្លាំង​ជួយសង្គ្រោះ​បន្ទាន់​របស់ សហរដ្ឋ​អាម៉េរិក កំពុង​រត់ប្រណាំង​នឹង​ពេលវេលា​នៅក្នុង​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​រងគ្រោះ​ដោយសារ​ខ្យល់កំបុតត្បូង ដែល​បាន​បណ្ដាលឱ្យមាន​អ្នកស្លាប់​ជាង ៨០ នាក់ នៅក្នុង​រដ្ឋ​ចំនួន ។

រដ្ឋ Kentucky គឺជា​កន្លែង​ដែល​រងគ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​បំផុត បន្ទាប់ពី​មាន​ខ្យល់កំបុតត្បូង​ប្រមាណ ៣០ ករណី បាន​វាយប្រហារ​ទៅលើ​រដ្ឋ​ចំនួន ៦ របស់ អាម៉េរិក ដែល​រួមមាន រដ្ឋ Arkansas, Illinois, Kentucky, Missouri, Tennessee និង​រដ្ឋ Mississippi កាលពី​ចុង​សប្ដាហ៍​មុន។

ក្រុមមន្ត្រី​អាម៉េរិក បច្ចុប្បន្ន បានឱ្យដឹងថា មនុស្ស​ជាង ៨០ នាក់ បាន​ស្លាប់​ដោយសារ​ខ្យល់កំបុតត្បូង ប៉ុន្តែ តួលេខ​នេះ​អាច​កើន​ឡើងដល់​ជាង ១០០ នាក់ នៅពេល​បញ្ចប់​យុទ្ធនាការ​ជួយសង្គ្រោះ។

អភិបាលរដ្ឋ Kentucky លោក Andy Beshear បាន​ហៅ​ខ្យល់កំបុតត្បូង​នេះ​ថា​ជា «គ្រោះអាក្រក់​បំផុត សាហាវ​បំផុត និង​បង្ក​ការស្លាប់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ» នេះ។

ប្រធានាធិបតី ចូ បៃ​ដិ​ន ក៏បាន​ថ្លែងថា នេះ​អាចជា​គ្រោះធម្មជាតិ​ខ្យល់កំបុតត្បូង​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក។

កងកម្លាំង​ជួយសង្គ្រោះ​កំពុងតែ​ញាប់ដៃ​ញាប់ជើង​ជួយ​ដល់​ប្រជាជន​បន្ទាប់ពី​គ្រោះធម្មជាតិ​នេះ​បានធ្វើឱ្យ​ផ្ទះសម្បែង ឃ្លាំងទំនិញ​ជាដើម ត្រូវ​ខូចខាត​ទាំងស្រុង៕

Advertisement