ក្មេងស្រី​អាយុ ៣ ឆ្នាំ មាន «ដែក​គោល​ ៩​ ដើម​ ជាប់​ក្នុង​ក្បាល»! ម្ដាយ​របស់​នាង​ត្រូវ​ប៉ូលិស​ហៅ​ទៅ​សួរចម្លើយ

(វៀតណាម)-សមត្ថកិច្ច​បាន​ហៅ​ម្ដាយ​របស់​ក្មេងស្រី រួម​នឹង​សាច់ញាតិ និង​អ្នកជិតខាង​មក​សាកសួរ​ព័ត៌មាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ បន្ទាប់ពី​ក្មេងស្រី​អាយុ ៣ ឆ្នាំ​ម្នាក់ ត្រូវបាន​ថត​ឃើញថា មាន​វត្ថុ​ចំនួន ៩ ដើម ដែល​ដូច​ទៅនឹង​ដែកគោល ជាប់​នៅ​ខាងក្នុង​លលាដ៍ក្បាល។

កាលពី​ព្រឹក​ថ្ងៃទី ៩ មករា ប៉ូលិស​វៀតណាម បានចាប់ផ្ដើម​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​សង្ស័យថា ក្មេងស្រី​អាយុ ៣ ឆ្នាំ ត្រូវគេ​ធ្វើបាប ដោយសារតែ​ក្រុម​វេជ្ជបណ្ឌិត​បាន​រកឃើញ​ថា មាន​វត្ថុ​ចំនួន ៩ ដែលមាន​រូបរាង​ដូច​ដែកគោល ជាប់​នៅក្នុង​លលាដ៍ និង​ខួរក្បាល​របស់​នាង បន្ទាប់ពី​នាង​ត្រូវបាន​បញ្ជូន​ចូល​ពេទ្យ​សង្គ្រោះបន្ទាន់ ព្រោះ​តែមាន​អាការ​ប្រកាច់ និង​បាត់បង់​ស្មារតី។ ម្ដាយ​របស់​ក្មេងស្រី រួម​នឹង​សាច់ញាតិ និង​អ្នកជិតខាង​ជាច្រើន​នាក់ ត្រូវបាន​សមត្ថកិច្ច​អញ្ជើញ​ឱ្យ​ចូលមក​ការិយាល័យ​ដើម្បី​សាកសួរ​ព័ត៌មាន។

អ៊ំស្រី​ខាង​ឪពុក​របស់​កុមារី​រងគ្រោះ

សាច់ញាតិ​របស់​ក្មេងស្រី​ខាងលើ​បានឱ្យដឹងថា ឪពុកម្ដាយ​របស់​ក្មេងស្រី​នេះ បាន​គ្នា​ជា​ប្ដី​ប្រពន្ធ មិនមែន​ដោយសារ​កើតឡើង​ពី​ការស្រលាញ់​នោះទេ។ ពួកគេ​មានកូន ៣ នាក់ ប៉ុន្តែ​បុរស​ជា​ប្ដី​ហាក់​មិនមាន​បញ្ញា​ល្អ ទើប​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​រ៉ាប់រង​គ្រួសារ​ទាំងមូល។

វត្ថុ​ចំនួន ៩ ដែលមាន​រូបរាង​ដូច​ដែកគោល ជាប់​នៅក្នុង​លលាដ៍ និង​ខួរក្បាល​របស់​កុមារី​រងគ្រោះ

កាលពី​ខែកុម្ភៈ ២០២១ ក្រោយពី​រស់នៅ​ជាមួយគ្នា​បាន ១០ ឆ្នាំ ស្ត្រី​ជា​ប្រពន្ធ​បាន​រត់ចោល​គ្រួសារ ហើយ ២ ខែក្រោយ​មក នាង​ក៏​ត្រលប់មក​យក​កូនស្រី​ពៅ​ទៅ​ចិញ្ចឹម នៅពេល​បាន​លែងលះ​ជាមួយ​ប្ដី។ ក្នុងអំឡុង​រស់នៅ​ជាមួយ​ម្ដាយ​រយៈពេល​ប្រហែល ៧ ខែ កុមារី​អាយុ ៣ ឆ្នាំ ត្រូវ​ចូល​ពេទ្យ ៤ ដង ដោយសារតែ​លេប​វិ​ស ពុល​ថ្នាំ​សម្លាប់​សត្វល្អិត និង​បាក់ដៃ។ល។

ករណី​ខាងលើ​បាន​កន្លងផុត​ទៅដោយ​មិនមាន​ការរក​រឿង​ពី​គ្រួសារ​ខាង​ប្ដី ឬ​បញ្ហា​ផ្លូវច្បាប់។ ប៉ុន្តែ លើក​នេះ សាច់ញាតិ​ខាង​ឪពុក​របស់​ក្មេងស្រី បាន​ស្នើឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​មូលហេតុ​ពិត។

ជីតា​ខាង​ឪពុក​របស់​កុមារី​រងគ្រោះ

«ចៅ​របស់ខ្ញុំ នាង​មាន​អាយុ​ទើបតែ ៣ ឆ្នាំ តែមាន​ជាប់​ដែកគោល​រហូតដល់ ៩ ដើម​ក្នុង​ក្បាល គឺ​ពិតជា​រឿង​មិន​គួរឱ្យ​ជឿ មិនអាច​ទទួលយកបាន​ឡើយ» ជីតា​របស់​កុមារី​រងគ្រោះ និយាយ​ដូច្នេះ និង​ស្នើឱ្យ​សមត្ថកិច្ច​វែកមុខ​រក​អ្នក​ដែល​បានធ្វើ​បាប​ចៅ​របស់គាត់៕

Advertisement