ការ​វាយឆ្មក់​របស់​កម្លាំង​ពិសេស​អាម៉េរិក ទៅលើ​មេដឹកនាំ IS អ្នកជិតខាង​រៀបរាប់ថា មិន​ធ្លាប់​បានឮ​ផ្ទាល់​ពីមុនមក

សំឡេង​លាន់​កក្រើក​មេឃ​របស់​ឧ​ត្ថ​ម្ភា​គ​ចក្រ​ដឹក​ក្រុម​ទាហាន​ពិសេស​អាម៉េរិក ដែល​វាយឆ្មក់​លើ​ទីតាំង​លាក់ខ្លួន​របស់ al-Qurashi កាលពី​ថ្ងៃទី ៣ កុម្ភៈ ធ្វើឱ្យ​ប្រជាជន​ក្នុង​ទីរួមស្រុក Atmeh នៃ ប្រទេស​ស៊ី​រី ត្រូវ​ភ្ញាក់​ដឹងខ្លួន​ទាំង​កណ្ដាលយប់។

ពួកគេ​មិន​ធ្លាប់​បានឮ​សំឡេង​អ្វីដែល​លាន់​ដូច​សំឡេង​នេះ។ «មានរឿង​អ្វី​ហ្នឹង​ពុក?» Abu Omar ដែលជា​អ្នករស់នៅ​ក្បែរ​ផ្ទះ​របស់​មេដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាម (IS) Abu Ibrahim al-Hashimi al-Qurashi រៀបរាប់។

ពុំមាន​អ្នកណា​ស្មាន​ដល់​ថា មេដឹកនាំ​របស់​អង្គការ​ភេរវកម្ម​ដ៏​គួរឱ្យ​ភ័យខ្លាច​បំផុត​ក្នុង​ពិភពលោក បែរជា​លាក់ខ្លួន​នៅ​ជាន់​ទី ៣ ក្នុង​អគារ​សាមញ្ញ​មួយ ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ទីតាំង​រឹងមាំ​របស់​ក្រុម​នេះ។ ម្ចាស់ផ្ទះ​បាន​និយាយថា អ្នកបើកបរ​រថយន្ត​ជនជាតិ​ស៊ី​រី​ម្នាក់ បាន​ជួល​ផ្ទះ​នេះ​តាំងពី ១១ ខែ​មុន ក្នុងតម្លៃ ១៣០ ដុល្លារ​អាម៉េរិក/ខែ។

អ្នកបើកបរ​រថយន្ត​ខាងលើ រស់​នៅលើ​ជាន់​ទី ២ ជាមួយ​ប្រពន្ធ និង​កូន ៣ នាក់។ បងស្រី និង​ក្មួយ​ស្រី​របស់​បុរស​នេះ​ក៏​រស់នៅ​ជាមួយគ្នា។ ពួកគេ​មិនបាន​ប្រស្រ័យ រាប់អាន​ជាមួយ​អ្នកណា​ឡើយ។

លោក​ ចូ បៃដិន និង​សហការី នៅ​ក្នុង​បន្ទប់​ស្ថានការណ៍​ តាម​ដាន​ស្ថានភាព​នៃ​បេសក​កម្ម​វាយ​ឆ្មក​នៅ​ ស៊ីរី

ក្រុមមន្ត្រី​អាម៉េរិក ឱ្យដឹងថា ពួកគេ​ទទួលបាន​ដំណឹង​ថា al-Qurashi រស់​នៅលើ​ជាន់ខ្ពស់​បំផុត​របស់​អគារ​នេះ និង​មិនដែល​បាន​ចាក​ចេញពី​ទីនេះ ប៉ុន្តែ ជួនកាល​ក៏​ងូតទឹក​លើដំបូល​ផ្ទះ។ Al-Qurashi ទាក់ទង​ជាមួយ​សមាជិក IS ដទៃទៀត តាមរយៈ​អ្នកបើកបរ​រថយន្ត​ដែល​រស់​នៅលើ​ជាន់​ទី ។

ឧទ្ធម្ភាគចក្រ MH-៦០ Jayhawk ដឹក​កម្លាំង​ពិសេស​អាម៉េរិក មកដល់ Atmeh នៅវេលា​ម៉ោង​ប្រហែល ១ យប់ (ម៉ោង ៦ នៅ ភ្នំពេញ) កាលពី​ថ្ងៃទី ៣ កុម្ភៈ។

Abu Omar ឱ្យដឹងថា កម្លាំង​ពិសេស​អាម៉េរិក មិនបាន​វាយឆ្មក់​ចូល​អគារ​នេះភ្លាមៗនោះទេ តែ​បានស្នើ​ជា​បន្តបន្ទាប់​ឱ្យ​អ្នក​ដែល​ស្ថិតនៅក្នុង​អគារ​នោះ​ចេញមក​សារភាព។

នៅ​ជា​ន់ទី ១ នៃ​អគារ​នេះ មាន​ជន​ស៊ីវិល រស់នៅ ដូច្នេះ កងកម្លាំង​អាម៉េរិក បានស្នើ​ឱ្យ​ពួកគេ​ចាកចេញ។ «ចេញទៅ​ក្រៅ នាង​នោះ ចេញទៅ​ក្រោយ និង​ដើម្បីឱ្យ​កូន​មានឱកាស​រស់» Abu Omar រៀបរាប់ និង​ឱ្យដឹងថា សំឡេង​និយាយ​របស់​កម្លាំង​ពិសេស​នេះ កាន់តែ​មាន​ភាព​គំរាម ព្រមាន​ថា ទាហាន​អាម៉េរិក នឹង​វាយកម្ទេច​ផ្ទះ​នេះ។

«គ្រប់គ្នា​នឹងមាន​សុវត្ថិភាព បើសិនជា​ចេញមក​សារភាព» សំឡេង​ជា​ភាសា​អារ៉ាប់ បាន​បន្លឺឡើង។ «អ្នក​ដែល​មិន​​ព្រម​​ចេញ​មក​​សារភាព​នឹងត្រូវ​ស្លាប់»។

ពេល​ទាហាន​អាម៉េរិក បាញ់​អាវុធ​ដែល​ដូច​ទៅនឹង​រ៉ុក្កែត មនុស្សម្នា​ក៏​រត់​ចេញពីផ្ទះ។ នេះ​បើតាម​ការ​ឱ្យដឹងពី​ស្ត្រី​ម្នាក់។ ស្ត្រូ​រូបនេះ​និយាយថា គ្រួសារ​របស់​អ្នកស្រី ត្រូវ​ទាហាន​អាម៉េរិក សួរចម្លើយ។ «ពេល​ប្រាប់ថា មិន​ស្គាល់​ពួកគេ (មេដឹកនាំ IS) ពួកគេ (ទាហាន​អាម៉េរិក) មិន​ជឿ​ពួក​ខ្ញុំ។ ពួកគេ​សួរថា ជា​អ្នកជិតខាង ហេតុអ្វី​មិន​ស្គាល់គ្នា»។

នៅ​ជា​ន់ទី ៣ al-Qurashi មិន​ព្រម​ចុះចាញ់ និង​បាន​បំផ្ទុះ​គ្រាប់បែក បណ្ដាលឱ្យ​ខ្លួនឯង និង​ក្រុមគ្រួសារ​បាត់បង់​ជីវិត។ កងកម្លាំង​សង្គ្រោះបន្ទាន់​ឱ្យដឹងថា សាកសព ១៣ នាក់ ត្រូវបាន​រកឃើញ​នៅក្នុង​គំនរ​បាក់បែក ក្នុងនោះ​មាន​ក្មេង​ចំនួន ៦ នាក់​ផងដែរ។

កម្លាំង​អាម៉េរិក បាន​សម្រុកចូល​ផ្ទះ ប្រយុទ្ធ​ជាមួយ​អ្នកបើកបរ​រថយន្ត និង​ប្រពន្ធ​របស់គេ​នៅ​ជា​ន់ទី ។ អ្នក​ទាំង ២ បាន​ស្លាប់ ខណៈ​កូន ៤ នាក់ ត្រូវបាន​នាំ​ចេញមកក្រៅ​ដោយ​សុវត្ថិភាព។ ស្ត្រី​ម្នា​ក់នៅ​ជាន់​ទី ១ ឱ្យដឹងថា ក្នុងចំណោម​នោះ មាន​ក្មេងប្រុស​ម្នាក់​អាយុ ១៥ ឆ្នាំ។

Abu Ibrahim al-Hashimi al-Qurashi.

លាក់ខ្លួន​ក្នុង​ជម្រក​ក្រោម​ដី​ក្នុងផ្ទះ​ក្បែរ​នោះ Abu Omar និងកូនៗ បាន​​​‌​ឮ​សំឡេង​គ្រាប់កាំភ្លើង និង​សំឡេង​ផ្ទុះ​ធំ។ ​ក្មេងៗ​ភ័យ​រន្ធត់។ «ពួកគេ​មិន​វាយប្រហារ​គ្រួសារ​យើង​ទេ។ ពួកគេ​មករក​អ្នកផ្សេង» Omar ប្រាប់កូនៗដូច្នេះ។

ម៉ោង​ប្រហែល ៣ (ម៉ោង ៨ នៅ ភ្នំពេញ) កម្លាំង​អាម៉េរិក ចាប់​ផ្ដើម​​ប្រមូល​សម្ភារៈ​ដើម្បី​ចាកចេញ។ ក្រោយ​មក ក្រុម​បុគ្គលិក​សង្គ្រោះបន្ទាន់​ក៏បាន​មកដល់ ដើម្បី​ស្វែងរក​សាកសព​ក្រោម​គំនរ​បាក់បែក។

Jamil al-Dadu អាយុ ៣០ ឆ្នាំ រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន​ក្បែរ​នោះ និយាយថា មិនដែល​បានឃើញ​បេសកកម្ម​ណាមួយ​ដូច្នេះ។ «យើង​នឹកស្មាន​មិន​ដល់​ថា ជនជាតិ​អាម៉េរិក មក​ទីនេះ» al-Dadu និយាយ​ដូច្នេះ។

ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី ៣ កុម្ភៈ ប្រកាសថា «ប្រភព​គំរាមកំហែង​ភេរវកម្ម​សកល​ត្រូវបាន​កម្ចាត់​ចោល» បន្ទាប់ពី al-Qurashi បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្នុង​បេសកកម្ម​វាយឆ្មក់​របស់​អង្គភាព​ពិសេស​អាម៉េរិក។ ចំណែក មន្ទីរ​បញ្ច​កោណ វិញ អះអាងថា ការ​វាយឆ្មក់​ថ្មី​នេះ​គឺជា​បេសកកម្ម​ជោគជ័យ​ប្រឆាំងនឹង​ភេរវកម្ម ហើយ សហរដ្ឋ​អាម៉េរិក ពុំមាន​ទាហាន​ណា​ម្នាក់​ត្រូវ​រងរបួស៕

Advertisement