ឥណ្ឌូណេស៊ី លុបចោល​កុងត្រា​ទិញ​យន្តហោះ​ចម្បាំង Su-៣៥ របស់ រុស្ស៊ី ហើយ​ងាក​មក​ទិញ​យន្តហោះ​របស់​ប្រទេស​លោកខាងលិច

យន្ត​ហោះ Rafale របស់​កងទ័ព​បារាំង​ នៅ​មូលដ្ឋាន Sultan Iskandar Muda ក្នុង​តំបន់ Aceh Besar ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ឆ្នាំ​ ២០១៩

ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង Rafale ចំនួន ៤២ គ្រឿង របស់ ប្រទេស​បារាំង ក្រោយពី​បាន​លុបចោល​កិច្ចសន្យា​ទិញ​យន្តហោះ​ចម្បាំង Su-៣៥ របស់ រុស្ស៊ី។

«យើង​បាន​យល់ព្រម​ទិញ​យន្តហោះ​ចម្បាំង Rafale ចំនួន ៤២ គ្រឿង។ កិច្ចព្រមព្រៀង​ទិញ​នៅថ្ងៃនេះ​រួមមាន ៦ គ្រឿង​ដំបូង ហើយ​ក្រោយមក ៣៦ គ្រឿង​ទៀត» រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូណេស៊ី លោក Prabowo Subianto ថ្ងៃនេះ បានឱ្យដឹង​ដូច្នេះ។

យន្តហោះ​ចម្បាំង Rafale ដែល​ទិញ​ពី បារាំង នឹង​ជួយ​ឱ្យ ឥណ្ឌូណេស៊ី ធ្វើ​ទំនើបកម្ម​ទ័ពអាកាស​របស់ខ្លួន។ បច្ចុប្បន្ន ប្រទេស​នេះ​មាន​យន្តហោះ​ចម្បាំង F-១៦ របស់ អាម៉េរិក ចំនួន ៣៣ គ្រឿង និង​យន្តហោះ​ចម្បាំង ទិញ​ពី រុស្ស៊ី ចំនួន ១៦ គ្រឿង រួមមាន Su-២៧ ចំនួន ៥ គ្រឿង និង Su-៣០ ចំនួន ១១ គ្រឿង។

Sukhoi Su-35 របស់​ រុស្ស៊ី

ការបញ្ជាទិញ​ខាងលើនេះ​ត្រូវបាន​ចុះហត្ថលេខា​ជិត ២ ខែ បន្ទាប់ពី ឥណ្ឌូណេស៊ី បានប្រកាស​បោះបង់​កិច្ចសន្យា​ទិញ​យន្តហោះ​ចម្បាំង Su-៣៥S របស់ រុស្ស៊ី ដែលមាន​តម្លៃ​ជាង ១.១ ពាន់​លាន​ដុល្លារ ដោយ​មិនបាន​បញ្ជាក់​អំពី​មូលហេតុ។ ប៉ុន្តែ មុន​នោះ ក្រុមមន្ត្រី​អាម៉េរិក បាន​ព្រមាន​ជាច្រើនលើក​ថា ឥណ្ឌូណេស៊ី នឹង​ប្រឈមមុខ​នឹង​ការដាក់ទណ្ឌកម្ម បើសិន​ទិញ​អាវុធ​ពី រុស្ស៊ី៕

Advertisement