ឥណ្ឌូណេស៊ី ទិញ​យន្តហោះ​ចម្បាំង​ពី អាម៉េរិក រាប់​សិប​គ្រឿង ក្រោយពី​បាន​បញ្ជា​ទិញយន្ត​ហោះ​ចម្បាំង​​ពី បារាំង

យន្ត​ហោះ​ចម្បាំង​ F-១៥​ របស់ សហរដ្ឋ​អាម៉េរិក ពេល​កំពុង​ធ្វើ​សមយុទ្ធ​បាញ់​រ៉ុក្កែត​

អាជ្ញាធរ​របស់​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី ១០ កុម្ភៈ បានអនុម័ត​លើ​កញ្ចប់​អាវុធ​តម្លៃ​ជិត ១៤ ពាន់​លាន​ដុល្លារ ដែល ប្រទេស​ឥណ្ឌូណេស៊ី បានស្នើ​ទិញ ក្នុងនោះ​មាន​យន្តហោះ​ចម្បាំង F-១៥ ចំនួន ៣៦ គ្រឿង​ផងដែរ។

ក្រៅពី​យន្តហោះ​ចម្បាំង F-១៥ ចំនួន ៣៦ គ្រឿង កញ្ចប់​អាវុធ​នេះ​ក៏មាន​ឧបករណ៍​បច្ចេកវិទ្យា​ជាដើម ដែល​ទាក់ទង​នឹង​អាវុធ មានដូចជា គ្រាប់រំសេវ និង​ប្រព័ន្ធ​ទំនាក់ទំនង។ល។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន AP។

ប្រទេស​ឥណ្ឌូណេស៊ី ថ្មីៗនេះ​បានប្រកាសថា បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង Rafale របស់ បារាំង ចំនួន ៤២ គ្រឿង បន្ទាប់ពី​បាន​លុបចោល​កុងត្រា​ទិញ​យន្តហោះ​ចម្បាំង​ពី ប្រទេស​រុស្ស៊ី។

សហរដ្ឋ​អាម៉េរិក បាន​យល់ព្រម​លក់​អាវុធ​ថ្មី​ឱ្យ ឥណ្ឌូណេស៊ី នៅក្នុង​ស្ថានភាព​ដែល​ភាព​តានតឹង​កំពុង​កើតឡើង​នៅលើ​សមុទ្រ​ចិន​ខាងត្បូង និង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

Advertisement