អ៊ុយ​ក្រែ​ន លើកឡើង​លក្ខខណ្ឌ​ដែល​លោក ពូ​ទីន អាច​ជួប​លោក ហ្សេ​ឡែ​ន​ស្គី

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី និង ប្រធានាធិបតីរុស្ស៊ី លោក ពូទីន

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី និង ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន នឹង​ជួបគ្នា​នៅពេលដែល «សន្ធិសញ្ញា​សន្តិភាព» ត្រូវ​នាំយកទៅ​ចុះហត្ថលេខា ដែល​នេះ​អាច​កើតឡើង​នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។

«ភ្លាមៗបន្ទាប់ពី​ការងារ​ដែល​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ត្រូវបានធ្វើ​រួចរាល់ យើង​នឹង​ចាប់ផ្ដើម​បើក​ជំនួប។ វា​នឹង​កើតឡើង​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។ ប៉ុន្តែ ទីតាំង​មិន​សំខាន់​សម្រាប់​យើង អាច​នៅ​កន្លែង​ណា​ក៏បាន លើកលែងតែ​នៅ ប្រទេស​រុស្ស៊ី» លោក មី​ឃី​ល ប៉ូ​ដូលី​យ៉ាក (Mikhail Podolyak) ទីប្រឹក្សា​របស់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ឱ្យដឹង​កាលពី​ថ្ងៃទី ១៧ មីនា។

យ៉ាងណាក៏ដោយ បច្ចុប្បន្ន ទាំង អ៊ុយ​ក្រែ​ន ទាំង រុស្ស៊ី សុទ្ធតែ «ប្ដេជ្ញា​រក្សា​គោលជំហររៀងៗខ្លួន» លោក ប៉ូ​ដូលី​យ៉ាក ទទួលស្គាល់​ដូច្នេះ។

«ការដែល រុស្ស៊ី ដកទ័ព​ចេញ​ជាបន្ទាន់​គឺជា​ចំណុច​មួយ​ក្នុងចំណោម​កត្តាសំខាន់ៗនៃ​កិច្ចព្រមព្រៀង​សន្តិភាព។ ប៉ុន្តែ កិច្ចចរចា​គឺជា​រឿង​ធំ ដែល​មិន​ត្រឹមតែ​ទាក់ទិន​ជាមួយ រុស្ស៊ី និង អ៊ុយ​ក្រែ​ន នោះទេ។ ប៉ូឡូញ និង​បណ្ដា​ប្រទេស​ក៏​នឹងចូលរួម។ យើង​ចង់​ធានា​សន្តិភាព​ចំពោះ អនាគត​របស់ អ៊ុយ​ក្រែ​ន» លោក ប៉ូ​ដូលី​យ៉ាក បន្ថែម និង​បញ្ជាក់ថា សូម្បីតែ​នៅពេល​មាន​កិច្ចព្រមព្រៀង វា​ក៏​មិនមែន​មានន័យថា ជម្លោះ​ប្រដាប់អាវុធ​ត្រូវបាន​បញ្ចប់។

ក្រុម​ប្រតិភូ​របស់ អ៊ុយ​ក្រែ​ន និង រុស្ស៊ី បាន​ជួបចរចា​ជាច្រើនលើក បន្ទាប់ពី រុស្ស៊ី បាន​លើកទ័ព​ចូលលុកលុយ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ ប៉ុន្តែ មិនទាន់​ទទួលបាន​លទ្ធផល​ជាក់លាក់​ណាមួយ ក្រៅតែពី​ការយល់ព្រម​បង្កើត​ច្រក​សម្រាប់​ជម្លៀស​ប្រជាជន​ចេញពី​សមរភូមិ។

Advertisement