អ៊ុយ​ក្រែ​ន ចេញ​ច្បាប់​ផ្ដល់​រង្វាន់ធំ ១​ លាន​ដុល្លារ​សម្រាប់​ប្ដូរ​យក​យន្តហោះ នាវាចម្បាំង​របស់ រុស្ស៊ី

អ៊ុយ​ក្រែ​ន ថ្មីៗនេះ បានប្រកាស​ចេញ​ច្បាប់​ផ្ដល់​រង្វាន់​រហូតដល់ ១ លាន​ដុល្លារ​អាម៉េរិក ដល់ ទាហាន​រុស្ស៊ី ទាំងឡាយណា​ដែល​ចុះចាញ់ និង​ប្រគល់​គ្រឿង​សព្វាវុធ ដូចជា យន្តហោះ និង​នាវាចម្បាំង​ជាដើម ឱ្យ អ៊ុយ​ក្រែ​ន។

នៅក្នុង​ប្រកាស​មួយ​ដែល​ត្រូវបាន​បង្ហោះ​លើ​គេហទំព័រ​របស់ សភា​អ៊ុយ​ក្រែ​ន ច្បាប់ ៧២២៩ លើកឡើងថា អ្នក​ទាំងឡាយណា​ដែល​ប្រគល់​សម្ភារៈ​យោធា​របស់ រុស្ស៊ី ឱ្យ អ៊ុយ​ក្រែ​ន នឹង​ទទួលបាន​ប្រាក់រង្វាន់​ជាទី​គាប់ចិត្ត។ ឧទាហរណ៍ អ្នក​ដែល​បានប្រគល់​នាវាចម្បាំង ១ គ្រឿង ឬ​យន្តហោះ​ចម្បាំង ១ គ្រឿង របស់ រុស្ស៊ី ឱ្យ អ៊ុយ​ក្រែ​ន អាច​ទទួលបាន​ប្រាក់រង្វាន់​រហូតដល់ ១ លាន​ដុល្លារ​អាម៉េរិក។ យាន​យោធានីមួយៗ ដូចជា ឡាន​ដឹកទំនិញ​យោធា​ជាដើម នឹងមាន​តម្លៃ ១០,០០០ ដុល្លារ។

ក្រៅពី​ប្រាក់រង្វាន់ ប្រកាស​របស់ សភា​អ៊ុយ​ក្រែ​ន ក៏បាន​បញ្ជាក់ថា អ្នក​ទាំងឡាយណា​ដែល​បានប្រគល់​សព្វាវុធ​រប​ស់ រុស្ស៊ី ឱ្យ អ៊ុយ​ក្រែ​ន នឹង​ទទួលបាន «ការរក្សា​អត្តសញ្ញាណ ស្នាក់​នៅក្នុង ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​សុវត្ថិភាព ហើយ​ទទួលបាន​លិខិតស្នាម​ដើម្បី​រើ​ទៅ​ប្រទេស​ទី​បី»។

ប្រកាស​ពី​ សភា​អ៊ុយក្រែន បង្ហាញ​អំពី​ខ្ទង់​ប្រាក់​រង្វាន់​សម្រាប់​យានយោធា​នីមួយៗ​របស់​ រុស្ស៊ី

អនុប្រធាន​សភាជាតិ​អ៊ុយ​ក្រែ​ន Oleksandr Kornienko ព្យាករ​ថា ច្បាប់​ថ្មី​នេះ​អាច​ទទួលបាន​ជោគជ័យ ព្រោះ​វា​នឹង​​ទាក់​ទាញ ទាហាន​រុស្ស៊ី និង​អ្នក​ដែលមាន​បំណង​កែប្រែ​ស្ថានភាព​ហិរញ្ញវត្ថុ។ ស្ថានភាព​ធ្លាក់ទឹក​ចិត្ត​របស់​កង​ទ័ព​ក៏​អាចធ្វើឱ្យ​ពួកគេ​ប្រគល់​គ្រឿង​សព្វាវុធ។

ភាគី​ខាង​រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ចំពោះ​ការចេញ​ច្បាប់​ថ្មី​ខាងលើ​របស់ អ៊ុយ​ក្រែ​ន។

ការផ្ដល់​រង្វាន់​ដល់ ទាហាន​រុស្ស៊ី ដែល​រត់ចោលជួរ គឺជា​យុទ្ធសាស្ត្រ​មួយ​របស់ អ៊ុយ​ក្រែ​ន ចាប់តាំងពី ទីក្រុង​មូ​ស្គូ បាន​ចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។ កាលពី​ថ្ងៃទី ២៨ កុម្ភៈ នៅលើ​ទំព័រ Facebook រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន Oleksiy Reznikov ឱ្យដឹងថា ទីក្រុង​កៀវ នឹង​ផ្ដល់​រង្វាន់ ៥ លា​នរូ​ប្ល (ប្រហែល ៥៨,០០០ ដុល្លារ​អាម៉េរិក) ដល់ ទាហាន​រុស្ស៊ី ទាំង​ឡាយ​ណា ដែល​ទម្លាក់អាវុធ និង​ចុះចាញ់​ដោយ​ស្ម័គ្រចិត្ត»៕

 

Advertisement