(វីដេអូ)-យន្តហោះ​ដឹកទំនិញ​ត្រូវ​បាក់​ជា​ពីរ​កំណាត់​ នៅ​ពេល​កំពុង​​​ចុះ​ចត​

(កូ​ស្ដា​រី​កា)-យន្តហោះ​ដឹកទំនិញ ១ គ្រឿង បាន​ធ្លាក់​ចេញពី​ផ្លូវ​រត់ និង​បាក់​ជា ២ កំណាត់ នៅពេល​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ San Jose ក្នុង ប្រទេស​កូ​ស្ដា​រី​កា នា​តំបន់ អាម៉េរិក​កណ្ដាល ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស។

យន្តហោះ Boeing-៧៥៧ ធ្វើដំណើរ​ពី​ព្រលានយន្តហោះ​អន្តរជាតិ Juan Santamaria នៅ​ជាយក្រុង San Jose ដើម្បី​ឆ្ពោះទៅកាន់ ក្វា​តេ​ម៉ា​ឡា នៅវេលា​ថ្ងៃត្រង់​នៃ​ថ្ងៃទី ៧ មេសា (យប់​ថ្ងៃទី ៧ មេសា នៅ ភ្នំពេញ) ប៉ុន្តែ ត្រូវ​ត្រលប់​ក្រោយ បន្ទាប់ពី​ហោះ​ឡើង​បាន ២៥ នាទី ដើម្បី​ចុះចត​បន្ទាន់។ ក្រុម​ហោះហើរ​បាន​រកឃើញ​បញ្ហា​នៅក្នុង​ប្រព័ន្ធ​អ៊ី​ដ្រូ​លី​ក (hydraulic system)។

ផ្សែង​បាញ់​ចេញពី​យន្តហោះ​ពណ៌​លឿង​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន អាល្លឺម៉ង់ DHL នៅពេល​វា​ធ្លាក់​ចេញពី​ផ្លូវ​រត់ និង​បាន​បាក់​ជា ២ កំណាត់។

ក្រុម​ហោះហើរ​នៃ​យន្តហោះ​នេះ មាន​សុវត្ថិភាព នេះ​បើតាម​មេដឹកនាំ​អង្គភាព​ពន្លត់​អគ្គិភ័យ​របស់ កូ​ស្ដា​រី​កា លោក Hector Chaves។

ហេតុការណ៍​នេះ​បានធ្វើឱ្យ​ព្រលានយន្តហោះ​ត្រូវ​បិទទ្វារ​រហូតដល់​ម៉ោង ១៨ ក្នុង​ថ្ងៃ​ដដែល។ អ្នកនាំពាក្យ​របស់ DHL ឱ្យដឹងថា ការស៊ើបអង្កេត​នឹងត្រូវ​បានធ្វើ​ឡើង​ដើម្បី​ស្វែងរក​មូលហេតុ។

 

Advertisement