រុស្ស៊ី ដាក់ពង្រាយ​សត្វ​ផ្សោត​សមុទ្រ (dolphin) ដើម្បី​ការពារ​មូលដ្ឋានទ័ព​នៅ Crimea

រូបភាព​ពី​ផ្កាយរណប​បង្ហាញថា រុស្ស៊ី ទំនងជា​កំពុង​ប្រើប្រាស់​ផ្សោត​សមុទ្រ​ដើម្បី​បង្ការ​ករណី​កងកម្លាំង​មុជទឹក​របស់​សត្រូវ វាយប្រហារ​លើ​អង្គភាព​ការពារ​កំពង់ផែ Sevastopol ក្នុងពេល​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។

ទ័ពជើងទឹក​រុស្ស៊ី ដាក់ពង្រាយ​ទ្រុង​ផ្សោត​ចំនួន ២ នៅ​ច្រកចេញចូល​កំពង់ផែ Sevastopol។ ទ្រុង​ទាំងនេះ​ត្រូវបាន​ដឹក​មកកាន់​ទីតាំង​ក្នុង​ខែកុម្ភៈ មុន​ការចាប់ផ្ដើម​បើក​យុទ្ធនាការ​យោធា​ពិសេស​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន នេះ​បើតាម​ការអះអាង​កាលពី​ថ្ងៃទី ២៧ មេសា របស់​ក្រុម​អ្នកជំនាញ​ផ្នែក​នាវាមុជទឹក និង​ប្រព័ន្ធ​ក្រោម​ទឹក H. I. Sutton បន្ទាប់ពី​បាន​វិភាគ​លើ​ទិន្នន័យ​ដែល​បាន​ពី​ផ្កាយរណប។

Sevastopol គឺជា​មូលដ្ឋាន​ទ័ពជើងទឹក​សំខាន់បំផុត​របស់ រុស្ស៊ី នៅ សមុទ្រ​ខ្មៅ។ ខាងក្នុង​កំពង់ផែ នាវាចម្បាំង​តម្លៃ​ខ្ពស់​ជាច្រើន​គ្រឿង​របស់ រុស្ស៊ី កំពុង​ចត​ឆ្ងាយ​ពី​រង្វង់​ប្រតិបត្តិ​នៃ មី​ស៊ី​ល របស់ អ៊ុយ​ក្រែ​ន ប៉ុន្តែ ងាយ​នឹងត្រូវ​រង​ការវាយប្រហារ​ពីក្រោម​ទឹក។

​មូលដ្ឋានទ័ព​ជើង​ទឹក​របស់ រុស្ស៊ី នៅ កំពង់ផែ Sevastopol

កងកម្លាំង​របស់ រុស្ស៊ី អាច​ប្រើប្រាស់​ក្រុម​ប្រយុទ្ធ​សត្វ​ផ្សោត​សមុទ្រ​ដែល​ទទួលបាន​ការបង្ហាត់​យ៉ាង​ស្ទាត់ជំនាញ ដើម្បី​ទប់​ទល់នឹង​កងកម្លាំង​មុជទឹក​របស់​សត្រូវ បង្ការ​សេណារីយោ ដែលថា កង​កុម្មង់​ដូរ​បស់ អ៊ុយ​ក្រែ​ន លួច​ចូលមក​មូលដ្ឋានទ័ព​កំពង់ផែ Sevastopol ដើម្បី​បំផ្លាញ​នាវាចម្បាំង។

កាលពី​សម័យ​សង្គ្រាមត្រជាក់ ទ័ពជើងទឹក​របស់ សូ​វៀត បាន​អភិវឌ្ឍ​កម្មវិធី​មួយចំនួន​សម្រាប់​បង្វឹក​ថនិកសត្វ ក្នុងនោះ​មាន​សត្វ​ផ្សោត​សមុទ្រ​ផងដែរ នៅ សមុទ្រ​ខ្មៅ។ អង្គភាព​នេះ​ដាក់​មូលដ្ឋាន​នៅ Kazachya Bukhta ក្បែរ Sevastopol រហូតដល់​បច្ចុប្បន្ន។

បន្ទាប់ពី សូ​វៀត បាន​ដួលរលំ​កាលពី​ឆ្នាំ ១៩៩១ អង្គភាព​ខាងលើ​ត្រូវបាន​ផ្ទេរ​ទៅឱ្យ​កងទ័ព​របស់ អ៊ុយ​ក្រែ​ន ប៉ុន្តែ ហាក់​លែង​ដំណើរការ​ទៅហើយ។ នៅពេល រុស្ស៊ី កាត់​យក​ឧបទ្វីប Crimea កាលពី​ឆ្នាំ ២០១៤ អង្គភាព​នេះ​ក៏ត្រូវ​បាន​កាត់​ចូល ប្រទេស​រុស្ស៊ី សកម្មភាព​របស់​អង្គភាព​នេះ​ក៏​ដំណើរការ​ឡើងវិញ និង​ត្រូវបាន​ពង្រីក​បន្ថែម។

ក្រុម​នាវាចម្បាំង​សមុទ្រ​ខ្មៅ របស់ រុស្ស៊ី ធ្លាប់​ដាក់ពង្រាយ​សត្វ​ផ្សោត​សមុទ្រ​នៅ​មូលដ្ឋាន​ទ័ពជើងទឹក Tartus ក្នុង ប្រទេស​ស៊ី​រី អស់​ជាច្រើន​ខែ​កាលពី​ឆ្នាំ ២០១៨។ ទ្រុង​សត្វ​ផ្សោត​ចល័ត​កាលណោះ ដូច​ទៅនឹង​ប្រភេទ​ដែល​កំពុង​ប្រើប្រាស់​នៅ​កំពង់ផែ Sevastopol នាបច្ចុប្បន្ន។

«មិនទាន់​ដឹង​ច្បាស់​ថា អ៊ុយ​ក្រែ​ន មាន​ផែនការ​វាយប្រហារ​កំពង់​ផែ Sevastopol ឬ​អត់​នៅឡើយ។ ក្រុម​អ្នកជំនាញ​ផ្នែក​ជើង​ទឹក​ចាត់ទុក​សត្វ​ប្រភេទ​នេះ​ថា ជា​វិធានការ​ទប់ទល់​ដ៏​មាន​ប្រសិទ្ធភាព​ចំពោះ​ក្រុម​អ្នក​មុជទឹក​របស់​សត្រូវ» Sutton បញ្ជាក់​ដូច្នេះ៕

Advertisement