អាម៉េរិក ចង់ឱ្យ អង្គការសហប្រជាជាតិ បោះឆ្នោត​ដាក់ទណ្ឌកម្ម​លើ កូរ៉េខាងជើង

សហរដ្ឋ​អាម៉េរិក ចង់ឱ្យ ក្រុមប្រឹក្សាសន្តិសុខ នៃ អង្គការសហប្រជាជាតិ បោះឆ្នោត​ក្នុង​ខែ​នេះ ដើម្បី​រឹតបន្តឹង​ការដាក់ទណ្ឌកម្ម​ចំពោះ កូរ៉េខាងជើង ដោយសារតែ​មានការ​សាកល្បង​អាវុធ​នាពេលថ្មីៗនេះ។

«យើង​មានការ​បារម្ភ​ចំពោះ​ស្ថានការណ៍​បច្ចុប្បន្ន និង​សង្ឃឹមថា អាច​រក្សាបាន​នូវ​ការឯកភាព​របស់​ក្រុមប្រឹក្សា ក្នុងការ​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់ កូរ៉េខាងជើង» ឯកអគ្គរដ្ឋទូត​អាម៉េរិក ប្រចាំ អង្គការសហប្រជាជាតិ Linda Thomas-Greenfield ថ្លែង​កាលពី​ថ្ងៃទី ៣ ឧសភា​ដូច្នេះ។

សហរដ្ឋ​អាម៉េរិក កាលពី​ខែ​កន្លង បានលើកឡើង​នូវ​សេចក្ដីព្រាង​នៃ​សេចក្ដីសម្រេច​ដំបូង​សម្រាប់ ក្រុមប្រឹក្សាសន្តិសុខ នៃ អង្គការសហប្រជាជាតិ ដែលមាន​សមាជិក ១៥ ប្រទេស ធ្វើការ​អនុម័ត។ សេចក្ដីព្រាង​នោះ ស្នើឱ្យ​ហាមឃាត់​បារី និង​កាត់បន្ថយ​ប្រេង​នាំចូល កូរ៉េខាងជើង ចំនួន​ពាក់កណ្ដាល និង​ដាក់​ក្រុមចោរ​អ៊ី​ន​ធើរ​ណិ​ត Lazarus ទៅក្នុង​បញ្ជីខ្មៅ។

ក៏ប៉ុន្តែ រុស្ស៊ី និង ចិន បានបង្ហាញ​សញ្ញា​ប្រឆាំងនឹង​ការបង្កើន​ទណ្ឌកម្ម​លើ កូរ៉េខាងជើង ទាក់ទិន​នឹង​រឿង​សាកល្បង​កាំជ្រួច​ផ្លោង​អន្តរទ្វីប។

សេចក្ដីសម្រេច​មួយ​រប​ស់ ក្រុមប្រឹក្សាសន្តិសុខ ត្រូវការ​សំឡេងគាំទ្រ​ចំនួន ៩ សំឡេង ដើម្បី​អនុម័ត ដោយ​មិន​ត្រូវមាន​សំឡេង​ប្រឆាំង​ណាមួយ ក្នុងចំណោម​សមាជិក​អចិន្ត្រៃយ៍​ទាំង ៥ គឺ រុស្ស៊ី, ចិន, បារាំង, អង់គ្លេស ឬ អាម៉េរិក៕

Advertisement