អាកាសធាតុ​ក្ដៅ​ខ្លាំង ធ្វើឱ្យ​មនុស្ស​រាប់សិប​នាក់​នៅ ប្រទេស​ឥណ្ឌា ត្រូវ​បាត់បង់​ជីវិត

រដ្ឋ Maharashtra នៅ​ភាគ​ខាងលិច​នៃ ប្រទេស​ឥណ្ឌា បាន​រាយការណ៍​ថា មាន​ប្រជាជន ២៥ នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​អាកាសធាតុ​ក្ដៅ​ខ្លាំង ចាប់ពី​ចុងខែ​មីនា ដែល​នេះ​គឺជា​តួលេខ​ខ្ពស់បំផុត​ក្នុងអំឡុង ៥ ឆ្នាំ។

«នេះ​គឺជា​ករណី​ស្លាប់​ដែល​សង្ស័យថា ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល ​ព្រោះ​តែ​​កម្ដៅ​​ក្ដៅ​ខ្លាំងពេក» Pradeep Awate មន្ត្រី​សុខាភិបាល​របស់ រដ្ឋ Maharashtra ឱ្យដឹង​កាលពី​ថ្ងៃទី ៣ ឧសភា នៅក្នុង​ប្រកាស​ស្ដីពី​ការ​ណី​ស្លាប់ ២៥ នាក់ ព្រោះ​តែ​​កម្ដៅ រាប់​ចាប់ពី​ចុងខែ​មីនា។

ក្រុមមន្ត្រី​របស់​រដ្ឋ Maharashtra និយាយថា ករណី​ស្លាប់​ខាងលើ ភាគច្រើន​គឺជា​ពលរដ្ឋ​នៅក្នុង​តំបន់​ជនបទ។ ក្រៅពី Maharashtra ក៏មាន​រដ្ឋ​ជាច្រើន​ទៀត​របស់ ឥណ្ឌា ដែលមាន​អ្នកស្លាប់​ដោយសារ​អាកាសធាតុ​ក្ដៅ​ខ្លាំង។

រដ្ឋ Odisha នៅ​ភាគ​ខាងកើត​នៃ ប្រទេស​ឥណ្ឌា ក៏មាន​ពលរដ្ឋ​អាយុ ៦៤ ឆ្នាំ​ម្នាក់ បាន​បាត់​បង់ជីវិត​ព្រោះ​ប្រតិកម្ម​នឹង​កម្ដៅ​កាលពី​ថ្ងៃទី ២៥ មេសា និង​រាប់រយ​នាក់​ក្នុង​តំបន់​នេះ ត្រូវ​ចូល​ពេទ្យ​ដោយសារ​កម្ដៅ​ព្រះអាទិត្យ។

អាជ្ញាធរ​ឥណ្ឌា ឱ្យដឹងថា នៅក្នុង​ខែមីនា ឆ្នាំនេះ ឥណ្ឌា​ប្រឈម​នឹង​អាកាសធាតុ​ក្ដៅ​ខ្លាំង​បំផុត​ក្នុងអំឡុង​ជាង ១ ទសវត្សរ៍​កន្លង ដោយ​ជា​មធ្យម សីតុណ្ហភាព​ទូទាំងប្រទេស​កើន​ដល់ ៣៣,១ អង្សា​សេ ខ្ពស់ជាង​ជិត ១.៨៦ អង្សា ធៀប​នឹង​ពេល​ធម្មតា។

សីតុណ្ហភាព​នៅ​តំបន់​ភាគ​ខាងជើង ខាងលិច និង​ខាងកើត​របស់ ប្រទេស​ឥណ្ឌា ក៏​ឡើងដល់​ជាង ៤០ អង្សា កាលពី​ខែ​កន្លង។ Subarnapur ដែលជា​ខណ្ឌ​មួយ​ក្ដៅ​ជាងគេ​បង្អស់​របស់​រដ្ឋ Odisha មាន​កម្ដៅ ៤៣.២ អង្សា កាលពី​ថ្ងៃទី ៣ ឧសភា។

មុន​នោះ ក្រុម​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់ថា បម្រែបម្រួល​អាកាសធាតុ បាន​បង្កឱ្យមាន​សីតុណ្ហភាព​ខ្ពស់​នៅ ឥណ្ឌា រួម​នឹង​ប្រទេសជិតខាង គឺ ប៉ា​គី​ស្ថាន។ ភ្លៀង​ត្រូវបាន​គេ​ព្យាករ​ថា នឹង​កើតមាន ប៉ុន្តែ ចាប់ពី​ខែក្រោយ​ឯណោះ ដែល​បញ្ហា​នេះ រួម​នឹង​បញ្ហា​ដាច់​ភ្លើង​ញឹកញាប់ ធ្វើឱ្យ​ប្រជាជនមាន​ការពិបាក​ទ្រាំ៕

Advertisement