រោងចក្រ​ចម្រាញ់​ប្រេង​ខុសច្បាប់​នៅ​កណ្ដាល​ព្រៃ​ជ្រៅ! ដល់​មាន​អគ្គិភ័យ​​សម្លាប់​​មនុស្ស​រយ​នាក់​ស្លាប់​ ទើប​នាំ​គ្នា​ផ្អើល

(នី​ហ្សេ​រី​យ៉ា)-ករណី​ផ្ទុះ​ឆេះ​រោងចក្រ​ចម្រាញ់​ប្រេង​ខុសច្បាប់​ដែល​បានសម្លាប់​មនុស្ស​ជាង ១០០ នាក់ កាលពី​ថ្ងៃទី ២២ មេសា នៅក្នុង​រដ្ឋ Rivers ភាគខាងត្បូង​នៃ ប្រទេស​នី​ហ្សេ​រី​យ៉ា បាន​បង្ហើប​ឱ្យដឹង​អំពី​ពិភព​អាថ៌កំបាំង​នៃ​សកម្មភាព​ចម្រាញ់​ប្រេង​ខុសច្បាប់​ដ៏​ធំ​នៅ​ប្រទេស​នេះ។

ក្រោយ​រយៈពេល​ច្រើន​ម៉ោង​នៃ​ការធ្វើដំណើរ​ដោយ​រថយន្ត ម៉ូតូ និង​ថ្មើរជើង ក្រុម​អ្នកយកព័ត៌មាន​របស់ BBC បាន​ចូល​ទៅដល់​រោងចក្រ​ចម្រាញ់​ប្រេង​ខុសច្បាប់​មួយ​នៅក្នុង​ទីតាំង​ឆ្ងាយ​ដាច់ស្រយាល ក្បែរ​ដៃទន្លេ​នៅ​តំបន់​វាលរាប​ទន្លេ Niger ភាគខាងត្បូង​នៃ ប្រទេស​នី​ហ្សេ​រី​យ៉ា។ ទីតាំង​នេះ​ត្រូវបាន​អាជ្ញាធរ​របស់ នី​ហ្សេ​រី​យ៉ា ឆ្មក់​ចូល​គ្រប់គ្រង និង​បិទទ្វារ​កាលពីពេលថ្មីៗនេះ។

តំបន់​នេះ​ធ្លាប់ជា​ប្រព័ន្ធ​ជីវចម្រុះ​ដែលមាន​ព្រៃ​លិច​ទឹកប្រៃ ប៉ុន្តែ​ពេលនេះ​វា​នៅសល់តែ​ជា​ព្រៃ​ដ៏​សោះកក្រោះ និង​គ្របដណ្ដប់​ដោយ​ក្លិន​ប្រេង​ពិបាក​ទ្រាំ។ ពណ៌​បៃតង​នៃ​រុក្ខជាតិ​នៅទីនេះ ត្រូវបាន​បំផ្លាញ​គ្មាន​សល់ ប្រៀបបាន​ទៅ​ភ្នំភ្លើង​ដែល​ទើបតែ​បាន​ផ្ទុះឡើង។

Chidi Lloyd អ្នកនយោបាយ​មួយរូប​បានឱ្យដឹងថា ប្រេង​ត្រូវបាន​លួច​ពី​ប្រព័ន្ធ​បំពង់​បង្ហូរ​នៅ​កន្លែង​ផ្សេង ហើយ​ត្រូវបាន​ដឹក​តាម​ទូក​មកកាន់​ទីតាំង​ចម្រាញ់​ប្រេង​ខុសច្បាប់​នេះ។

នៅទីនេះ​គេ​ឃើញ​មាន​ធុងចាស់ៗខ្នាត​ធំ ដែល​ប្រើ​សម្រាប់​ចម្រាញ់​ប្រេង​ឆៅ។ គេ​ដុត​ភ្លើង​ពីក្រោម​ធុង​ធំ​នេះ ដើម្បី​កម្ដៅ​ប្រេង​ឆៅ​ឱ្យទៅជា​ផលិតផល​សម្រេច ដូចជា ប្រេងកាត ឬ​ប្រេងម៉ាស៊ូត ជាដើម។ ប្រេង​ដែល​បាន​ក្ដៅ​រួច ត្រូវបាន​បូម​ទៅក្នុង​អាងធំៗដើម្បី​ទុកឱ្យ​ត្រជាក់។

ក៏ប៉ុន្តែ ដំណាក់កាល​នៃ​ការ​ចម្រាញ់​ខាងលើនេះ ជួនកាល​ក៏​អាច​បណ្ដាលឱ្យមាន​ការផ្ទុះ​ឆេះ​ដូច​ករណី​អគ្គិភ័យ​កាលពី​ថ្ងៃទី ២២ មេសា។ ក្រៅពី​បានសម្លាប់​មនុស្ស​ជាង ១០០ នាក់ ហេតុការណ៍​ផ្ទុះ​កន្លែង​ចម្រាញ់​ប្រេង​នេះ ក៏បាន​បណ្ដាលឱ្យ​មនុស្ស​ជាង ១៥០ នាក់ ត្រូវ​រងរបួស​ផងដែរ។

ចំនួន​មនុស្ស​ដែល​បាន​ស្លាប់ និង​រងរបួស​នៅក្នុង​ហេតុការណ៍​ខាងលើ បង្ហាញថា វិស័យ​ចម្រាញ់​ប្រេង​ខុសច្បាប់​នៅ​តំបន់​វាលរាប​ទន្លេ Niger មាន​ទ្រង់ទ្រាយ​ធំ​កម្រិតណា។

កម្មករ​តែង​ស្នាក់នៅ និង​ធ្វើការ​នៅ​ពេលយប់​ជាច្រើន​សប្ដាហ៍ នៅក្នុង​ទីតាំង​ចម្រាញ់​ប្រេង​ខុសច្បាប់​ដែលមាន​អង្គការ​ចាត់តាំង​ប្រកបដោយ​ជំនាញ តាំងពី​ផ្នែក​ហិរញ្ញវត្ថុ ការដឹកជញ្ជូន និង​កម្លាំង​ឯកទេស។ អាជ្ញាធរ​នី​ហ្សេ​រី​យ៉ា បាន​បើក​យុទ្ធនាការ​តាម​ចាប់ខ្លួន Okenze Onyewoke ម្ចាស់​ទីតាំង​ចម្រាញ់​ប្រេង​ខុសច្បាប់​ដែល​បាន​ផ្ទុះ​ឆេះ​កាលពី​ថ្ងៃទី ២២ មេសា។

រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា គណនា​ឃើញថា ប្រេង​តម្លៃ​ជាង ៣ ពាន់​លាន​ដុល្លារ​អាម៉េរិក ត្រូវបាន​លួច​នៅក្នុង​ឆ្នាំ ២០២១។ ប្រេង​ឆៅ​ទាំងនេះ​ត្រូវបាន​លួច​បូម​ពី​បណ្ដាញ​បំពង់​បង្ហូរ​ប្រេង​ស្របច្បាប់ រួច​ដឹក​ទៅ​លាក់​ក្នុងព្រៃ​ជ្រៅ​ហើយ​លក់​ក្នុង​ទីផ្សារងងឹត​ក្នុងប្រទេស ឬ​នាំចេញ។

Osaja ដែលជា​ពលរដ្ឋ​ម្នា​ក់នៅ​ទីក្រុង​ក្បែរ​តំបន់​ខាងលើ ឱ្យដឹងថា ទីតាំង​ចម្រាញ់​ប្រេង​ខុសច្បាប់​នេះ មិន​ងាយ​នឹង​ត្រូវបាន​បំបាត់ចោល​ឡើយ ព្រោះថា មាន​ភាគី​ជាច្រើន​ចូលរួម​ជា​ចំណែក ក្នុងនោះ​មាន​ទាំង​ក្រុមមនុស្ស​មកពី​ស្ថាប័ន​អនុវត្ត​ច្បាប់​ផងដែរ៕

Advertisement