បណ្ដា​ប្រទេស​នៅ ទ្វីប​អាស៊ី ដែល​កំពុង​សាកល្បង «ធ្វើការ ៤ ថ្ងៃ ក្នុង ១ សប្ដាហ៍»

ប្រទេសមួយ​ចំនួន​នៅ ទ្វីបអាស៊ី កំពុង​សាកល្បង​ឱ្យធ្វើ​ការ ៤ ថ្ងៃ/សប្ដាហ៍ នៅពេល​ម៉ោង​ធ្វើការ​ផ្លូវការ​អូសបន្លាយ​ពេល​យូរ​បង្ក​ឱ្យអស់​កម្លាំង និង​មិន​ស៊ីគ្នា​ទៅនឹង​ផលិតភាព​នៃ​កម្លាំង​ពលកម្ម។

ជប៉ុន ដែលជា​ប្រទេស​ល្បីឈ្មោះ​ខាង​ធ្វើការ​តឹងតែង​ជាងគេ បច្ចុប្បន្ន​បែរជា​នាំមុខគេ​ក្នុង​និន្នាការ​នៃ​ការធ្វើការ​បែប​ថ្មី​នៅ អាស៊ី។ ក្រុមហ៊ុនធំៗមួយចំនួន​នៅ​ប្រទេស​នេះ បាន​តាម​ទាន់​និន្នាការ​ថ្មី​នេះ ដោយ​ការប្រកាស​គម្រោង​កាត់បន្ថយ​ថ្ងៃ​ធ្វើការ​ក្នុង​សប្ដាហ៍។

កាលពី​ខែមេសា ២០២២ ក្រុមហ៊ុន Hitachi ប្រកាស​អនុវត្ត​សាកល្បង​លើ​ការធ្វើការ ៤ ថ្ងៃ/សប្ដាហ៍ សម្រាប់​បុគ្គលិក​ជាង ១៥,០០០ នាក់ ហើយ​តាម​ផែនការ ការសាកល្បង​នេះ​នឹង​បញ្ចប់​នៅ​ខែមីនា​ឆ្នាំក្រោយ។ ក្នុង​ខែ​ដដែល ក្រុមហ៊ុន Gaem Freak ដែលជា​ម្ចាស់​ហ្គេម Pokemon ក៏បាន​សាកល្បង​កាត់បន្ថយ​ថ្ងៃ​ធ្វើការ​ចំពោះ​បុគ្គលិក​មួយចំនួន។ ចំណែក​បណ្ដា​ក្រុមហ៊ុនល្បីៗផ្សេងទៀត ដូចជា Panasonic Holdings និង NEC ជាដើម ក៏​កំពុង​ពិចារណា​លើ​លទ្ធភាព​នេះដែរ។

នៅ ឥណ្ឌូណេស៊ី ក្រុមហ៊ុន​ហិរញ្ញវត្ថុ Alami បានបង្ហាញ​គោលការណ៍​ធ្វើការ ៤ ថ្ងៃ/សប្ដាហ៍ ចាប់ពី​ឆ្នាំ ២០២១ ក្នុង​បំណង​កែលម្អ​សុខភាព​ស្មារតី និង​ផលិតភាព​សម្រាប់​បុគ្គលិក។

កាលពី​ឆ្នាំ ២០១៩ ក្រុមហ៊ុន​អប់រំ Eduwill បាន​ក្លាយជា​ស្ថាប័ន​ដំបូង​គេ​នៅ កូរ៉េខាងត្បូង ដែល​អនុវត្ត​គោលការណ៍ ធ្វើការ ៤ ថ្ងៃ ក្នុង ១ សប្ដាហ៍។ គំនិត​របស់ Eduwill បានធ្វើឱ្យ​អ្នកនយោបាយ ពិសេស​គឺ​បេក្ខភាព​ប្រធានាធិបតី​របស់​ប្រទេស​នេះ មានការ​ចាប់អារម្មណ៍​ខ្លាំង។

នៅ ប្រទេស​ឥណ្ឌា យោងតាម​ការកំណត់​ដែល​នឹង​ត្រូវបាន​អនុវត្ត​ចាប់ពី​ឆ្នាំនេះ និយោជិត​អាច​ជ្រើសរើស​ការធ្វើការ ៤ ថ្ងៃ/សប្ដាហ៍ បើទោះជា​ម៉ោង​ធ្វើ​ការសរុប​ប្រហែល ៤៨ ម៉ោង/សប្ដាហ៍ នឹងមិន​ប្ដូរផ្លាស់។

ទិន្នាការ​ថ្មី​នេះ បាន និង​កំពុង​កើតឡើង​នៅក្នុង​ស្ថានភាព​ដែល កូ​វីដ-១៩ ធ្វើឱ្យ​ម្ចាស់​ក្រុមហ៊ុន និង​និយោជិត​ទាំងឡាយ ពិចារណា​ឡើងវិញ​អំពី​វិធី​ធ្វើការ។ ការស្ទង់មតិ​នានា​នៅក្នុង​ប្រទេស​ជាច្រើន​នៅ ទ្វីបអាស៊ី បាន​បង្ហាញថា សប្ដាហ៍​ដែលមាន​ថ្ងៃ​ធ្វើការ​តិចជាង​មុន គឺជា​គោលការណ៍​មួយ​ត្រូវបាន​និយោជិត​គាំទ្រ​ច្រើន​បំផុត។

Persol Holdings ក្រុមហ៊ុន​ខ្នាត​យក្ស​ក្នុង​វិស័យ​ធនធានមនុស្ស​នៅ ជប៉ុន ថ្មីៗនេះ​បានធ្វើ​ការស្ទង់មតិ​លើ​បុគ្គលិក និយោជិត​ជាង ១,០០០ នាក់ ទាក់ទង​នឹង​គោលការណ៍​ដែល​ពួកគេ​ចង់ឱ្យ​ក្រុមហ៊ុន​អនុវត្ត។ បុគ្គលិក ២៣.៥% ដែលជា​អត្រា​ខ្ពស់​ជាងគេ គាំទ្រ​ឱ្យមាន​ថ្ងៃ​ធ្វើការ​ពី ៣ ទៅ ៤ ថ្ងៃ ក្នុង ១ សប្ដាហ៍។

ចំណែក ប្រទេស​ចិន វិញ ក្រសួង​ធនធានមនុស្ស បាន​និយាយថា «ពុំមាន​មូលដ្ឋាន​ជាក់ស្ដែង​ណាមួយ​ដើម្បី​អាច​កាត់បន្ថយ​ថ្ងៃ​ធ្វើការ​បន្ថែម​ទៀតឡើយ ព្រោះ​ប្រការនេះ​នឹង​ជា​អ​ម្រែ​ក​ហិរញ្ញវត្ថុ​ធ្ងន់​សម្រាប់​ក្រុមហ៊ុន និយោជក។ អ្នកប្រើប្រាស់​កម្លាំង​ពលកម្ម​នឹងត្រូវ​ចំណាយ​បន្ថែម​ពី ១៥០% ដល់ ៣០០% នៃ​ប្រាក់ខែ​គោល សម្រាប់​បុគ្គលិក និយោជិត​ដែល​ធ្វើការ​ថែម​ម៉ោង»៕

Advertisement