ចារកម្ម​អាម៉េរិក បាន​ និង​កំពុង​ជួយ អ៊ុយ​ក្រែ​ន កម្ចាត់​មេបញ្ជាការ​កងទ័ព​រប​ស់ រុស្ស៊ី

រថក្រោះ​របស់ រុស្ស៊ី ជាប់​ក្នុង​ភក់ នៅ​ អ៊ុយក្រែន

សហរដ្ឋ​អាម៉េរិក ផ្ដល់ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ដើម្បី​ជួយ​ឱ្យ​កងទ័ព​របស់ អ៊ុយ​ក្រែ​ន កំណត់​គោលដៅ​លើ​មេបញ្ជាការ​ជាច្រើនរូប​របស់ កងទ័ព​រុស្ស៊ី នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​នៅ វ៉ា​ស៊ី​ង​តោន។

ក្រុមមន្ត្រី​ជាន់ខ្ពស់​អាម៉េរិក សុំ​មិន​បញ្ចេញ​ឈ្មោះ កាលពី​ថ្ងៃទី ៤ ឧសភា បាន​ប្រាប់​សារព័ត៌មាន NY Times ថា ការកំណត់​គោលដៅ​គឺជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​យ៉ាង​សម្ងាត់​នៃ​រដ្ឋាភិបាល​រប​ស់លោក ចូ បៃ​ដិ​ន ដើម្បី​ផ្ដល់ព័ត៌មាន​ចារកម្ម​ទាន់​ហេតុការណ៍ ឱ្យ អ៊ុយ​ក្រែ​ន។

ចារកម្ម​អាម៉េរិក មិន​ត្រឹមតែ​ផ្ដល់ព័ត៌មាន​ស្ដីពី​ទីតាំង​របស់​មេបញ្ជាការ​នានា​នោះទេ ប៉ុន្តែ​ក៏​អាចសន្និដ្ឋាន​បាន​អំពី​ការ​ចល័ត​ទ័ព​របស់ រុស្ស៊ី ផងដែរ ដោយយោង​ទៅលើ​ការវាយតម្លៃ​ចុងក្រោយ​ទាក់ទិន​នឹង​ផែនការ​ប្រយុទ្ធ​របស់ ទីក្រុង​មូ​ស្គូ នៅ Donbass ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន។

ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន និយាយថា កងទ័ព​របស់​ប្រទេស​នេះ​បាន​កម្ចាត់​ឧ​ត្ត​ម​សេនីយ៍​យោធា​រុស្ស៊ី ១២ នាក់​រួចមកហើយ ចាប់តាំងពី មូ​ស្គូ បាន​បើក​ការឈ្លានពាន​កាលពី​ចុងខែ​កុម្ភៈ។

ឧ​ត្ត​ម​សេនីយ៍ Vladimir Frolov ស្លាប់​នៅ​ អ៊ុយក្រែន កាលពី​ខែ​មីនា

វិមាន​ក្រឹម​ឡាំង មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​ទៅនឹង​ការលើកឡើង​ខាងលើ ប៉ុន្តែ លោក Alexander Beglov  អភិបាលក្រុង Saint Petersburg បាន​ទទួលស្គាល់ថា ឧ​ត្ត​ម​សេនីយ៍ Vladimir Frolov មេបញ្ជាការរង​នៃ​កងពល​លេខ ៨ របស់ រុស្ស៊ី បាន​បាត់​បង់ជីវិត​នៅក្នុង​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។

ចារកម្ម​អាម៉េរិក ផ្ដោតលើ​ការផ្ដល់​ព័ត៌មាន​ស្ដីពី​ទីតាំង និង​ព័ត៌មាន​លម្អិត​ផ្សេងទៀត​ទាក់ទង​នឹង​បញ្ជាការដ្ឋាន​កងទ័ពរ​បស់ រុស្ស៊ី។ ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន ប្រើប្រាស់​ទិន្នន័យ​របស់​ចារកម្ម​អាម៉េរិក បូក​នឹង​ទិន្នន័យ​ដែល​ពួកគេ​ប្រមូលបាន​ដោយផ្ទាល់​ខ្លួន ដើម្បី​កងទ័ព​អាច​បើក​ការវាយប្រហារ​ទៅលើ​មន្ត្រី​យោធា​ជាន់ខ្ពស់​ទាំងឡាយ​របស់ រុស្ស៊ី នេះ​បើតាម​ប្រភពព័ត៌មាន​ពី សហរដ្ឋ​អាម៉េរិក។

អាម៉េរិក មិន​ផ្ដល់ព័ត៌មាន​ចារកម្ម​ស្ដីពី​ក្រុម​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​របស់ រុស្ស៊ី ឱ្យ អ៊ុយ​ក្រែ​ន ឡើយ ព្រោះ​មិន​ចង់​បង្ក​ភាព​តានតឹង​បន្ថែម​ជាមួយ ទីក្រុង​មូ​ស្គូ។

ក្រៅពី សហរដ្ឋ​អាម៉េរិក ទីក្រុង​កៀវ ក៏​ទទួលបាន​ព័ត៌មាន​ចារកម្ម​ស្ដីពី​ក្រុមមន្ត្រី​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន ផងដែរ នោះ​គឺ ណា​តូ (NATO)។

Advertisement