(វីដេអូ)-យន្តហោះ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ហោះហើរ​សាកល្បង​លើក​ទី ៥

(សហរដ្ឋ​អាម៉េរិក)-យន្តហោះ​របស់ Stratolaunch បន្តធ្វើ​ការហោះហើរ​សាក​ល្បង​លើក​ទី ៥ មុនពេល​ដឹក​យាន​ល្បឿន​លឿន​ជាង​សំឡេង​ច្រើនដង នៅ​ចុង​ឆ្នាំក្រោយ។

Roc ដែល​ផលិត​ដោយ​ក្រុមហ៊ុន Stratolaunch គឺជា​យន្តហោះ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​ស្លាប​ប្រវែង ១១៧ ម៉ែត្រ។ យន្តហោះ​មាន​ទម្ងន់​ប្រហែល ២២៧,០០០ គីឡូក្រាម​នេះ ត្រូវបាន​ផលិតឡើង​ដើម្បី​ដឹក​យាន​ដែល​អាច​ហោះហើរ​លឿន​ជាង​ល្បឿន​សំឡេង​ច្រើនដង ទៅកាន់​អាកាស។ កាលពី​ថ្ងៃទី ៤ ឧសភា Roc បាន​ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ​ជា​លើក​ទី ៥ បន្ទាប់ពី​ជើងហោះហើរ​សាកល្បង​លើកចុងក្រោយ​កាលពី​ខែកុម្ភៈ។ ជើងហោះហើរ​សាកល្បង​ទាំងនេះ​នឹង​ជួយ​ឱ្យ Roc ត្រៀមខ្លួន​រួចរាល់​សម្រាប់​បំពេញបេសកកម្ម។

Stratolaunch ឱ្យដឹងថា Roc ហោះ​ឡើង និង​ចុះចត​ជោគជ័យ​នៅឯ​ព្រលានយន្តហោះ និង​អវកាស Mojave ក្នុង​រដ្ឋ Florida ដោយមាន​យន្តហោះ Cessna ៥៥០ Citation Bravo ហោះ​តាម​ពីក្រោយ។ បច្ចុប្បន្ន ក្រុម​អ្នកជំនាញ​របស់​ក្រុមហ៊ុន Stratolaunch កំពុង​មមាញឹក វិភាគ​ទិន្នន័យ​ដែល​បានមកពី​ជើងហោះហើរ​សាកល្បង​នេះ។

ក្រុមហ៊ុន Stratolaunch ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១១ ដោយ Paul Allen សហ​ស្ថាបនិក​របស់ Microsoft ក្នុង​បំណង​អភិវឌ្ឍ​យាន​សម្រាប់​បាញ់​បង្ហោះ​ផ្កាយរណប​ថ្មី។ លោក Paul Allen បានទទួល​មរណភាព​កាលពី​ឆ្នាំ ២០១៨ មុនពេល Roc ហោះហើរ​សាកល្បង​ដំបូង​កាលពី​ឆ្នាំ ២០១៩។ បច្ចុប្បន្ន Stratolaunch កំពុង​ឆ្ពោះទៅរក​ការដឹក​យាន​ដែល​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង ៥ ដង ឬ​កម្រិត Mach ៥ (៦,១៧៤ គីឡូម៉ែត្រ/ម៉ោង)។

ទំហំ​របស់ Roc ធៀប​នឹង​រថយន្ត

កាលពី​ឆ្នាំ ២០២០ Stratolaunch បានចាប់ផ្ដើម​អភិវឌ្ឍ Talon-A ដែលជា​យាន​ល្បឿន​លឿន​ជាង​សំឡេង សម្រាប់​បាញ់​បង្ហោះ​ពី Roc។ Talon-A មាន​ប្រវែង ៨.៥ ម៉ែត្រ និង​ទម្ងន់ ២,៧០០ គីឡូក្រាម អាច​ហោះ​ក្នុង​ល្បឿន​កម្រិត Mach ៦ (៧,៤០៨ គីឡូម៉ែត្រ/ម៉ោង)។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​កំពុង​ត្រៀម​ដើម្បីឱ្យ​យាន​ទាំង ២ នេះ​អាច​ដំណើរការបាន​ពេញលេញ​នៅ​ចុងឆ្នាំ ២០២៣៕

Advertisement