កូរ៉េខាងជើង សាកល្បង​​អាវុធ​​ប្រល័យ​​លោក នៅ​ក្នុង​​ខែ​ឧសភា! ​នេះ​​ជា​ការ​​សង្ស័យ​​របស់​ សហរដ្ឋ​​អាម៉េរិក

មីស៊ីល Hwasong-17 របស់ កូរ៉េខាង​ជើង

ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់ និង​យោធា​អាម៉េរិក អះអាងថា កូរ៉េខាងជើង អាច​នឹងធ្វើ​ការសាកល្បង​អាវុធ​នុយ​ក្លេ​អែរ នៅក្រោម​ដី នៅ​ចុងខែ​ឧសភា ២០២២។

ការវាយតម្លៃ​របស់​ស្ថាប័ន​ចារកម្ម និង​យោធា​អាម៉េរិក បាន​ឈានដល់​ការ​សន្និដ្ឋានថា កូរ៉េខាងជើង កំពុង​ធ្វើ​សកម្មភាព​ត្រៀម​នៅឯ​ទីលាន​សាកល្បង​អាវុធ Punggye-ri ហើយ​អាច​សាកល្បង​នុយ​ក្លេ​អែរ នៅ​ចុងខែ​ឧសភា នេះ​បើតាម​មន្ត្រី ៣ រូប​របស់ សហរដ្ឋ​អាម៉េរិក ដែល​បានឱ្យដឹង​កាលពី​ម្សិលមិញ។

រូបភាព​ពី​ផ្កាយរណប​បង្ហាញថា​មាន​សកម្មភាព​របស់​ម​នុស្ស និង​យានយន្ត​នៅលើ​ទីលាន​សាកល្បង Punggye-ri ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ថា កូរ៉េខាងជើង បាន​ដឹក​ឧបករណ៍​នុយ​ក្លេ​អែរ ចូលទៅក្នុង​ផ្លូវ​ក្រោម​ដី​ហើយ ឬ​នៅ។

បើសិនជា​ករណី​សាកល្បង​នេះ​ត្រូវបាន​ធ្វើឡើង វា​នឹង​ជាការ​សាកល្បង​អាវុធ​នុយ​ក្លេ​អែរ លើក​ទី ៧ របស់ កូរ៉េខាងជើង និង​ជា​ករណី​ដំបូង​ក្នុង​រយៈពេល​ជិត ៥ ឆ្នាំ​មកនេះ។

ទីតាំង​សាកល្បង​អាវុធ​នុយក្លេអែរ របស់ កូរ៉េខាង​ជើង

ភាគី​កូរ៉េខាងជើង មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ ទាក់ទិន​នឹង​ការសង្ស័យ​របស់ ក្រុមមន្ត្រី​អាម៉េរិក។

ប្រធានាធិបតី​អាម៉េរិក លោក ចូរ បៃ​ដិ​ន គ្រោង​នឹងធ្វើ​ទស្ស​និច្ច​នៅ ប្រទេស​ជប៉ុន និង កូរ៉េខាងត្បូង នៅ​ចុងខែ​ឧសភា។ នេះ​មិនមែនជា​លើកដំបូង​ទេ​ដែល​ព័ត៌មាន​ស្ដីពី កូរ៉េខាងជើង ជិត​សាកល្បង​អាវុធ​នុយ​ក្លេ​អែរ ត្រូវបាន​ចុះផ្សាយ​នៅមុន​ដំណើរ​ទស្ស​និច្ច​របស់ ប្រធានាធិបតី​អាម៉េរិក។ កាលពី​ឆ្នាំ ២០១៤ កូរ៉េខាងជើង ធ្លាប់បាន​ត្រៀម​ធ្វើតេស្ត​នុយ​ក្លេ​អែរ នៅពេល​លោក អូ​បា​ម៉ា ធ្វើ​ទស្សនកិច្ច​នៅ កូរ៉េខាងត្បូង។ ឆ្នាំ ២០១៦ កូរ៉េខាងជើង ក៏​ធ្លាប់បាន​សាកល្បង​អាវុធ​នុយ​ក្លេ​អែរ បន្ទាប់ពី​លោក អូ​បា​ម៉ា និង​ក្រុម​មេដឹកនាំ​ពិភពលោក ចាក​ចេញពី ទ្វីបអាស៊ី ក្រោយ​កិច្ចប្រជុំ​កំពូល​មួយ។

មេដឹកនាំ​របស់ កូរ៉េខាងជើង លោក គីម ជុង​អុន ធ្លាប់បាន​និយាយថា មានតែ​កម្លាំង​នៃ​អាវុធ​នុយ​ក្លេ​អែរ ដ៏​ខ្លាំងក្លា​ប៉ុណ្ណោះ ទើប​អាច​ការពារ​ប្រទេសជាតិ​ពី​ការឈ្លានពាន​របស់​សត្រូវ៕

Advertisement