ចំនួន​មនុស្ស​ស្លាប់​ក្នុងករណី​ស្រុត​រលំ​អគារ​នៅ ប្រទេស​ចិន កើន​ដល់​ជាង ៥០ នាក់

ក្រុមមន្ត្រី​ចិន បានបញ្ចប់​ភារកិច្ច​ជួយសង្គ្រោះ និង​បានប្រកាសថា ករណី​ស្លាប់​នៅក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​​មួយ​នៅ​ខេត្ត Huna បាន​កើន​ដល់ ៥៣ នាក់។

«អ្នក​ដែល​ត្រូវ​ជាប់ និង​មិនអាច​ផ្លាស់​ទី​ចេញពី​កន្លែងកើតហេតុ ត្រូវបាន​រកឃើញ​អស់ហើយ។ មនុស្ស ១០ នាក់ ត្រូវបាន​ជួយសង្គ្រោះ និង ៥៣ នាក់ បាន​ស្លាប់» ទូរទស្សន៍​រដ្ឋ​ចិន ផ្សាយ​នា​ថ្ងៃនេះ​ដូច្នេះ។ មួយថ្ងៃ​មុននេះ ចំនួន​មនុស្ស​ដែល​ត្រូវបាន​គេ​បញ្ជា​ក់ថាស្លាប់​គឺ ២៦ នាក់។

អគារកម្ពស់​ ៦ ជាន់ ដែល​រួមមាន​រោងកុន ផ្ទះសំណាក់ ហាង​កាហ្វេ ហាង​ទំនិញ និង​ទី​ស្នាក់នៅ​មួយ​នៅ​ទីក្រុង Changsha ខេត្ត Hunan បាន​រាប​ដល់​ដី នៅក្នុង​ហេតុការណ៍​បាក់​រលំ​កាលពី​ថ្ងៃទី ២៩ មេសា។

កងកម្លាំង​ជួយសង្គ្រោះ​បន្ទាន់​ប្រើប្រាស់​សុនក ម៉ាស៊ីន​រុករក និង​យន្តហោះ​គ្មាន​មនុស្ស​បើក បាន​ប្រឹងប្រែង​ស្វែងរក​ជនរងគ្រោះ​ដែល​នៅមាន​ជីវិត​ក្នុង​រយៈពេល ៦ ថ្ងៃ​កន្លងមកនេះ បន្ទាប់ពី​ហេតុការណ៍​កើតឡើង។

បច្ចុប្បន្ន អាជ្ញាធរ​ក្នុង​តំបន់ កំពុង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ស៊ើបអង្កេត​ឱ្យបាន​ម៉ត់ចត់ ស្វែងរក​មូលហេតុ​ដែល​នាំឱ្យមាន​ហេតុការណ៍​នេះ​កើតឡើង។

Advertisement