នាវា​ទេសចរណ៍​តម្លៃ​រាប់រយ​លាន​ដុល្លារ​របស់ មហាសេដ្ឋី​រុស្ស៊ី ត្រូវបាន​រឹបអូស​ដោយ​ប្រទេស​កោះ​តូច​មួយ​នៅ​កណ្ដាល​សាគរ

នាវាទេសចរណ៍ Amadea

អាជ្ញាធរ​របស់ ប្រទេស​កោះ Fiji ជំនួសមុខ​ឱ្យ សហរដ្ឋ​អាម៉េរិក រឹបអូស​នាវា​ទេសចរណ៍​មួយគ្រឿង តម្លៃ ៣០០ លាន​ដុល្លារ របស់ មហាសេដ្ឋី​រុស្ស៊ី Kerimov នៅក្នុង​កិច្ចប្រឹងប្រែង​ដាក់ទណ្ឌកម្ម​លើ ទីក្រុង​មូ​ស្គូ។

កាលពី​ថ្ងៃទី ៥ ខែ​ឧសភា ឆ្នាំ​ ២០២២ ក្រសួងយុត្តិធម៌​របស់ អាម៉េរិក បានប្រកាសថា អាជ្ញាធរ​នៃ​ប្រទេស Fiji បាន​រឹបអូស​នាវា​ទេសចរណ៍ Amadea ប្រវែង​ជាង ១០០ ម៉ែត្រ របស់ មហាសេដ្ឋី​រុស្ស៊ី Suleyman Kerimov ក្រោម​មូល​ហេតុថា «រំលោភច្បាប់​អាម៉េរិក»។

«ការ​រឹបអូស​នេះ​បង្ហាញ​ប្រាប់​ក្រុម​អ្នក​មាននៅ រុស្ស៊ី ថា ពួកគេ​មិនអាច​លាក់ខ្លួន​បានឡើយ សូម្បីតែ​នៅ​ទីកន្លែង​ឆ្ងាយ​ដាច់ស្រយាល​បំផុត​របស់​ពិភពលោក» អនុរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អាម៉េរិក Lisa Monaco ប្រកាស​ដូច្នេះ។

មហាសេដ្ឋី Kerimov ដែលជា​អ្នកមាន​ជាងគេ​មួយរូប​នៅ ប្រទេស​រុស្ស៊ី រកស៊ី​ក្នុង​វិស័យ​រុករក​រ៉ែ​មាស។ លោក​គឺជា​តំណាងរាស្ត្រ​នៅ​សភា​ជាន់ខ្ពស់ តំណាងឱ្យ​សាធារណរដ្ឋ Dagestan នៃ សហព័ន្ធរុស្ស៊ី និង​ត្រូវបាន​គេ​ដឹងថា មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន។

សារព័ត៌មាន Forbes បាន​គណនា​ឃើញថា លោក Kerimov មានទ្រព្យ ១៣ ពាន់​លាន​ដុល្លារ​អាម៉េរិក។ មហាសេដ្ឋី​រូបនេះ​ត្រូវបាន សហរដ្ឋ​អាម៉េរិក, អង់គ្លេស និង សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម​តាំងពី​ខែមីនា ២០២២ បន្ទាប់ពី រុស្ស៊ី បាន​បើក​ការឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។

Advertisement