ក្រុមប្រឹក្សាសន្តិសុខ នៃ​ ​អង្គ​ការ​សហប្រជាជាតិ​ ចេញប្រកាស​ដំបូង​ស្ដីពី​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

ក្រុមប្រឹក្សាសន្តិសុខ​នៃ អង្គការសហប្រជាជាតិ បាន​សម្ដែង​ការព្រួយបារម្ភ​យ៉ាង​ខ្លាំ​ជា​លើកដំបូង​ចំពោះ​ស្ថានការណ៍​នៅ អ៊ុយ​ក្រែ​ន ប៉ុន្តែ​បាន​ចៀសវាង​ការប្រើ​ពាក្យពេចន៍​រិះគន់​លើ រុស្ស៊ី។

«ក្រុមប្រឹក្សាសន្តិសុខ សម្ដែង​ការព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការរក្សា​សន្តិភាព និង​សន្តិសុខ​របស់ អ៊ុយ​ក្រែ​ន» ប្រកាស​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​ អង្គការ​សហប្រជាជាតិ​ កាលពី​ថ្ងៃទី ៦ ឧសភា មាន​ឃ្លា​លើកឡើង​ដូច្នេះ ។ «ក្រុមប្រឹក្សាសន្តិសុខ​រំលឹក​ឡើងវិញ​ថា យោងតាម​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ ប្រទេស​ជា​សមាជិក​ទាំងអស់ សុទ្ធ​តែមាន​កាតព្វកិច្ច​ដោះស្រាយ​ជម្លោះ​អន្តរជាតិ​ដោយ​សន្តិវិធី»។

នេះ​គឺជា​លើកដំបូង​ហើយ​ដែល ក្រុមប្រឹក្សាសន្តិសុខ នៃ អង្គការសហប្រជាជាតិ​ដែលមាន​សមាជិក​ចំនួន ១៥ ក្នុងនោះ​មាន​សមាជិក​អចិន្ត្រៃយ៍​ចំនួន ៥ គឺ សហរដ្ឋ​អាម៉េរិក រុស្ស៊ី អង់គ្លេស បារាំង និង ចិន ប្រកាស​អំពី​ស្ថានការណ៍​នៅ អ៊ុយ​ក្រែ​ន រាប់​ចាប់តាំងពី មូ​ស្គូ បាន​បើក​យុទ្ធនាការ​យោធា​ពិសេស​កាលពី​ចុងខែ​កុម្ភៈ។

រុស្ស៊ី បាន​ប្រើ​សិទ្ធិ​វេតូ (veto) ដើម្បី​ទប់ស្កាត់ ក្រុមប្រឹក្សាសន្តិសុខ អនុម័ត​ប្រកាស​ស្ដីពី អ៊ុយ​ក្រែ​ន នាពេល​កន្លង។ ដើម្បី​ត្រូវបាន​អនុម័ត សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​នេះ​ត្រូវការ​សំឡេងគាំទ្រ​យ៉ាង ៩ និង​មិន​ត្រូវបាន​ប្រទេស​ណាមួយ​ក្នុងចំណោម​សមាជិក​អចិន្ត្រៃយ៍ ជំទាស់។

Juan Ramon De La Fuente ឯកអគ្គរដ្ឋទូត​រប​ស់ ម៉ិ​ក​ស៊ិ​ក ប្រចាំ​នៅ អង្គការសហប្រជាជាតិ ដែលជា​ប្រទេសមួយ​បាន​ជួយ​ធ្វើ​សេចក្ដីព្រាង​នៃ​សេចក្ដីប្រកាស​ដែល​ត្រូវ​បានអនុម័ត​កាលពី​ថ្ងៃទី ៦ ឧសភា យល់ថា នេះ​គឺជា «ជំហាន​សាមញ្ញ​ដំបូង ប៉ុន្តែ​វា​នឹង​គូសវាស​ផ្លូវ​ដើរ​ត្រឹមត្រូវ» នៅពេល​ត្រូវបាន​សួរថា ហេតុអ្វី ក្រុមប្រឹក្សាសន្តិសុខ​ត្រូវ​ចំណាយពេល​រហូត ២ ខែ ដើម្បី​ធ្វើ​សេចក្ដីព្រាង​នៃ​ប្រកាស​មួយ​នេះ។

Advertisement