ក្រុម​ប្រទេស G៧ សន្យាថា នឹង​ហាមឃាត់​ប្រេង​របស់ រុស្ស៊ី

ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស G៧ កាលពី​ថ្ងៃទី ៩ ឧសភា បាន​សន្យាថា នឹង​ហាមឃាត់​ការ​នាំចូល​ប្រេង ឬ​លុបបំបាត់​ប្រេង​របស់ រុស្ស៊ី ដើម្បី​ដាក់​សម្ពាធ​លើ ទីក្រុង​មូ​ស្គូ ព្រោះតែ​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។

«យើង​សន្យាថា​លុបបំបាត់​ជាបណ្ដើរៗនូវ​ស្ថានភាព​ពឹងផ្អែក​របស់​យើង​ទៅលើ​ថាមពល​របស់ រុស្ស៊ី ក្នុងនោះ​មាន​ទាំង​​ការ​លុប​ចោល ឬ​ហាមឃាត់​ការ​នាំចូល​ប្រេង​របស់ រុស្ស៊ី» ប្រកាស​របស់ G៧ មាន​ឃ្លា​សរសេរ​ដូច្នេះ។ «យើង​ធានាថា​នឹងធ្វើ​ដូច្នេះ​ឱ្យបាន​ទាន់ពេល និង​មាន​សណ្ដាប់ធ្នាប់ ទន្ទឹមនឹងនេះ ក៏​នឹង​ទុក​ពេលវេលា​គ្រប់គ្រាន់​ឱ្យ​ពិភពលោក​ស្វែងរក​ប្រភព​ផ្គត់ផ្គង់​ថ្មី​មក​ជំនួស»។

G៧ ក៏បាន​ឱ្យដឹងថា សមាជិក​ទាំងឡាយ​នឹង​អនុវត្ត​វិធានការ​នានា​ដើម្បី​ហាមឃាត់ ឬ​ទប់ស្កាត់​ការផ្ដល់​សេវាកម្មសំខាន់ៗដែល មូ​ស្គូ ពឹងផ្អែក ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​ដាក់​សេដ្ឋកិច្ច​របស់ រុស្ស៊ី ឱ្យនៅ​ឯកោ។

ជប៉ុន ដែលជា​​ប្រទេស​មិនសូវ​សម្បូរ​ធនធានធម្មជាតិ និង​កំពុង​នាំចូល​ប្រេង​ឆៅ​ពី រុស្ស៊ី កន្លងមកធ្លាប់​​មានការ​រារែក​ក្នុងការ​សម្រេចចិត្ត​លើ​ការហាមឃាត់​ប្រេង​របស់ រុស្ស៊ី។ ក៏​ប៉ុន្តែ ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុម​មេដឹកនាំ G៧ កាលពី​ម្សិលមិញ នាយករដ្ឋមន្ត្រី Fumio Kishida បានប្រកាសថា លោក​នឹង​អនុវត្ត​វិធានការ​ហាមឃាត់​ការ​នាំចូល​ប្រេង​របស់ រុស្ស៊ី។

ការសន្យា​របស់​ក្រុម​ប្រទេស G៧ នឹង​ជាការ «សំពង​ធ្ងន់ធ្ងរ​ទៅលើ​សរសៃឈាម​សំខាន់» របស់ សេដ្ឋកិច្ច​រុស្ស៊ី និង​នាំឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ បាត់បង់​ប្រភព​ផ្គត់ផ្គង់​សំខាន់​សម្រាប់​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន នេះ​បើតាម​សេត​វិមាន។

G៧ (Group of Seven) គឺជា​វេទិកា​នយោបាយ​អន្តរជាតិ​ដែលមាន​ប្រទេស​រីកចម្រើន​ជាងគេ​ចំនួន ៧ ជា​សមាជិក រួមមាន កាណាដា, បារាំង, អាល្លឺម៉ង់, ជប៉ុន, អង់គ្លេស និង សហរដ្ឋ​អាម៉េរិក។ ក្រៅពីនេះ សហភាព​អឺរ៉ុប ក៏​ជា «សមាជិក​មួយ​ដែល​មិន​ត្រូវបាន​រាប់បញ្ចូល»។

Advertisement