នាយករដ្ឋមន្ត្រី​កាណាដា ធ្វើ​ទស្សនកិច្ច ប្រទេស​អ៊ុយ​ក្រែ​ន និង​ប្រកាស​ផ្ដល់​អាវុធ​ថ្មី

នាយករដ្ឋមន្ត្រី​របស់ ប្រទេស​កាណាដា Justin Trudeau កាលពី​ថ្ងៃទី ៨ ឧសភា ឱ្យដឹងថា នឹង​ផ្ដល់ជំនួយ​ជា​អាវុធ និង​យោ​ធូប​ករ​ណ៍​ថ្មី​ដល់ ប្រទេស​អ៊ុយ​ក្រែ​ន ក្រោយ​ដំណើរ​ទស្សនកិច្ចភ្លាមៗរបស់លោក មកកាន់​ប្រទេស​នេះ។

«ថ្ងៃនេះ ខ្ញុំ​ប្រកាស​ផ្ដល់ជំនួយ​យោធា​បន្ថែម កាមេរ៉ា​ហោះ​គ្មាន​មនុស្ស​បើក រូបភាព​ផ្កាយរណប អាវុធ​ខ្នាតតូច គ្រាប់​រំ​សេវា រួម​នឹង​ជំនួយ​ផ្សេងទៀត ក្នុងនោះ​មាន​ទាំង​ជំនួយ​សម្រាប់​សកម្មភាព​រុករក និង​កម្ទេច​គ្រាប់មីន» នៅ អ៊ុយ​ក្រែ​ន ផងដែរ នាយករដ្ឋមន្ត្រី Trudeau ថ្លែង​នៅក្នុង​ស​ន្និ​សិទ្ធ​សារព័ត៌មាន ក្រោយពី​បាន​ជួប​សន្ទនា​ជាមួយ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន នៅ រដ្ឋធានី​កៀវ។

«ហើយ​យើង​កំពុង​លើកឡើង​នូវ​វិធានការ​ដាក់ទណ្ឌកម្ម​ថ្មី​ចំពោះ​បុគ្គល ៤០ រូប និង ៥ អង្គភាព​របស់ រុស្ស៊ី និង​ក្រុម​អ្នកមាន ក៏ដូចជា​សហការី​ជិតស្និទ្ធ​របស់ រដ្ឋាភិបាល​រុស្ស៊ី ក្នុង​វិស័យ​ការពារជាតិ» លោក Trudeau បន្ថែម​ដូច្នេះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​មិន​ឱ្យដឹង​ជាមុន ទៅកាន់ អ៊ុយ​ក្រែ​ន កាលពី​ម្សិលមិញ នាយករដ្ឋមន្ត្រី​កាណាដា បាន​ទៅដល់​ទីរួមស្រុក Irpin ដែល​នៅ​ខាងក្រៅ រដ្ឋធានី​កៀវ។ នេះ​គឺជា​ទីកន្លែង​ដែល​ធ្លាប់មាន​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្លា​រវាង​កងកម្លាំង​របស់ អ៊ុយ​ក្រែ​ន និង​កម្លាំង​របស់ រុស្ស៊ី មុនពេល មូ​ស្គូ សម្រេចចិត្ត​ដកថយ​ដើម្បី​ប្រមូល​កម្លាំង​នៅ​ភាគ​ខាងកើត​កាលពី​ខែមីនា។

នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau ក៏បាន​ប្រកាស​បើក​ឡើងវិញ​ស្ថានទូត​របស់ កាណាដា នៅ អ៊ុយ​ក្រែ​ន ផងដែរ។

ក្នុងដំណើរទស្សនកិច្ចមិនឱ្យដឹងជាមុន ទៅកាន់ អ៊ុយក្រែន កាលពីម្សិលមិញ នាយករដ្ឋមន្ត្រីកាណាដា បានទៅដល់ទីរួមស្រុក Irpin ដែលនៅខាងក្រៅ រដ្ឋធានីកៀវ។

កាណាដា បានរួម​ចំណែក ២៥ លាន​ដុល្លារ ដល់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ អង្គការសហប្រជាជាតិ សម្រាប់​ជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​រក្សា​សន្តិសុខ​ស្បៀង​នៅ អ៊ុយ​ក្រែ​ន។ ទន្ទឹមនឹងនេះ កាណាដា ក៏មាន​គម្រោង​លើកលែង​ពន្ធ​ពាណិជ្ជកម្ម​ចំពោះ​រាល់​ទំនិញ​ដែល កាណាដា នាំចូល​ពី អ៊ុយ​ក្រែ​ន នៅ​ឆ្នាំក្រោយ។

Advertisement