(វីដេអូ)-រុស្ស៊ី កំពុង​ប្រារព្ធ​ព្រឹត្តិការណ៍​ព្យុហយាត្រា​ អបអរខួប​ ៧៧ ឆ្នាំ​នៃ​ទិវា​ជ័យ​ជម្នះ​លើ​សត្រូវ

រុស្ស៊ី ប្រារព្ធ​ពិធី​ព្យុហយាត្រា​អបអរ​ជ័យជម្នះ​​នៅលើ​ទីលាន​ក្រហម ក្នុង រដ្ឋធានី​មូ​ស្គូ គម្រប់​ខួប ៧៧ ឆ្នាំ នៃ​ថ្ងៃ​បញ្ចប់សង្គ្រាម​ការពារជាតិ​ដ៏​មហាអស្ចារ្យ​របស់​ប្រទេស​នេះ។

ក្រុមនីមួយៗនៃ​ក្បួនព្យុហយាត្រា​កំពុង​ស្ថិតនៅលើ​ទីតាំង​ប្រមូល​ផ្ដុំគ្នា​ក្នុង​ទីលាន​ក្រហម ខណៈដែល​កម្លាំង​លប​បាញ់ (sniper force) ក៏ត្រូវ​បានដាក់​ពង្រាយ​នៅតាម​ទីតាំងខ្ពស់ៗដើម្បី​ការពារ​ព្រឹត្តិការណ៍។

ព្រឹត្តិការណ៍​ព្យុហយាត្រា​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ចាប់​ពី​វេលា​ម៉ោង​ ១០ ព្រឹក​ នៅ​ ទីក្រុង​មូស្គូ (ម៉ោង ១៤ នៅ​ ភ្នំពេញ) ដើម្បី​អបអរ ៧៧ ឆ្នាំ​នៃ​ទិវា​ជ័យ​ជម្នះ​​លើ​ ណាស៊ីអាល្លឺម៉ង់។

ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន ឈាន​ជើង​ឡើងលើ​វេទិកា និង​ស្វាគមន៍​ដល់​ក្រុមមន្ត្រី និង​ក្រុម​អតីត​ទាហាន​របស់ រុស្ស៊ី។ លោក​ ពូទីន អាន​សុន្ទរកថា នៅ​មុន​ពិធី​ព្យុហយាត្រា​ចាប់​ផ្ដើម​។ លោក​​លើក​សរសើរ​ចំពោះ​សង្គ្រាម​ការ​ពារ​ជាតិ​ (Great Patriotic War) និង​ការ​បូជា​សាច់​ស្រស់​ ឈាម​ស្រស់​របស់ ​ពលរដ្ឋ​សូវៀត​ ក្នុង​បុព្វហេតុ​​ប្រឆាំង​នឹង​លទ្ធិ​ហ្វាស៊ីនិយម។

ព្រឹត្តិការណ៍​ព្យុហយាត្រា​បាន​បញ្ចប់​ដោយ​ជោគជ័យ​ ក៏ប៉ុន្តែ ក្បួន​របស់​កងទ័ព​អាកាស​របស់​ រុស្ស៊ី ត្រូវ​បាន​លុប​ចោល​ ដោយ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់​នៅ​ឡើយ​។

Advertisement