ប្រធានាធិបតី​អាម៉េរិក ចុះហត្ថលេខា​លើ​ច្បាប់​បង្កើនល្បឿន​ផ្ដល់​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន

ប្រធានាធិបតី ចូ បៃ​ដិ​ន ចុះហត្ថលេខា​លើក​ច្បាប់​ដែល​អនុញ្ញាតឱ្យ​ប្រើប្រាស់​ក​ម្ម​វិធី​ក្នុង​សង្គ្រាមលោកលើកទី ២ ដើម្បី​បង្ក​ភាពងាយស្រួល​សម្រាប់​ការផ្ដល់​ជំនួយ​យោធា​ដល់ អ៊ុយ​ក្រែ​ន។

«ច្បាប់​ឱ្យ​ខ្ចី-ឱ្យ​ជួល (Lend-Lease) ការពារ​ប្រជាធិបតេយ្យ​អ៊ុយ​ក្រែ​ន ២០២២» នេះ ត្រូវបាន​លោក បៃ​ដិ​ន ចុះហត្ថលេខា​អនុម័ត​ចុងក្រោយ​កាលពី​ថ្ងៃទី ៩ ឧសភា។ លោក បៃ​ដិ​ន ក៏​ប្រកាសថា សហរដ្ឋ​អាម៉េរិក គាំទ្រ «ជនជាតិ​អ៊ុយ​ក្រែ​ន ប្រយុទ្ធ​ការពារ​ទឹកដី និង​ប្រជាធិបតេយ្យ» នៅ​ចំពោះមុខ​យុទ្ធនាការ​យោធា​ពិសេស​របស់ រុស្ស៊ី។

លោក បៃ​ដិ​ន ក៏បាន​ឱ្យដឹងថា បាន​ត្រៀម​រួចរាល់​ហើយ​ក្នុងការ​បោះបង់​សំណើ​ជំនួយ​សម្រាប់​កម្មវិធី​ប្រឆាំង​កូ​វីដ-១៩ របស់​រដ្ឋាភិបាល ដែល​ត្រូវ​បានស្នើ​ទន្ទឹមគ្នា​នឹង​កញ្ចប់​ជំនួយ​សម្រាប់ អ៊ុយ​ក្រែ​ន ដើម្បី​ទទួលបាន​កញ្ចប់​ថវិកា ៣៣ ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​ប្រទេសមួយ​ដែល​កំពុង​ហែកហួរ​ដោយ​សង្គ្រាម​ឈ្លានពាន។ លោក បៃ​ដិ​ន បញ្ជាក់ថា មិនអាច​ពន្យារពេល​ទៀតឡើយ​ចំពោះ​កិច្ចប្រឹងប្រែង​នេះ។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី

ច្បាប់ Lend-Lease ដើម្បី​ផ្ដល់ជំនួយ​យោធា​ទ្រង់ទ្រាយ​ធំ និង​រហ័ស ដល់ អ៊ុយ​ក្រែ​ន នេះ ត្រូវបាន​សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​កាលពី​ថ្ងៃទី ២៨ មេសា ២០២២ ក្រោយពី​សភា​ជាន់ខ្ពស់​អាម៉េរិក អនុម័ត​បាន ៣ សប្ដាហ៍។ ច្បាប់​នេះ​នឹង​ពង្រីក​ជំនួយ​ទាក់ទង​នឹង​កាំភ្លើង​ធំ មី​ស៊ី​ល​ការពារ​ដែនអាកាស អាវុធ​ប្រឆាំង​រថក្រោះ និង​សព្វាវុធ​ធុន​ធ្ងន់​ជាច្រើន​ប្រភេទ​របស់​បស្ចិម​លោក សម្រាប់ អ៊ុយ​ក្រែ​ន។ ច្បាប់​នេះ​ត្រូវបាន​ដាក់ឱ្យ​ដាច់ដោយឡែក​ពី​កិច្ចប្រឹងប្រែង​បញ្ជូន​សព្វាវុធ​ពី​ឃ្លាំង​របស់ អាម៉េរិក ឱ្យ អ៊ុយ​ក្រែ​ន ដែល​ត្រូវបាន​ធ្វើឡើង​នាពេល​កន្លង។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី សាទរ​ចំពោះ​ការសម្រេចចិត្ត​របស់ អាម៉េរិក និង​បាន​ហៅ​ការសម្រេចចិត្ត​នេះ​ថា​ជា ជំហាន​ប្រវត្តិសាស្ត្រ។

ចំណែក​ភាគី​ខាង រុស្ស៊ី វិញ មិនទាន់មាន​ប្រតិកម្ម​អ្វី​ឡើយ ប៉ុន្តែ ប្រធានសភា​ឌូ​ម៉ា លោក Vyacheslav Volodin កាលពី​ថ្ងៃទី ២៩ មេសា ធ្លាប់បាន​ព្រមាន​ថា «ជនជាតិ​អ៊ុយ​ក្រែ​ន ច្រើន​ជំនាន់​នាពេល​អនាគត នឹងត្រូវ​សងបំណុល» សម្រាប់​អាវុធ គ្រាប់រំសេវ និង​ស្បៀង​ដែល អាម៉េរិក ផ្ដល់ឱ្យ ដោយសារតែ​ច្បាប់ Lend-Lease របស់ អាម៉េរិក បានកំណត់​លក្ខខណ្ឌ​នៃ​ការ​ប្រគល់​​ទំនិញ​ថា ទីក្រុង​កៀវ ត្រូវ «សង​មកវិញ​នូវ​យោ​ធូប​ករ​ណ៍​ដែល​បាន​ខ្ចី ឬ​បាន​ជួល»៕

Advertisement