លោក បៃ​ដិ​ន បារម្ភ​ថា ប្រធានាធិបតី ពូ​ទីន «មិនមាន​ច្រកចេញ» នៅ អ៊ុយ​ក្រែ​ន

ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន បាន​សម្ដែង​ការព្រួយបារម្ភ ខ្លាច ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មិនមាន​ច្រកចេញ​ក្នុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ហើយ វ៉ា​ស៊ី​ង​តោន កំពុង​ប្រឹងប្រែង​ស្វែងរក​វិធី​ដោះស្រាយ។

«យើង​បាន​ប្រមូល​កម្លាំង​ពិភពលោក​ដើម្បី​ទប់ស្កាត់ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន។ ខ្ញុំ​ជឿថា ពូ​ទីន គិតថា គាត់​អាច​ផ្ដួលរំលំ ណា​តូ និង សហភាព​អឺរ៉ុប។ ប៉ុន្តែ ពេលនេះ គោលដៅ​នោះ​ហាក់​នៅ​សែនឆ្ងាយ» លោក បៃ​ដិ​ន ថ្លែង​ដូច្នេះ​នៅក្នុង​ព្រឹត្តិការណ៍​រៃអង្គាសប្រាក់​សម្រាប់​បក្ស​ប្រជាធិបតេយ្យ នៅ​ជាយក្រុង​វ៉ា​ស៊ី​ង​តោន កាលពី​ថ្ងៃទី ៩ ឧសភា។

យោងតាម​លោក បៃ​ដិ​ន ប្រធានាធិបតី​រុស្ស៊ី ជាម​នុស្ស «មានការ​គិតគូរ​វែង​ឆ្ងាយ» ប៉ុន្តែ បច្ចុប្បន្ន «មិនដឹងថា​ត្រូវធ្វើ​អ្វី​ឱ្យ​ប្រាកដ»។ លោក បៃ​ដិ​ន បារម្ភ​ថា មេដឹកនាំ​របស់ រុស្ស៊ី មិនអាច​រកឃើញ​ច្រកចេញ​ក្នុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

«ខ្ញុំ​កំពុង​ប្រឹងប្រែង​ស្វែងយល់​ឱ្យដឹងថា យើង​នឹងធ្វើ​អ្វី​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ» ប្រធានាធិបតី​អាម៉េរិក និយាយ​ដូច្នេះ។

ប្រធានាធិបតីរុស្ស៊ី លោក ពូ​ទីន

បច្ចុប្បន្ន រុស្ស៊ី មិនទាន់មាន​ការអធិប្បាយ​អ្វី​ដើម្បី​ប្រតិកម្ម​ទៅនឹង​សម្ដី​របស់ ប្រធានាធិបតី​អាម៉េរិក ខាងលើនេះ​នៅឡើយ។

កាលពី​ម្សិល​មិញ ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​ចុះហត្ថលេខា​លើក​ច្បាប់​ដែល​អនុញ្ញាតឱ្យ​ប្រើប្រាស់​ក​ម្ម​វិធី​ក្នុង​សង្គ្រាមលោកលើកទី ២ ដើម្បី​បង្ក​ភាពងាយស្រួល​សម្រាប់​ការផ្ដល់​ជំនួយ​យោធា​ដល់ អ៊ុយ​ក្រែ​ន។ ច្បាប់​នេះ​នឹង​ពង្រីក​ជំនួយ​ទាក់ទង​នឹង​កាំភ្លើង​ធំ មី​ស៊ី​ល​ការពារ​ដែនអាកាស អាវុធ​ប្រឆាំង​រថក្រោះ និង​សព្វាវុធ​ធុន​ធ្ងន់​ជាច្រើន​ប្រភេទ​របស់​បស្ចិម​លោក សម្រាប់ អ៊ុយ​ក្រែ​ន។ ច្បាប់​នេះ​ត្រូវបាន​ដាក់ឱ្យ​ដាច់ដោយឡែក​ពី​កិច្ចប្រឹងប្រែង​បញ្ជូន​សព្វាវុធ​ពី​ឃ្លាំង​របស់ អាម៉េរិក ឱ្យ អ៊ុយ​ក្រែ​ន ដែល​ត្រូវបាន​ធ្វើឡើង​នាពេល​កន្លង។

Advertisement