ក្រឡាប់​រថភ្លើង​នៅ អូទ្រីស! យ៉ាងតិច ១១ នាក់ បាន​ស្លាប់ និង​រងរបួស

មនុស្សម្នា​ក់បាន​ស្លាប់ និង​ប្រហែល ១០ នាក់​ផ្សេងទៀត រងរបួស នៅពេល​រថភ្លើង​ធ្លាក់​ចេញពី​ផ្លូវដែក​កាលពី​ថ្ងៃទី ៩ ឧសភា នៅ Muenchendorf ជាយក្រុង​ភាគខាងត្បូង​នៃ រដ្ឋធានី​វី​យែ​ន របស់ អូទ្រីស។

យោងតាម​ក្រុមមន្ត្រី​ក្នុង​តំបន់ រថភ្លើង​ដែល​ជួប​គ្រោះថ្នាក់​នេះ​កំពុង​ដឹក​អ្នកដំណើរ​ប្រហែល ១០០ នាក់។ ហេតុការណ៍​នេះ​បាន​បណ្ដាលឱ្យ​អ្នកដំណើរ​ម្នាក់​ស្លាប់ ខណៈដែល ៣ នាក់​ទៀត​រងរបួស​ធ្ងន់​ធ្ង​រ និង ៩ នាក់​រងរបួស​ស្រាល។

ទូរថភ្លើង​ចំនួន ២ បាន​ធ្លាក់​ពី​ផ្លូវដែក​នេះ រួមមាន ទូ​ទី ១ ខ្ទាត​ធ្លាក់ចូល​វាល និង​ទូ ១ ទៀត​ខ្ទាត​ទៅលើ​ផ្លូវ​ដែល​អម​សងខាង​ផ្លូវដែក។

បន្ទាប់ពី​ហេតុការណ៍​បាន​កើតឡើង​ភ្លាម ក្រុម​សង្គ្រោះ​ក៏បាន​មកដល់​កន្លែងកើតហេតុ។ បច្ចុប្បន្ន​មិនទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នៅឡើយ ប៉ុន្តែ រថភ្លើង​នេះ​ត្រូវបាន​គេ​ដឹងថា ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ផ្លូវដែក​ឯកជន Raaberbahn។

Advertisement